ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យរាង! ថ្ងៃក្រោយ កុំពូកែលេងគ្រឿងម៉ូតូ ដាក់បំពង់ស៊ីម៉ាំង និងកង់ម៉ូតូខុស​ទ្រង់ទ្រាយដើម!

1 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្តប៉ៃលិន៖ ក្រោយពី​ក្មេងទំនើង ១ក្រុម បាននាំគ្នាពពាក់ពពូន ទៅលេងគ្រឿងម៉ូតូ ដោយដាក់បំពង់ស៊ីម៉ាំងកែច្នៃ និងដូរកង់ម៉ូតូ រួចបើករោទិ៍លាន់ឮសំឡេងកងរំពងពេញភូមិ និងតាមដងផ្លូវជាតិ ផ្លូវលំ…

​ខេត្តប៉ៃលិន៖ ក្រោយពី​ក្មេងទំនើង ១ក្រុម បាននាំគ្នាពពាក់ពពូន ទៅលេងគ្រឿងម៉ូតូ ដោយដាក់បំពង់ស៊ីម៉ាំងកែច្នៃ និងដូរកង់ម៉ូតូ រួចបើករោទិ៍លាន់ឮសំឡេងកងរំពងពេញភូមិ និងតាមដងផ្លូវជាតិ ផ្លូវលំ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅក្នុងភូមិ ទើបនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ មន្រ្តីនគរបាលនៃ​ស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន បានចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ០៤នាក់ យកទៅអប់រំណែនាំ ព្រមទាំងហៅឪពុកម្តាយ ឱ្យធ្វើកិច្ចសន្យា ដើម្បីឱ្យ​រាងចាល។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ក្មេងស្ទាវទាំងនោះ មិនសូវបាននាំគ្នាចូលរៀនសូត្រ ដូចសិស្សដទៃនោះទេ ពោលគឺនាំគ្នាយកម៉ូតូ ដែលឪពុកម្តាយខិតខំប្រឹងប្រែងរកថវិកាទាំង​ត្រដាបត្រដួស សន្សំទិញម៉ូតូ ដើម្បីឱ្យជិះទៅរៀនសូត្រ តែបែរជានាំគ្នា យកម៉ូតូទាំងនោះទៅ​មួលខ្ចៅ ដោះបំពង់ស៊ីម៉ាំងដើមចេញ រួចដាក់បំពង់ស៊ីម៉ាំង ដែលពួកគេ បានទិញពីកន្លែងកែច្នៃ រួចបង្កជាសំឡេងលាន់ខ្លាំងៗ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យបាត់បង់សណ្តាប់​ធ្នាប់​សាធារណ:ថែមទៀតផង។

ប្រភពបន្តទៀតថា មន្រ្តីនគរបាល បាន​រឹតបន្តឹង ដោយណែនាំឪពុកម្តាយឱ្យបន្តអប់រំកូន​របស់ខ្លួន​។ ក្នុងកិច្ចសន្យា សរសេរថា បើសិនជាក្មេងទំនើងទាំងនោះ នៅតែបន្តនាំគ្នា ដាក់បំពង់ស៊ីម៉ាំងកែច្នៃ និងដូរកង់ម៉ូតូខុសលក្ខណៈបច្ចេកទេសទៀត ពោលគឺមិនអោយប្រព្រឹត្តខុសជាលើកទី​២ឡើយ ហើយបើសិនជាឃើញមានឈ្មោះពួកគេម្តងទៀត នឹងរៀចំចាត់ការតាមនីតិវិធីច្បាប់។

ចំណែកឪពុកម្តាយក្មេងទំនើងទាំងអស់ខាងលើ ក៏បានសុំទោសដល់មន្រ្តីនគរបាល និងសាធារណ:ជនជំនួសកូនៗ​របស់ខ្លួន ដែលបង្កភាពគ្មានសណ្តាប់ធ្នាប់ និងជាគំរូមិនល្អដល់ក្មេងដទៃទៀត ដោយសន្យាណែនាំឱ្យពួកគេក្លាយទៅជាមនុស្សល្អ​ក្នុងសង្គម។

មហាជន ក៏បានស្នើដល់ប៉ូលិស និងអាជ្ញាធរសមត្ថកិច្ច ត្រូវតែ​ចាប់ដកហូតបំពង់ស៊ីម៉ាំងកែច្នៃ លឺសំឡេងខ្លាំងៗ និងកង់ម៉ូតូខុសលក្ខណៈដើមទាំងអស់ នៅតាមហាងលក់គ្រឿងម៉ូតូ និងកន្លែងជួសជុលម៉ូតូ។ មូលហេតុ បើមិនមានអ្នកលក់ទេ ក៏មិនមានអ្នកទិញដែរ​។ ដូច្នេះ​ដើម្បីកុំឱ្យចាំបក់ផ្សែងទៀត គឺត្រូវទៅពន្លត់​កន្លែងភ្លើងឆេះ៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ