ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ពង្រីក​ការ​បន្ធូរបន្ថយ​បំណុល​ដល់​ប៉ា​គី​ស្ថាន បន្ទាប់​ពី​ជួប​គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់

1 ឆ្នាំ មុន

ប៉ា​គី​ស្ថាន ៖ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ទីក្រុង​អ៊ី​ស្លា​ម​ម៉ា​បា​ដ (Islamabad) ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​

ប៉ា​គី​ស្ថាន ៖ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ទីក្រុង​អ៊ី​ស្លា​ម​ម៉ា​បា​ដ (Islamabad) ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ពេល​ថ្មី​ៗ​នេះ​បញ្ជាក់​ថា ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ផ្អាក​ការ​ទូទាត់​សេវា​លើ​ប្រាក់​បំណុល​ចំនួន ១៣២​លាន​ដុល្លារ​របស់​ប៉ា​គី​ស្ថាន​។ ខណៈ​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយសារ​គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​។

សេដ្ឋកិច្ច​ប្រទេស​ប៉ា​គី​ស្ថាន​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​តុល្យភាព​នៃ​ការ​ទូទាត់​ប្រាក់ ការ​ពង្រីក​ឱនភាព​គណនី​ជា​ចរន្ត ការ​ធ្លាក់​ចុះ​រូបិយប័ណ្ណ​ដល់​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ រួម​និង​អតិផរណា​រហូត​ដល់ ២៧%​។

គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​បាន​បំផ្លិចបំផ្លាញ​តំបន់​ជា​ច្រើន​របស់​ប៉ា​គី​ស្ថាន​កាលពី​ចុងខែ​សីហា​កន្លង​ទៅ ដោយ​បាន​ឆក​យក​ជីវី​តមនុស្ស​ជាង ១,៥០០​នាក់ និង​បណ្តាល​ឱ្យ​មានការ​ខូចខាត​យ៉ាង​មហាសាល ដែល​គិត​ជា​ទឹកប្រាក់​ជាង ៣០​ពាន់​លាន​ដុល្លារ​។ ដោយ​កត្តា​នេះ​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច​ថា ប៉ា​គី​ស្ថាន​នឹង​មិន​បំពេញ​កាតព្វកិច្ច​ទូទាត់​បំណុល​ដែល​ជំពាក់​សហរដ្ឋអាមេរិក​បាន​ឡើយ​។

លោក Donald Blome ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​ប៉ា​គី​ស្ថាន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​ពង្រីក​ការ​ផ្តល់​ប្រាក់​កម្ចី​ក្រោម​គំនិត​ផ្តួចផ្តើម​នៃ​ការ​ព្យួរ​សេវា​ទូទាត់​បំណុល «G20» ដោយ​លោក​បន្ថែម​ថា «​អាទិភាព​របស់​យើង​គឺ​ប្តូរ​ទិស​ដៅ​ធនធាន​សំខាន់​ៗ ដើម្បី​ជួយ​ប្រទេស​ប៉ា​គី​ស្ថាន​»​។ ហើយ​ការ​បង្វិល​នេះ គឺ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ក្លិប​ប៉ា​រី​ស (Paris Club) កាលពី​ខែមេសា ឆ្នាំ​២០២០ ដើម្បី​គាំទ្រ​ប្រទេស​មាន​ចំណូល​ទាប​ចំនួន​៧៣ អំឡុង​ពេល​វិបត្តិ​កូ​វី​ដ​១៩​។ ហើយ​ក្រោម​នោះ អា​មេ​រិ​កបាន​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ថែម​ពីលើ​បំណុល​ចំនួន ១២៨​លាន​ដុល្លារ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​។

លោក Miftah Ismail រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប៉ា​គី​ស្ថាន​បាន​និយាយ​ថា ប៉ា​គី​ស្ថាន​កំពុង​ស្វែងរក​ការ​បន្ធូរបន្ថយ​បំណុល​ពី​ម្ចាស់បំណុល​ទាំងអស់​ជា​ទ្វេភាគី បន្ទាប់​ពី​ជួប​គ្រោះ​ទឹកជំនន់​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​មិន​បាន​ស្វែងរក​ការ​សង្គ្រោះ​ពី​ធនាគារពាណិជ្ជ ឬ​ម្ចាស់បំណុល Eurobond នោះ​ទេ​។ ហើយ​លោក​បាន​បន្ថែម​ទៀត​ថា មូល​ប​ត្រ​បំណុល​ប្រមាណ ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​ត្រូវ​បង់​ទាន់​ពេលវេលា និង​ពេញ​កំណត់​នៅ​ចុងឆ្នាំ​នេះ​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ