ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cantona ៖ Beckham បាន​សាង​កំហុស​ដ៏​ធំ​ជុំវិញ​តួនាទី​ជា​ឯកអគ្គរដ្ឋទូត World Cup 2022

1 ឆ្នាំ មុន

អង់គ្លេស ៖ លោក Eric Cantona បាន​និ​យា​យា​ថា David Beckham បាន​សាង​កំហុស​ដ៏​ធំ​មួយ​ក្នុង​ការ​

អង់គ្លេស ៖ លោក Eric Cantona បាន​និ​យា​យា​ថា David Beckham បាន​សាង​កំហុស​ដ៏​ធំ​មួយ​ក្នុង​ការ​ទទួល​តួនាទី​ជា​ឯកអគ្គរដ្ឋទូត​សម្រាប់​ព្រឹត្តិការណ៍ World Cup នៅ​ប្រទេស​កា​តា នៅ​ចុងឆ្នាំ​នេះ​។

លោក David Beckham អតីត​ខ្សែបម្រើ​ឆ្នើម​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្រុម Manchester United និង Real Madrid ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ដោយ​កាលពី​ខែកុម្ភៈ​កន្លង​ទៅ បុរស​វ័យ​៤៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ប្រកាស​ថា​យល់ព្រម​លើ​កិច្ចព្រមព្រៀង​តម្លៃ ១០​លាន​ផោន ដើម្បី​ក្លាយជា​ឯកអគ្គរដ្ឋទូត​នៃ​ការ​ប្រកួត World Cup 2022 ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ខាង​មុខ​នេះ​។

ដូច​ដឹង​ស្រាប់​ហើយ​ថា កា​តា​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ World Cup 2022 កំពុង​ទទួល​រង​ការ​រិះគន់​ស្ទើរ​គ្រប់​ទិស​ទី​ពី​សំណាក់​មហាជន ស្ថាប័ន និង​បុគ្គល​ល្បីល្បាញ​ជា​ច្រើន​ក្នុង​វិស័យ​បាល់ទាត់​ជុំវិញ​កំណត់​ត្រា​រំលោ.ភ​សិទ្ធិមនុស្ស ច្បាប់​ប្រឆាំង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​យ៉ាង​តឹងរ៉ឹង​បំផុត (LGBT) ជា​ពិសេស​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​កម្មករ​ចំណាកស្រុក ដែល​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​កីឡដ្ឋាន​។

ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ លោក Eric Cantona អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​បារាំង និង​ក្រុម Man United បាន​ជំរុញ Beckham ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​ជាមួយ​គ្នា​គិត​ឡើង​វិញ​នូវ​ជំហរ​របស់​គេ ហើយ​បាន​លើក​ឡើង​ថា Beckham មិនដឹង​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ប្រទេស​កា​តា​នោះ​ទេ​។

នៅ​ពេល​សួរ​ថា តើ​គាត់​នឹង​ទទួលយក​តួនាទី​ស្រ​ដៀង​នឹង Beckham ដែរ​ឬទេ? លោក Cantona អាយុ​៥៦​ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន Athletic ថា «​ខ្ញុំ​នឹង​មិន​ធ្វើ​វា​ទាល់តែ​សោះ​។ ហើយ​ខ្ញុំ​នឹង​ធ្វើ​ពហិការ​ការ​ប្រកួត World Cup 2022​។ យើង​មិន​អាច​ថ្កោលទោស ឬ​ខកចិត្ត​ទេ ប្រសិនបើ​កីឡាករ​មិន​ចង់​ធ្វើ​ពហិការ​ប្រកួត World Cup នៅ​ទីនោះ ព្រោះ​មាន​តែ​ថ្នាក់ដឹកនាំ​កំពូល អ្នកនយោបាយ ប្រធាន​សហព័ន្ធ និង​រដ្ឋមន្ត្រី តែ​ប៉ុណ្ណោះ ដែល​ពួក​គេ​មាន​អំណាច​ក្នុង​ការ​សម្រេចចិត្ត​ធ្វើ​ពហិការ​បាន​»៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ