ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ផ្សារ​ដើម​គ មួយ​ណា​ក៏​ដូច​មួយ​ណា​ដែរ ប្រមូល​តែ​ប្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

សណ្តាប់ធ្នាប់​នៅ​តែ​ជា​បញ្ហា និង​ជា​កង្វល់​របស់​អាជ្ញាធរ​មូលដ្ឋាន ខណៈ​ពេល​ដែល​ប្រធាន​ផ្សារ និង​សន្តិសុខ​ជា​ដៃស្តាំ បាន​យក​ដងផ្លូវ ឬ​ចិញ្ចើម​ផ្លូវ​ដាក់​ឱ្យ​មានការ​លក់ដូរ​យ៉ាង​អានា​ធិ​ប​តេ​យ្យ បង្ក​អោយ​បាត់បង់​

រាជធានី​ភ្នំពេញ ៖ សណ្តាប់ធ្នាប់​នៅ​តែ​ជា​បញ្ហា និង​ជា​កង្វល់​របស់​អាជ្ញាធរ​មូលដ្ឋាន ខណៈ​ពេល​ដែល​ប្រធាន​ផ្សារ និង​សន្តិសុខ​ជា​ដៃស្តាំ បាន​យក​ដងផ្លូវ ឬ​ចិញ្ចើម​ផ្លូវ​ដាក់​ឱ្យ​មានការ​លក់ដូរ​យ៉ាង​អានា​ធិ​ប​តេ​យ្យ បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

ទន្ទឹម​ការ​លក់ដូរ​បែប​នេះ អាជ្ញាធរ និង​សមត្ថកិច្ច​មួយ​ចំនួន ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​វាស់ដី​លក់​យក​ភាគលាភ (​ដើរ​ប្រមូល​លុយ​) ពី​អ្នក​លក់ដូរ​ទាំងនោះ​ផង​ដែរ​។ ជាក់ស្តែង​កំណាត់​ផ្លូវ​លេខ​២៣៥ ខាងកើត​ផ្សារ​ដើម​គ និង​កំណាត់​ផ្លូវ​លេខ​៣៣៦ ខាងជើង​ផ្សារ​ដើម​គ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ត្រូវ​បាន​គេ​ចោទប្រកាន់​ថា គណៈ​ក​ម្មា​ការ​ផ្សារ​ដើម​គ បាន​រៀបចំ​អោយ​អាជីវក​រដាក់​គ្រែ​លក់ដូរ​សាច់​ជ្រូក ត្រី​សាច់ និង​គ្រឿង​សមុទ្រ លើ​ទ្រូងផ្លូវ ឬ​ចិញ្ចើម​ផ្លូវ បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់ និង​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ហើយ គិតតែ​ពី​ប្រមូលប្រាក់​រាប់​លាន​រៀល​ប្រចាំខែ​។

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ ភ្ញាក់​ងារ​កោះសន្តិភាព ក៏​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​ជាក់ស្តែង ហើយ​សង្កេត​ឃើញ​ថា កំណាត់​ផ្លូវ​ទាំងនោះ នៅ​តែ​ជា​កន្លែង​លក់ដូរ ហើយ​ការ​លក់ដូរ ក៏​បាន​ហៀរ​រហូត​ដល់​វិ​ថី​ព្រះ​មុនី​រ៉េ​ត ជា​ហេតុ​បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់ និង​សោ​ភណ្ឌ​ភាព​រាជធានី​យ៉ាង​ខ្លាំង​។ នៅ​ព្រឹក​នោះ គេ​ពុំ​ឃើញ​អាជ្ញាធរ​, គណៈ​ក​ម្មា​ការ​ផ្សារ ឬ​កម្លាំង​សណ្តាប់ធ្នាប់​អើពើ​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​ឡើយ​។ លុះ​ក្រោយមក បន្ទាប់​ពី​ឃើញ​ភ្ញាក់​ងារ​កោះសន្តិភាព​ថតរូប ទើប​ចុះ​ទៅ​រៀបចំ​។

តាម​ប្រធាន​គណៈ​ក​ម្មា​ការ​ផ្សារ​ដើម​គ ដែល​ទើប​តែងតាំង​ឡើង​ថ្មី បានអោយ​ដឹង​ថា កន្លង​មក ផ្សារ​បាន​ចុះ​រៀបចំ​ណ្តា​ប់​ធ្នាប់​ក្នុង​១​ថ្ងៃ​៣​ដង តែ​អាជីវករ​ចល័ត​មួយ​ចំនួន​មិន​ស្តាប់​តាម​ការ​ណែនាំ​ឡើយ​។

គួរ​បញ្ជាក់​ថា កំណាត់​ផ្លូវ​លេខ​២៣៥ ត្រូវ​បាន​ផ្សារ​ដើម​គ បើក​អោយ​អាជីវករ​លក់ដូរ​លើ​ដងផ្លូវ បង្ក​អោយ​ស្ទះចរាចរណ៍​រាល់ថ្ងៃ​។ បន្ទាប់​ពី​កូ​វី​ដ​១៩ បាន​ផ្ទុះ​ឡើង គ្រែ និង​រោង​លក់ដូរ​ទាំងនោះ ត្រូវ​បាន​រដ្ឋបាល​ខណ្ឌទួលគោក ឈួ​ស​ឆាយ​ចោល ព្រមទាំង​បើកផ្លូវ​នោះ​អោយ​ចរាចរណ៍​ឡើង​វិញ ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​អបអរសាទរ​។ លុះ​កូ​វី​ដ​ស្ងប់ ផ្សារ​ក៏​បាន​វាស់​កន្លែង​គិត​តម្លៃ​តាម​ម៉ែត្រ បើក​អោយ​អាជីវករ​លក់​ឡើង​វិញ ប្រមូលប្រាក់​បាន​មិន​តិច​ទេ ដែល​ប្រធាន​ផ្សារ​មួយ​ណា​ក៏​ក្លាយជា​អ្នកមាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ