រាជធានីភ្នំពេញ ៖ ក្រោយមានឱកាសសម្ដែងក្នុងខ្សែភាពយន្តបរទេសរឿង «Jailbreak ការពារឧក្រិដ្ឋជន» និងរឿងលំដាប់ហូលីវូដរបស់អ្នកនាងអេនជេលីណាជូលី ក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ!» គេកត់សម្គាល់ថា កីឡាការិនីសម ថារ័ត្ន កាន់តែជោគជ័យក្នុងការសម្ដែង ហើយឃ្លាតឆ្ងាយពីការប្រកួត ។ មកទល់ពេលនេះគេមិនឃើញកីឡាការិនីរូបនេះ មានគម្រោងចេញប្រកួតណាមួយដូចមុននោះទេ ប៉ុន្តែបែរជាបានប្រកាសនឹងមានខ្សែរឿងបន្តបន្ទាប់ដើម្បីបង្ហាញខ្លួនទៅវិញ ។
កីឡាការិនី សម ថារ័ត្ន បានសារភាពថាប្រមាណជា២ឆ្នាំចុងក្រោយនាងទទួលបានឱកាសច្រើនឡើងដើម្បីសម្ដែងភាពយន្ត និងក្លាយជាតារាសម្ដែងដោយសារតែនាងអាចសន្ទនាភាសាអង់គ្លេសបានល្អ និងចេះក្បាច់គុនរស់រវើក ។ នាងថា ឱ្យតែក្រុមផលិតករមានគំនិតផលិតរឿងរបៀបវាយតប់ ឬរឿងហក់លោត គឺនឹកដល់ឈ្មោះរបស់នាងភ្លាម ទើបនាងចេះតែមានការងារមិនសូវលស់ពេលដែលជួយឱ្យអាជីពសម្ដែងភាពយន្តរបស់នាងមិនសូវទំនេរ ។ ខ្សែរឿងដែលនាងបានថតសុទ្ធតែជារឿងធំៗដែលមាន
ការទទួលស្គាល់និងកោតសរសើរទាំងអស់ដូចជារឿង«Jailbreak ការពារឧក្រិដ្ឋជន»និងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»។
នាងក៏ត្រៀមខ្លួនបង្ហាញស្នាដៃក្នុងរឿងធំមួយទៀតគឺរឿង«ឃុនហ្លួងព្រះស្ដេចកន» ដែលត្រៀមនឹងដាក់បញ្ចាំងខាងមុខផងដែរ ។ នាងថាខ្សែរឿងទាំង៣ សុទ្ធតែរឿងដែលជួយឱ្យនាងល្បីឈ្មោះក្នុងពិភពសម្ដែង ហើយក៏ចាត់ទុកថានាងបានក្លាយជានារីម្នាក់ដែលស្រឡាញ់ និងងប់ងុលនឹងការសម្ដែងផងដែរ ទើបនាងទទួលសម្ដែងជាហូរហែ ។
នាងថា ការសម្ដែងមិនមែនជាក្ដីស្រមៃរបស់ខ្លួននោះទេ ប៉ុន្តែដោយសារតែឱកាសហុចឱ្យ ហើយចំណូលដែលទទួលបានពីការសម្ដែងក៏ល្អជាងឡើងប្រកួត ទើបនាងចាប់ផ្ដើមរយាលឆ្ងាយពីការហ្វឹកហាត់ ហើយទទួលយកការសម្ដែងច្រើនជាង ។ នាងសារភាពថា ពិតជាមានគម្រោងថតកុនក្នុងពេលបន្តបន្ទាប់ ប៉ុន្តែសម្រាប់គម្រោងឡើងប្រកួត គឺមិនទាន់មានទេ ដែលនោះមិនមែនជាកំហុសរបស់នាង ។ ហេតុផលសហព័ន្ធល្បុក្កតោ មិនមានការប្រកួតណាមួយ និងដោយសារតែគូប្រកួតក្នុងស្រុកមិនមាននោះផង ទើបការប្រឹងប្រែងហ្វឹកហាត់ដើម្បីឡើងរេញហាក់មិនសូវផ្ដល់ឱកាសឱ្យនាង ។
សម ថារ័ត្ន បន្តថា ស្ទើរជារៀងរាល់ថ្ងៃនាងរវល់នឹងរឿងថតកុនច្រើនជាងខ្វាយខ្វល់នឹងត្រៀមប្រកួត ។ យ៉ាងណាមិញ មិនមានន័យថា នាងត្រូវបោះបង់ការប្រកួតហើយទទួលការសម្ដែងនោះទេ បើមានការប្រកួតធំៗនាងនៅតែទទួល ។
នាងថា ខ្លួនចង់ប្រកួតកីឡាប្រដាល់ដាក់ទ្រុង តែគណៈកម្មការផ្គូផ្គងកីឡាករមិនមានគូប្រកួតសម្រាប់នាង និងមិនមានការផ្គូផ្គងឱ្យនាងឡើងរេញទាល់តែសោះ ទើបនាងសម្រេចចិត្តឈោងចាប់អាជីពថតកុនធ្វើឆ្នាំងបាយជាជំនួស ។
ក្នុងចំណោមកីឡាករ-កីឡាការិនីល្បីឈ្មោះ សម ថារ័ត្ន បានក្លាយជាតារាសិល្បៈតែម្នាក់ ដែលមានឱកាសបានសម្ដែងក្នុងរឿងខ្នាតធំរបស់ផលិតករបរទេស ។ ក្រៅពីមានភាពរស់រវើកដោយសារតែមានជំនាញវាយប្រហារស្រាប់ កីឡាការិនីម្នាក់នោះ ក៏ចេះសម្ដែងទឹកមុខបានល្អ ធ្វើឱ្យម្នាក់ៗកោតសរសើរពីសមត្ថភាពសម្ដែងផងដែរ ទើបផលិតករធំៗចាប់អារម្មណ៍ទាក់ទងឱ្យនាងសម្ដែងមិនសូវខាន ។ នាងអះអាងថា ការសម្ដែងក្នុងរឿងកន្លងមក មិនមែនដោយសារតែខ្សែទុយោ ឬដោយសារតែនាងចេះក្បាច់គុននោះទេ ប៉ុន្តែកត្តាសំខាន់ គឺនាងក៏ចេះសម្ដែងទឹកមុខតាមការតម្រូវរបស់ផលិតករដែលចង់បានដែរ ។ ក្នុងនោះក៏មានការថែទាំរូបរាងមិនឱ្យបែកសាច់ និងមិនកែកុនមុខមាត់ធ្វើឱ្យខុសទម្រង់ដើម ក៏ជាការចង់បានរបស់ផលិតករនោះដែរ ជាពិសេសផលិតករហូលីវូដ និងផលិតករបរទេសដែលត្រូវការតួសម្ដែងជាមុខបែបខ្មែរ។
នាងកោតសរសើរខ្លួនឯងដែលបានក្លាយជាតារាសម្ដែង ជាពិសេសក្នុងពេលដែលនាងមិនធ្លាប់បានទទួលការបង្វឹកទាល់តែសោះ តែអាចសម្ដែងរឿងបាន ដោយសារតែត្រាប់តាមទឹកមុខ និងពាក្យសម្ដីរបស់ផលិតករ និងតួសម្ដែងដែលបង្ហាត់បង្ហាញ ។ នាងនឹងរយាលកាន់តែឆ្ងាយពីការប្រកួត បើទោះជាបានប្រកាសថា មិនឈប់ធ្វើជាកីឡាការិនីផ្នែកល្បុក្កតោជម្រើសជាតិ និងជាគ្រូបង្វឹកក្បាច់គុនម្នាក់ ។ នាងយល់ថា អាជីពថតកុន និងឡើងវាយតប់ទទួលបានចំណូល និងភាពទាក់ទាញខុសគ្នា ប៉ុន្តែមិនមានន័យថាព្រោះតែចង់ល្បីឈ្មោះ និងបានលុយច្រើន ក៏សម្រេចចិត្តបោះបង់អាជីពកីឡានោះទេ នៅតែទទួលជាប្រចាំឱ្យតែក្នុងសហព័ន្ធមានតម្រូវការឱ្យនាងចេញប្រកួតដើម្បីមុខមាត់ប្រទេស និងសហព័ន្ធ ។ នាងថា ខ្លួនជាកីឡាករមួយរូប តែបេះដូងក៏ជាអ្នកសិល្បៈផងដែរ ទើបនាងប្រកាន់ជំហរទទួលសម្ដែងផង និងឡើងប្រកួតផង ប្រសិនបើការរៀបចំទាំងនោះមានតម្រូវការឱ្យនាងចេញប្រកួត ។ ក្នុងនោះនាងក៏អាចផ្ដល់ឱកាសឱ្យអ្នកជំនាន់ក្រោយមួយចំនួនផងដែរ នៅពេលដែលនាងទទួលយកការសម្ដែងញាប់ស្អេក ហើយធ្វើឱ្យសហព័ន្ធសម្លឹងឃើញអ្នកមានសមត្ថភាពឱ្យក្លាយជាកីឡាការិនីជំនួសនាង ៕
ចែករំលែកព័តមាននេះ