ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រស្មី​វប្បធម៌​ខេត្ត​កែប ទទួល​ជ័យ​លា​ភី​លេខ​១ ក្នុង​មហោស្រព​ល្ខោនបាសាក់​ទូ​ទាំង​ប្រទេស

1 ឆ្នាំ មុន
  • ភ្នំពេញ

មហា​ស្រព​ល្ខោនបាសាក់​ទូ​ទាំង​ប្រទេស បាន​បិទ​បញ្ចប់​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២២ ដោយនៅ​ក្នុង​ម្ចាស់​ជ័យ​លា​ភី​លេខ​១ បាន​ទៅ​លើ​ក្រុម​រស្មី​វប្បធម៌​ខេត្ត​កែប មក​ពី​ខេត្ត​កែប​

រាជធានី​ភ្នំពេញ ៖ មហា​ស្រព​ល្ខោនបាសាក់​ទូ​ទាំង​ប្រទេស បាន​បិទ​បញ្ចប់​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២២ ដោយនៅ​ក្នុង​ម្ចាស់​ជ័យ​លា​ភី​លេខ​១ បាន​ទៅ​លើ​ក្រុម​រស្មី​វប្បធម៌​ខេត្ត​កែប មក​ពី​ខេត្ត​កែប​។

មហោស្រព​ល្ខោនបាសាក់​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០២២ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​វប្បធម៌​សន្តិភាព​» ដែល​មាន​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​៣ និង​ទី​៤ ខែតុលា ឆ្នាំ​២០២២​។ កម្មវិធី​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ថែរក្សា ការពារ និង​លើក​ស្ទួយ​សិល្បៈ ល្ខោនបាសាក់ ដែល​ជា​មរតក​វប្បធម៌​ជាតិ​ដ៏​មាន​តម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​។

ព្រឹ​ត្ត​ការណ៍​នេះ​មាន​វត្តមាន​របស់​ក្រុម​សិល្បករ​ល្ខោនបាសាក់​ជា​ច្រើន ដែល​មក​ពី​បណ្តា​រាជធានី​-​ខេត្ត ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​សមត្ថភាព​របស់​ខ្លួន​លើ​វិធីសាស្ត្រ​នៃ​ការ​ដឹកនាំ​រឿង​, សិល្ប៍​វិធី​នៃ​ការ​តាក់តែង​និពន្ធ និង​សមត្ថភាព​នៃ​ការ​សម្តែង​។ មាន​ល្ខោនបាសាក់ ១០​ក្រុម បាន​ដាក់​ពាក្យ​ប្រកួតប្រជែង និង​មាន​៥​ក្រុម ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ប្រកួត​ផ្តាច់ព្រ័ត្រ​។

រង្វាន់​ជ័យ​លា​ភី សម្រាប់​៥​ក្រុម​ចុង​ក្រោយ​នេះ រួម​មាន ៖ ជ័យ​លា​ភី​លេខ​១ ទទួល​បាន​ពានមាស​១ អម​ដោយ​ទឹកប្រាក់​១០​លាន​រៀល និង​ថវិកា​សប្បុរ​ជន​បន្ថែមចំនួន ៣​លាន​រៀល បាន​ទៅ​លើ​ក្រុម​ឈ្មោះ ក្រុម «​រស្មី​វប្បធម៌​ខេត្ត​កែប​» មក​ពី​ខេត្ត​កែប​។ ជ័យ​លា​ភី​លេខ​២ ទទួល​បាន​ពានប្រាក់​១ អម​ដោយ​ទឹកប្រាក់ ៧​លាន​រៀល និង​ថវិកា​សប្បុរ​ជន​បន្ថែមចំនួន​២​លាន​រៀល បាន​ទៅ​លើ​ក្រុម​ឈ្មោះ «​នាយ​ប៉េងប៉ោះ​» មក​ពី​ខេត្តកំពង់ចាម​។ ជ័យ​លា​ភី​លេខ​៣ ទទួល​បាន​ពានសំរិទ្ធ​១ អម​ដោយ​ទឹកប្រាក់​ចំនួន​៤​លាន​រៀល និង​ថវិកា​សប្បុរ​ជន​ចំនួន​១​លាន​រៀល បាន​ទៅ​លើ​ក្រុម​ឈ្មោះ «​អុល សំអាង​» វង់​ទី​១ មក​ពី​រាជធានី​ភ្នំពេញ​។ ចំណាត់ថ្នាក់​កិត្តិយស ២​ក្រុម ទទួល​បាន​ប្រកាសនីយបត្រ អម​ដោយ​ទឹកប្រាក់​ក្នុង​១​ក្រុម​ទឹកប្រាក់​ចំនួន​៣​លាន​រៀល និង​ថវិកា​សប្បុរ​ជន​ចំនួន​១​លាន​រៀល​។

លោក​ជំទាវ ម៉ិ​ញ កុស​នី ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​មហោស្រព​នេះ បាន​សម្តែង​នូវ​ការ​អប​អរសាទរ​ដ៏​ស្មោះ​ចំពោះ សិល្បករ សិល្ប​ការិនី ល្ខោនបាសាក់​ទាំងអស់ ដែល​ទទួល​បាន​ជ័យ​លា​ភី​នៅ​ក្នុង​មហោស្រព​ល្ខោនបាសាក់​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០២២ នា​ថ្ងៃនេះ​។ លោក​ជំទាវ បាន​លើកទឹកចិត្ត​ដល់​លោក លោកស្រី ជា​សិល្បករ សិល្ប​ការិនី ដែល​មិន​ទទួល​បាន​ពានរង្វាន់ និង​សុំ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត ដើម្បី​រួមចំណែក​លើក​ស្ទួយ​វិស័យ​សិល្បៈ​ទស្សនីយភាព​ឱ្យ​កាន់តែ​រីក​ចម្រើន ប្រកប​ដោយ​និរន្តរភាព​។

លោក​ជំទាវ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បន្ត​ថា «​ដូចដែល​យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា មហោស្រព​ល្ខោនបាសាក់​មិន​គ្រាន់តែ​ជា​វេទិកា​ប្រកួតប្រជែង​យក​ពានរង្វាន់​នោះ​ទេ ប៉ុន្តែ​គឺជា​ទីកន្លែង​ជួបជុំ​សិក្សា​ស្វែង​យល់ វាស់​ស្ទង់​សមត្ថភាព និង​ការ​ចែករំលែក​បទ​ពិសោធន៍ និង​ចំណេះ​ដឹងផង​ដែរ​។ ដូចនេះ គោលដៅ​សំខាន់​នៃ​ការ​រៀបចំ មហោស្រព​ល្ខោនបាសាក់ គឺ​ដើម្បី​ផ្តល់​ឱកាស​ក្នុង​ការ​សិក្សា​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ លើ​ផ្នែក​តាក់តែង​និពន្ធ​រឿង ការ​ដឹកនាំ​តម្លើង​រឿង និង​ការ​សម្តែង​ជាដើម សំដៅ​ពង្រឹងសមត្ថភាព និង​លើកកម្ពស់​វិស័យ​សិល្បៈ​ទស្សនីយភាព​មួយ​នេះ ដើម្បី​ឈាន​ទៅ​ដល់​ការ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ