ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់បានត្រូវរថយន្តដឹកទឹកកិនស្លាប់កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ មីនា នៅចំណុចមុខរោងចក្រទឹកកក ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ តាមប្រភពពីមន្ត្រីប៉ូលិសចរាចរក្រុងបាននិយាយថា ក្មេងប្រុសរងគ្រោះមានឈ្មោះសេង សុទ្ធ អាយុ៨ឆ្នាំ រស់នៅភូមិស្រែព្រីង ចំណែករថយន្តដឹកទឹកកិនក្មេងនោះម៉ាកទីតានកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 2J-6573 បើកបរដោយឈ្មោះណន សារៀន អាយុ៥០ឆ្នាំ នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ ប៉ូលិសបានដកស្រង់សំដីក្មេងប្រុសដែលរត់លេងជាមួយក្មេងរងគ្រោះថា មុនពេលកើតហេតុពួកខ្លួនបានរត់លេងជាមួយគ្នា ស្របពេលនោះមានរថយន្តដឹកទឹកមកដោយបើកយឺតៗ ហើយពួកខ្លួនក៏នាំគ្នារត់ឡើងតោង។ ខណៈនោះក្មេងប្រុសរងគ្រោះបានរបូតដៃ ហើយធ្លាក់ចូលកង់ក្រោយផ្នែកខាងឆ្វេងនៃរថយន្តបណ្តាលឱ្យកិនស្លាប់តែម្តង ។ ចំណែកអ្នកបើកបរឃើញដូចនោះក៏បើករថយន្តរត់ ប៉ុន្តែប៉ូលិសក្រុងតាមចាប់បាន ដើម្បីដោះស្រាយតាមច្បាប់ ។
ដោយឡែកមានគ្រោះថ្នាក់ចរាចរណ៍មួយផ្សេងទៀតកើតឡើងនៅ វេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១៣ មីនា ដដែល ដោយបុរសម្នាក់ឈ្មោះប៊ុន សុភាស់ ជិះម៉ូតូម៉ាកវីវ៉ា ពាក់ស្លាកលេខភ្នំពេញ 1K-4474 បានទៅបុកស្ត្រីម្នាក់ដែលកំពុងជិះកង់បណ្តាលឱ្យរបួសធ្ងន់ ។ ប៉ូលិសប្រាប់ថា ការបុកនេះនៅចំណុចមុខសាលារៀនញូវតុនធីឡាយ ក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ ស្ត្រីរងគ្រោះគេពុំស្គាល់អត្តសញ្ញាណភ្លាមៗទេ តែដឹងថា នៅភូមិស្មែត ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ប៉ូលិសក្រុងបញ្ជាក់ថា បុរសអ្នកបើកម៉ូតូមានជាតិអាល់កុលច្រើនពេក ទើបបុកគេពីក្រោយបែបនេះ ៕


ចែករំលែកព័តមាននេះ