ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​គី​ម​ឈី​ធ្ងន់ធ្ងរ​! រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បើក​កញ្ចប់​ថវិកា​ជួយ​អន្តរាគមន៍

1 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ក្រុមហ៊ុន​ផលិត​គី​ម​ឈី (Kimchi) របស់​កូរ៉េ​ខាងត្បូង​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ដោយសារ​

កូរ៉េ​ខាងត្បូង ៖ ក្រុមហ៊ុន​ផលិត​គី​ម​ឈី (Kimchi) របស់​កូរ៉េ​ខាងត្បូង​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ដោយសារ​កង្វះ​ស្ពៃ​សម្រាប់​ធ្វើ​គី​ម​ឈី ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឱ្យ​តម្លៃ​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ រួម​នឹង​ការ​ផ្តល់​តម្លៃ​ទាប​ពី​ប្រទេស​ចិន​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​។

ទាំងនេះ​គឺជា​អារម្មណ៍​នៃ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ជុំវិញ​មុខម្ហូប​មាន​រសជាតិ​ហឹរ ដែល​ប្រជាជន​កូរ៉េ​ជា​ច្រើន​បាន​បរិភោគ​ជា​រៀងរាល់ថ្ងៃ និង​ជា​ម្ហូប​អត្តសញ្ញាណ​ជាតិ​របស់​កូរ៉េ​ខាងត្បូង​ផង​ដែរ​។ កាលពី​ពេល​ថ្មី​ៗ​នេះ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ដាក់​ចេញ​គម្រោង​សាងសង់​កន្លែង​ស្តុក​ស្ពៃ​ដ៏​ធំ​ចំនួន​២ ដែល​ក្នុង​មួយ​កន្លែង​មាន​ទំហំ ៩,៩០០​ម៉ែត្រការ៉េ ដោយ​នឹង​ត្រូវ​សាងសង់​ឡើង​ក្នុងស្រុក Goesan ភាគ​ខាងជើង​ខេត្ត Chungcheong និង​ស្រុក Haenam ភាគ​ខាងត្បូង​ខេត្ត Jeolla ដែល​ទាំង​២​កន្លែង​រួម​បញ្ចូល​គ្នា ស្មើនឹង​ទីលាន​បាល់ទាត់​ចំនួន​៣​ឯណោះ​។

ទីតាំង​ទាំង​២​នេះ នឹង​អាច​ស្តុក​ស្ពៃ​បាន​ប្រមាណ​១​ម៉ឺន​តោន និង​ប្រមូល​ផល​ស្ពៃ​បាន ៥០​តោន​ក្នុង​មួយ​ថ្ងៃ​។ ហើយ​ការ​សាងសង់​ត្រូវ​បាន​រំពឹង​ថា នឹង​ប្រើប្រាស់​ថវិកា​អស់​ប្រមាណ ៥៨​ពាន់​លាន​វ៉ុ​ន ស្មើនឹង​ជាង ៤០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០២៥​។

អ្នក​ផលិត​គី​ម​ឈី​ក្នុងស្រុក​ត្អូញត្អែរ​អំពី​ផល​លំបាក​ក្នុង​ការ​ទិញ​ស្ពៃ​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​ក្នុង​តម្លៃ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​នេះ​។ ប៉ុន្តែ​ការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​ទុក​ផលិតផល និង​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​តម្លៃ​សមរម្យ​គឺ​មិន​អាច​កើតឡើង​ក្នុង​ពេល​ឆាប់​ៗ​បាន​នោះ​ទេ​។

ការ​ប្រែប្រួល​អាកាសធាតុ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​នាំ​មក​នូវ​សីតុណ្ហភាព​ខ្ពស់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​ធ្វើ​ឱ្យ​ដំណាំ​ស្ពៃ​ខូច ជា​ហេតុ​ឈាន​ដល់​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​។ នៅ​ឆ្នាំ​នេះ តម្លៃ​ស្ពៃ​បាន​កើនឡើង​ទ្វេ​ដង​ក្នុង​រយៈពេល​តិច​ជាង​៣​ខែ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កើនឡើង​អតិផរណា​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ២៤​ឆ្នាំ នៅ​ក្នុង​ខែកក្កដា​កន្លង​ទៅ​។

លោក Ahn Ik-jin នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​គី​ម​ឈី Cheongone Organic បាន​និយាយ​ថា «​យើង​ធ្លាប់​ទិញ​ស្ពៃ​ក្នុង​ខែមិថុនា បន្ទាប់​មក​រក្សា​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ក្រោយ នៅ​ពេល​ដែល​តម្លៃ​ស្ពៃ​ឡើង​។ ប៉ុន្តែ​ឆ្នាំ​នេះ យើង​អស់​ស្តុក​ហើយ​។ យើង​ធ្លាប់​ផលិត​គី​ម​ឈី ១៥​តោន​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ឥឡូវ​យើង​ផលិត​បាន​តែ ១០​តោន ឬ​តិច​ជាង​នេះ​។ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​ដំឡើង​ថ្លៃ​គី​ម​ឈី​ចំនួន​ពីរ​ភាគ​បី ដល់​៥​ពាន់​វ៉ុ​ន ដែល​ស្មើនឹង ៣.៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​»​។

ការ​នាំ​ចូល​របស់​ចិន ដែល​ជា​រឿយ​ៗ​មាន​តម្លៃ​ប្រហែល​មួយ​ភាគ​បី​នៃ​គី​ម​ឈី​ផលិត​ក្នុងស្រុក​បាន​កើនឡើង​ក្នុង​រយៈពេល​២​ទស​វត្ស​ចុង​ក្រោយ​នេះ ដែល​ស្មើនឹង ៤០​ភាគរយ​នៃ​ទីផ្សារ​ក្នុងស្រុក សម្រាប់​គី​ម​ឈី​ដែល​ផលិត​ក្នុង​លក្ខខណ្ឌ​ពាណិជ្ជកម្ម​។

រដ្ឋាភិបាល​សង្ឃឹមថា ក​ម្រោ​ង​ការ​ស្តុក​ស្ពៃ​នឹង​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ពង្រឹង​ទីតាំង​ផលិត​គី​ម​ឈី​ក្នុងស្រុក​ទាំងអស់​។ ស្រប​ពេល​ដែល​លោក Lim Jeung-guen អនុប្រធាន​ផ្នែក​ផ្សព្វផ្សាយ​ឧស្សាហ​កម្ម​ម្ហូបអាហារ​របស់​ក្រសួងកសិកម្ម​បាន​មាន​ប្រសាសន៍​ថា ការ​សាងសង់​បន្ថែម​អាច​នឹង​ត្រូវធ្វើ​ឡើង ប្រសិនបើ​ទីតាំង​២​ដំបូង​ដំណើរការ​បាន​ល្អ​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ