ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិ​ករ​​ម្នាក់ស្លាប់​​ដោយ​ផ្ទុះ​ក្បាលគ្រាប់​​៨០មីល្លីម៉ែត្រ​ពេល​​កាប់ព្រៃ

15 ឆ្នាំ មុន

​ខេត្តបាត់ដំបង​ ៖ ​សមត្ថកិច្ច​​ស្រុកសំឡូត​បានរាយការណ៍​​មកថា ​មាន​បុរស​អាយុ​​៥៥​ឆ្នាំ​​ម្នាក់​​បានស្លាប់​​ដោយសារ​​ត្រូវអម្បែង​ក្បាល​គ្រាប់​​​កាំភ្លើង​​ត្បាល់​​​​ធុន៨០មីល្លីម៉ែត្រ ​​ដែល​​ផ្ទុះ​ឡើង​​​​ក្នុង​គ្រាដែល​​​កសិករ​រូបនោះ​កាប់ព្រៃ​​ចំការ​ហើយ​​ប៉ះចំ​ក្បាល​​គ្រាប់​ កាលពីវេលាម៉ោង​​​១២​និង​​៣០នាទី​​រសៀល​ថ្ងៃទី​​៦ មីនា នៅ​ក្នុង​​ចំការ​​របស់​គាត់​ដែលស្ថិត​ក្នុង​ភូមិ​វាល​​​រលឹម ​ឃុំ​តា​​តោក ​ស្រុក​​សំឡូត ។​

លោក​​អ៊ាម ​សេង​អឿន ​មេបញ្ជា​ការ​​មូល​ដ្ឋាន​​​កង​រាជ​អាវុធ​​ហត្ថ​​​ស្រុក​សំឡូត​​បានប្រាប់​​កោះ​សន្តិភាព​​​តាមទូរស័ព្ទ​​​ថា ជនរងគ្រោះ​​នោះ​ឈ្មោះ​​​អោម ​គឹម ​ភេទ​ប្រុស អាយុ​​៥៥​ឆ្នាំ ​រស់​នៅ​​ភូមិ​​-​ឃុំ​ខាងលើ ។ ជនរងគ្រោះ​​បានស្លាប់​​នៅ​​នឹង​កន្លែង​​កើត​ហេតុ​​​ ក្រោយ​ពី​ត្រូវ​​របួស​​ដោយ​ការ​ផ្ទុះ​​​ក្បាល​​គ្រាប់​​​​ធុន​៨០មីល្លីម៉ែត្រ ​ដែលបាន​ប៉ះទង្គិច​​​​​ជាមួយកាំបិត​​ ខណៈ​ពេលគាត់​​កំពុង​​កាប់ឆ្ការ​ព្រៃ​ ។​

​តាមការ​បំភ្លឺ​​ពីសាក្សី​​នៅ​តំបន់​​នោះ​​​​​ថា​ ​ក្បាល​គ្រាប់កាំភ្លើង​​ត្បាល​ធុន​​​៨០​មីល្លីម៉ែត្រ​​ដែលផ្ទុះ​នោះ ​ត្រូវបាន​​គេ​កែ​ច្នៃ​​​ត​ខ្សែ​​សម្រាប់​ដើ​រទាក់​ កាលពី​​សម័យសង្គ្រាម​​ក្នុង​ទស​វត្ស​​ឆ្នាំ​៨០ ។ ​គ្រាប់នេះ​នៅ​សេសសល់​​​រាយប៉ាយ​​ពេញ​​ព្រៃ​នៅ​​តំបន់នោះ ​​ប៉ុន្តែ​​ភាគច្រើន​​របូត​ខ្សែ​​​ចេញពីក្បាល​​​គ្រាប់​​ លុះ​​ពេល​មាន​​វត្ថុ​​អ្វីមួយ​ទៅប៉ះ​ទង្គិច​​វា​ ទើប​​​អាច​ផ្ទុះបាន ។ ជាក់ស្តែង​​​ដូចជា​​ការ​ស្លាប់​របស់​​កសិករ​​ឈ្មោះ​​អោម គឹម​ គឺ​ដោយសារតែ​​គាត់​កាប់​ព្រៃ​​ចំការ​​ប៉ះចំ​លើ​ក្បាលគ្រាប់​​នោះ ដែល​នៅ​​ក្បែរ​​គល់ឈើ ​​សេស​សល់​ច្រើន​ឆ្នាំ​​​កន្លង​មក​ហើយ ទើបបណ្តាល​​ឱ្យ​ក្បាល​​​គ្រាប់នោះ​​ផ្ទុះ​គ្រោះ​ថ្នាក់​​​តែម្តង ។​

លោកអ៊ាម ​សេង​អឿន ​មេបញ្ជា​ការ​​មូល​ដ្ឋាន​​​​កង​រាជ​អាវុធ​​ហត្ថ​ស្រុក​​សំឡូត​​បាន​បញ្ជាក់​​​​ថា ​បច្ចុប្បន្ន​​នៅតាម​​​តំបន់ព្រៃ​​​ភ្នំ​នានា​​ក្នុង​ស្រុក​​​សំឡូត​​​នៅតែ​​មានគ្រាប់​​មិនទាន់ផ្ទុះ​​គ្រប់​ប្រភេទ​​​​រាយប៉ាយ​​ពេញព្រៃ​​​​នៅឡើយ ​​ដែល​គ្រាប់​​ទាំង​នេះ​គឺសេសសល់​​ពីសម័យ​សង្គ្រាម​​​មក​ ប៉ុន្តែ​មាន​កន្លែង​​ខ្លះ​ក៏ត្រូវបានបោស​សំអាត​​​ដោយអង្គការ​​កំចាត់មី​នកម្ពុជា​​ផងដែរ ៕