ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Xavi ក្តៅស្លឹកត្រចៀក​ចំពោះ​ការ​សម្រេចចិត្ត​អាជ្ញាកណ្តាល ក្រោយ​ចាញ់ Inter យប់មិញ

1 ឆ្នាំ មុន

អ៊ី​តា​លី ៖ លោក Xavi គ្រូបង្វឹក​ក្រុម Barcelona បាន​ស្នើ​អាជ្ញាកណ្តាល​ត្រូវ​តែ​ពន្យល់​ពី​ការ​សម្រេចចិត្ត​

អ៊ី​តា​លី ៖ លោក Xavi គ្រូបង្វឹក​ក្រុម Barcelona បាន​ស្នើ​អាជ្ញាកណ្តាល​ត្រូវ​តែ​ពន្យល់​ពី​ការ​សម្រេចចិត្ត​របស់​ពួក​គេ ក្រោយ​ក្រុម​របស់​ខ្លួន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Inter Milan ដោយ​លទ្ធផល ១​ទល​នឹង​០ ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ពានរង្វាន់ UEFA Champions League នៅ​ឯ​កីឡដ្ឋាន San Siro កាលពី​យប់មិញ​។

លោក Slavko Vincic ជនជាតិ​ស្លូ​វ៉ា​គី​អាជ្ញាកណ្តាល​កាត់សេចក្តី​នៅ​ក្នុង​ការ​ប្រកួត​នេះ បាន​សម្រេច​បដិសេធ​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Barca ដែល​ស៊ុត​ដោយ​ខ្សែបម្រើ Pedri ដោយសារ​តែ​បាល់​ប៉ះ​ដៃ​មិត្ត​រួម​ក្រុម​របស់​គេ​គឺ​ខ្សែប្រយុទ្ធ Ansu Fati មុន​ការ​ស៊ុត​បញ្ចូល​ទី ក្រោយ​អាជ្ញាកណ្តាល​បាន​ពិនិត្យ​វី​ដេ​អូ​ជំនួយ (VAR) នៅ​លើ​ទីលាន ដោយ​មិន​ស្នើ​ជំនួយ​ទៅ​កាន់​អ្នកត្រួតពិនិត្យ​នៅ​ក្នុង​បន្ទប់​ឡើយ​។ ខណៈ​ដែល​ខ្សែការពារ Eric Garcia អះអាង​ថា បាល់​ប៉ះ​ដៃ Fati មិន​គួរ​ត្រូវ​ពិន័យ​ឡើយ ដោយសារ​ខ្ទាត​ពី​ដៃ​អ្នកចាំទី Andre Onana ដែល​គូប្រជែង​។

រឿង​នឹក​ស្មាន​មិន​ដល់​មួយទៀត​ក៏​បាន​កើតឡើង បន្ទាប់​ពី​ខ្សែការពារ Denzel Dumfries របស់​ក្រុម​ម្ចាស់ផ្ទះ​បង្កកំហុស​ដៃ​ប៉ះ​បាល់​នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាកណ្តាល​បដិសេធ និង​មិន​ត្រួតពិនិត្យ​ប្រព័ន្ធ VAR ឡើយ​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ លោក Xavi បាន​និយាយ​ថា «​នេះ​ជា​រឿង​អយុត្តិធម៌ ហើយ​យើង​មិន​អាច​បក​ក្រោយ​បាន​ឡើយ​។ អាជ្ញាកណ្តាល​គួរតែ​ត្រូវ​ផ្តល់​ការ​ពន្យល់​។ ច្បាស់​ណាស់​វា​ជា​បាល់​ប៉ះ​ដៃ ខ្ញុំ​ពិតជា​ខឹង​ណាស់​»​។

Barca កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ពូ​ល​C ខណៈ​នៅ​៣​ប្រកួត​ទៀត​ដែល​ត្រូវ​លេង​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​។ Xavi អាយុ​៤២​ឆ្នាំ​បាន​បន្ថែម​ចុង​ក្រោយ​ថា «​ឥឡូវនេះ យើង​មានការ​ប្រកួត​ចុង​ក្រោយ​ចំនួន​៣ យើង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ងាយស្រួល​ទេ​។ Inter មាន ៦​ពិន្ទុ យើង​មាន ៣​ពិន្ទុ ហើយ Bayern មាន ៩​ពិន្ទុ​»៕ (​ដកស្រង់​ចេញពី Daily Mail)

លទ្ធផលការប្រកួតទាំងអស់កាលពីយប់មិញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ