ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ចុះ​ចាប់​បារី​ MEVIUS ដកហូត​បាន​៩៥៥​កញ្ចប់​ពី​ផ្សារ​តាកែវ

1 ឆ្នាំ មុន

ខេត្តតាកែវ ៖ មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប​. ដឹកនាំ​ដោយ​លោក ប៊ុ​ន ចំរើន…

ខេត្តតាកែវ ៖ មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប​. ដឹកនាំ​ដោយ​លោក ប៊ុ​ន ចំរើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​ផលិតផល​រំលោភសិទ្ធិ​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន​បារី MEVIUS នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ ។

នៅ​ក្នុង​ប្រតិបត្តិការ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២​នេះ មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​រក​ឃើញ និង​ដកហូត​នូវ​ផលិតផល​បារី​ម៉ាក MEVIUS ចំនួន​ពីរ​កេស​ធំ ស្មើនឹង ៩៥៥ កញ្ចប់ ដែល​បាន​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​តាកែវ និង​នៅ​តាម​ផ្ទះ​លក់ទំនិញ ។

ក្រោយ​ពី​មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ដក​រួច​ហើយ ក៏​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​លើ​ម្ចាស់​ទីតាំង​ដែល​បាន​ដាក់​តាំង​លក់​ផលិតផល​បារី​នេះ ។

សូម​បញ្ជាក់​ថា អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម បាន​ជម្រាប​ជូនដំណឹង​ដល់​ឯកឧត្ដម លោក​ជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក លោកស្រី ជា​ម្ចាស់​ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និង​សាធារណជន នៅ​ទូ​ទាំង ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ជ្រាប​ថា ៖ ក្នុង​រយៈពេល​កន្លង​មកនេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. តែងតែ​ទទួល​បាន​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ នឹង​ផលិតផល​ថ្នាំជក់​(​បារី​)​ក្លែងក្លាយ ក្លែងបន្លំ​ម៉ាក ដែល​ប្រព្រឹត្ត​ដោយ បុគ្គល​មួយ​ចំនួន ដែល​បាន​និង​កំពុង​ធ្វើ​ចរាចរ ចែកចាយ​នៅ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា ។

កាលពី​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ក៏​បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដី​ពី​ការ​ចរាចរ​បារី​ក្លែងក្លាយ ក្លែងបន្លំ​ម៉ាក នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួច​មក​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ