ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​អារាម​លែង​ជា​កន្លែង​កក់ក្តៅ​របស់​សិស្ស​ក្រីក្រ​មក​ពី​ខេត្ត​ ដើម្បី​រៀន​សូ​ត្រ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វី​ដេ​អូ «​ជីវិត​ក្មេង​វត្ត​» ដែល​និយាយ​ពី​ជីវិត​តស៊ូ​របស់​សម្តេច​ចាក​ចេញពី​ឪពុក​ម្តា​យមក​រក​ការ​សិក្សា​បន្ត​នៅ​ភ្នំពេញ​បាន​រំលេច​ចេញ​នូវ​តួនាទី​ដ៏​សំខាន់​របស់​វត្ត​សម្រាប់​ជួយ​ដល់​សិស្ស​ក្រីក្រ និង​គ្មាន​ទីពឹង​មក​ពី​ខេត្ត​នានា ដើម្បី​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​។​ប៉ុន្តែ​តើ​វត្ត​អារាម​នា​សតវត្សរ៍​ទី​២១​នេះ នៅ​តែ​ជាទី​កន្លែង​ដ៏​កក់ក្តៅ​សម្រាប់​សិស្ស​ក្រីក្រ​ស្នាក់​នៅ ដើម្បី​បន្ត​ការ​សិក្សា​ដែរ​ឬទេ។ ប៉ុន្តែដោយសារតែ​ការ​រីក​ចម្រើន​នៃ​សង្គម​យើង​ជា​លំដាប់ក៏​នាំ​ឱ្យ​វត្ត​អារាម​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ វី​ដេ​អូ «​ជីវិត​ក្មេង​វត្ត​» ដែល​និយាយ​ពី​ជីវិត​តស៊ូ​របស់​សម្តេច​ចាក​ចេញពី​ឪពុក​ម្តា​យមក​រក​ការ​សិក្សា​បន្ត​នៅ​ភ្នំពេញ​បាន​រំលេច​ចេញ​នូវ​តួនាទី​ដ៏​សំខាន់​របស់​វត្ត​សម្រាប់​ជួយ​ដល់​សិស្ស​ក្រីក្រ និង​គ្មាន​ទីពឹង​មក​ពី​ខេត្ត​នានា ដើម្បី​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ​។​ប៉ុន្តែ​តើ​វត្ត​អារាម​នា​សតវត្សរ៍​ទី​២១​នេះ នៅ​តែ​ជាទី​កន្លែង​ដ៏​កក់ក្តៅ​សម្រាប់​សិស្ស​ក្រីក្រ​ស្នាក់​នៅ ដើម្បី​បន្ត​ការ​សិក្សា​ដែរ​ឬទេ។

ប៉ុន្តែដោយសារតែ​ការ​រីក​ចម្រើន​នៃ​សង្គម​យើង​ជា​លំដាប់ក៏​នាំ​ឱ្យ​វត្ត​អារាម​មួយ​ចំនួន ពិសេស​វត្ត​នៅ​ភ្នំពេញហាក់ដូចជា លែង​រក្សា​អត្តញ្ញាណ​របស់​ខ្លួន​សម្រាប់​សិស្ស​និស្សិត​ក្រីក្រ​ស្នាក់​អាស្រ័យ​រៀនសូត្រ​ទៀត​ហើយ​។ចាប់តាំងពី​សម័យ​សង្គមរាស្ត្រនិយម​បន្ត​រហូត​មក​ដល់​ពេល​នៅ​មុន​ឆ្នាំ​២០០០​កូន​កសិករ និង​កូនចៅ​អ្នកមាន​ជីវភាព​ទីទ័ល​ក្រ​ជា​បុរស​ៗ តែងតែ​យក​វត្ត​អារាម​ជា​ទីស្នាក់អាស្រ័យ ដើម្បី​ឡើង​ពី​ស្រុក​កំណើត មក​បន្ត​ការ​សិក្សា​រៀនសូត្រ​នៅ​រាជធានី​ភ្នំពេញ​។​កាល​ណោះ​នៅ​ភ្នំពេញ​ក៏​ដូច​ជា នៅ​តាម​ទីរួមខេត្ត និង​ទីរួមស្រុក​នានា​មិន​ទាន់​មានផ្ទះ​ជួល ឬ​បន្ទប់​ជួល​ដូច​សព្វថ្ងៃ​ឡើយ​។​ដូច្នេះ​ហើយ​កូនប្រុស​ៗ​ដែល​មក​បន្ត​ការ​សិក្សា​រៀនសូត្រ​ត្រូវ​ពឹង​អាស្រ័យ​លើ​វត្ត​អារាម​នេះឯង​។

ចំណែក​កូនស្រី​ៗ​កាលពី​ជំនាន់​មុន​ត្រូវ​រស់នៅ​ជាមួយ​បងប្អូន​សាច់ញាតិ ឬ​ក៏​អ្នកស្រុក​អ្នក​ភូមិ​ដែល​មានផ្ទះ​នៅ​ជិត​សាលារៀន​វិទ្យាល័យ នៅ​ទីរួមស្រុក​នៅ​ទីរួមខេត្ត ឬ​ក៏​ត្រូវ​បន្ត​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​ក្នុង​រាជធានី​ភ្នំពេញ​។

ងាក​មក​មើល​ជីវភាព​របស់​ក្មេង​វត្ត​វិញ​។ ចាប់តាំងពី​ដើមឆ្នាំ​១៩៩០ ទោះបីជា​វត្ត​អារាម នៅ​ភ្នំពេញ​ជា​កន្លែង​ស្នាក់​អាស្រ័យ​សម្រាប់​សិស្ស​និស្សិត​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ក៏​ដោយ ក៏​កាល​ណោះ​មិនមែន​សុទ្ធតែ​អ្នក​ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​ចៅអធិការ និង​សំពះ​សុំ​គណៈកម្មការ​អាច្ចារ្យវត្ត ហើយ​បាន​ស្នាក់​នៅ ដើម្បី​បន្ត​ការ​សិក្សា​រៀនសូត្រ​ឡើយ​។ វត្ត​ខ្លះ​ក៏​តឹង​រឹង ទាល់តែ​មាន​ខ្សែ​មាន​ស្រ​ឡាយ​ជា​ព្រះសង្ឃ ឬ​ក៏​ជា​អ្នក​ស្គាល់គ្នា​នៅ​វត្ត​នោះ​ទើប​អាច​សុំ​ព្រះសង្ឃ​ស្នាក់​នៅ​តាម​កុ​ដ្ឋិ​បាន​។

កាលពីមុន​ឆ្នាំ​២០០០ នៅ​វត្ត​មួយ​ចំនួន​នៅ​ភ្នំពេញ ក៏​កើត​មាន​ករណី​អ្នក​ស្នាក់​នៅ​វត្ត ត្រូវ​ចំណាយ​លុយ​បង់ថ្លៃ​តូប ថ្លៃ​កុ​ដ្ឋិ ដើម្បី​ស្នាក់​នៅ​ដែរ​។ ចាប់តាំងពី​ពេល​នោះ ហើយ​បន្ត​ដល់​សព្វថ្ងៃ ក៏​នៅ​តែ​មាន​ជន​ឆ្លៀតឱកាស​នេះ​នៅ​តាម​វត្ត​ខ្លះ​ដែល​គណៈកម្មការ​វត្ត និង​ព្រះសង្ឃ គ្រប់គ្រង​មិន​ដិត​ដល់​។

ជីវិត​ក្មេង​វត្ត​ពី​សម័យ​មុន និង​សម័យ​ក្រោយ​ៗ​មក ចាប់ពី​ឆ្នាំ​២០០០ ហាក់ដូចជា ខុស​គ្នា ហើយ​លក្ខ​ខណ​នៃ​ការ​រស់នៅ​វត្ត ក៏​មិន​ដូច​គ្នា​ដែរ​។ ពី​ដើម​ក្មេង​វត្ត​ហាក់​ពឹង​អាស្រ័យ​ទាំងស្រុង​នឹង​ព្រះសង្ឃ និង​បាយ​វត្ត​។ ក្មេង​វត្ត​សម័យ​មុន​ក៏​ជួយ​ការងារ​វត្ត​ដូច​ជា បោសសម្អាត​ទីធ្លារ​ក្នុង​វត្ត និង​បម្រើ​ព្រះសង្ឃ​ទឹក​ក្តៅ ទឹក​ត្រជាក់​ជាដើម​។

ប៉ុន្តែ​មក​ដល់​សម័យ​ក្រោយ​ឆ្នាំ​២០០០ និង​បន្ត​ដូច​សព្វថ្ងៃ​មាន​អ្នក​ស្នាក់​នៅ​វត្ត​ខ្លះ​រៀន​ចប់​ហើយ និង​ជិះ​សុទ្ធតែ​ម៉ូតូ​ឡាន​ថែម​ទៀត​ក៏​នៅ​បន្ត​ស្នាក់​នៅ​វត្ត​។​ទុក​វត្ត​ដូច​ផ្ទះសំណាក់ ឬ​ផ្ទះ​ជួល​របស់​ខ្លួន​។​ក្នុង​បន្ទប់ដេក​ដាក់​សុទ្ធតែ​ម៉ាស៊ីនត្រជាក់ ដាំបាយ ធ្វើ​ម្ហូប​ដោយ​ខ្លួនឯង ហើយ​ក៏​មាន​អ្នកខ្លះ​រស់នៅ​វត្ត​របៀប​ដូច​ជា រស់នៅ​ផ្ទះ​ខ្លួនឯង​ដោយ​មិន​ខ្លាច​កោតក្រែង​ព្រះសង្ឃ​ទាល់តែ​សោះ​។មិន​ត្រឹមតែ​ក្មេង​វត្ត​ទេ​នៅ​សម័យនេះ ក៏​មាន​ព្រះសង្ឃ​ខ្លះ​ហាក់ដូចជា ប្រែក្លាយ​ជីវិត​ជា​បុព្វ​ជិត​ទៅ​ជា​ជីវិត​ហ៊ឺហា​មាន​ឡាន​ទំនើប ប្រើ​ទូរស័ព្ទ​សម្ភារៈ​ទំនើប​ផង​ហើយ​សឹង​សុទ្ធតែ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ និង​ត្រូវ​បង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ដូច​ជីវិត​គ្រហស្ថ នៅ​តាម​ផ្ទះ​ជួល​ដែរ​។

ភាគច្រើន​អ្នក​ក្រីក្រ មិន​អាច​ទៅ​សុំ​វត្ត​ស្នាក់​នៅ​រៀនសូត្រ​ដូច​សម័យ​មុន​ៗ​ទៀត​ឡើយ​។ អ្នក​ឡើង​មក​ពី​ខេត្ត​ភាគច្រើន​ពេល​នេះ​បាន​ជួល​បន្ទប់ ឬ​ក៏​ជួល​ផ្ទះ​ស្នាក់​នៅ ដើម្បី​បន្ត​ការ​រៀនសូត្រ នៅ​រាជធានី​ភ្នំពេញ​។ ដូច្នេះ​តាម​វត្ត​អារាម​នានា ពិសេស​វត្ត​នៅ​រាជធានី​ភ្នំពេញ គួរតែ​កុំ​ប្រកាន់​បក្សពួក ហើយ​មានចិត្ត​សន្តោស​ដល់​កូន​កសិករ អ្នក​ក្រីក្រ​ជា​ប្រុស​ៗ​មក​ពី​តាម​បណ្តា​ខេត្ត ដើម្បី​ពួក​គេ​អាច​សុំ​ព្រះសង្ឃ ដើម្បី​ស្នាក់​អាស្រ័យ​ទម្រាំ​រៀន​ចប់​រក​ការងារ​ធ្វើ​។​ចំពោះ​អ្នក​ស្នាក់​នៅ​វត្ត ដែល​រៀន​ចប់ និង​មានការ​ងារ​ធ្វើ​អាច​រក​ចំណូល​ចិញ្ចឹម​ខ្លួន​បាន​ហើយ ពិសេស​អ្នកមាន​ម៉ូតូ មាន​ឡាន​ជិះ​ក៏​ត្រូវ​តែ​ចេញពី​វត្ត​ទៅ​រក​ផ្ទះ​ជួល ឬ​បន្ទប់​ជួល​។

តួនាទី​របស់​វត្ត​ក្នុង​ការ​ជួយ​ដល់​កូន​អ្នក​ក្រីក្រ​មក​ពី​តាម​បណ្តា​ខេត្ត ដើម្បី​ក្រេបជញ្ជក់​ចំណេះ​វិទ្យា​មិន​ត្រូវ​បណ្តោយ​បាត់បង់​ឡើង​។ ពីព្រោះ កូន​អ្នកក្រ​ខ្លះ​គ្មាន​បងប្អូន​នៅ​ភ្នំពេញ ហើយ​គ្មាន​លុយ​ជួល​ផ្ទះ​រស់នៅ​នឹង​មិន​អា​ចរក​កន្លែង​ស្នាក់ ដើម្បី​រៀនសូត្រ​ឡើយ​។
ដូច្នេះ វត្ត​អារាម គឺជា​កន្លែង​ទីពឹង​តែ​មួយ​គត់​ដែល​ពួក​គេ​អាច​ជាទី​ពឹង​ដើម្បី​សុំ​កន្លែង​ស្នាក់ ដើម្បី​បន្ត​រៀនសូត្រ​កសាង​អនាគត​។​ការ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​សិស្ស​ក្រីក្រ​មក​ពី​តាម​បណ្តា​ខេត្ត​ក៏​ធ្វើ​អោយ​ពុទ្ធសាសនិក​កាន់តែ​គោរព និង​ដឹងគុណ​ដល់​ព្រះសង្ឃ និង​វត្ត​អារាម​នានា​។

ដូច្នេះ​វត្ត​អារាម​ទាំងអស់​ពិសេស​វត្ត​អារាម​នៅ​ភ្នំពេញ​មិន​ត្រូវធ្វើ​អោយ​បាត់​អត្តសញ្ញាណ​វត្ត​អារាម​ជា​កន្លែង​ជួយ​ដល់​សិស្ស​និស្សិត​ក្រីក្រ ដើម្បី​រៀនសូត្រ​បាន​ចំណេះដឹង​សម្រាប់​អនាគត​ខ្លួនឯង​ផង គ្រួរ​សារ​ផង និង សង្គម​ជាតិ​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ