ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ទី​ហ្វុ​ង Noru កំពុង​វា​.​យ​ប្រហារ​វៀតណាម បណ្តាល​ឱ្យ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​ខ្លាំង

1 ឆ្នាំ មុន

វៀតណាម ៖ ព្យុះ​ទី​ហ្វុ​ង Noru បាន​បោកបក់​ចូល​ឆ្នេរសមុទ្រ​ភាគ​កណ្តាល​របស់​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​

វៀតណាម ៖ ព្យុះ​ទី​ហ្វុ​ង Noru បាន​បោកបក់​ចូល​ឆ្នេរសមុទ្រ​ភាគ​កណ្តាល​របស់​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ២៨ ក​ញ្ញ​នេះ ដោយ​នាំ​មក​នូវ​ភ្លៀង និង​ខ្យល់​ខ្លាំង ខណៈ​មនុស្ស​រាប់​សែន​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ទីជម្រក​សុវត្ថិភាព​។

នៅ​ក្នុង Danang ដែល​ជាទី​ក្រុង​ធំ​បំផុត​ទី ៣​របស់​វៀតណាម អគារ​ខ្ពស់​បាន​អ​ន្រួ​ន​ដោយសារ​ខ្យល់​ដ៏​ខ្លាំង ខណៈ​ដើមឈើ​បាន​ដួល​រលំ និង​ផ្ទះ​រាប់​សិប​ខ្នង​បាន​រហែក​ដំបូល​នៅ​ទូ​ទាំង​តំបន់​ភាគ​កណ្តាល​។ មាន​សេចក្តីរាយការណ៍​ពី​ការ​ដាច់​ចរន្តអគ្គិសនី​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​។

មនុស្ស​ជាង ២០០.០០០​នាក់​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ជ្រកកោន​កន្លែង​មាន​សុវត្ថិភាព​នៅ​ពេល​យប់ ក្រោយ​ពេល​អ្នក​ព្យាករណ៍​បាន​ព្យាករណ៍​ថា​នឹង​មាន​ព្យុះ​ដ៏​ធំ​បំផុត​មួយ​នឹង​វា​.​យ​ប្រហារ​វៀតណាម​។

ល្បឿន​ខ្យល់​យឺត​ជាង​ការ​ទស្សន៍​ទាញ​ដំបូង ប៉ុន្តែ​ការ​ព្យាករណ៍​និយាយ​ថា ភ្លៀង​ខ្លាំង​នឹង​បន្ត​រហូត​ដល់​ពេល​ថ្ងៃ និង​បាន​ព្រមាន​ពី​គ្រោះ​រអិល​បាក់​ដី និង​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​។

ក្រសួងការពារជាតិ​វៀតណាម​បាន​ចល័ត​ទាហាន​ប្រហែល ៤០.០០០​នាក់ និង​សមាជិក​កងជីវពល ២០០.០០០​នាក់ ដែល​មាន​រថ​ពាស​ដែល និង​ទូក ដើម្បី​ត្រៀម​សម្រាប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​។

ព្រ​លាន​យន្តហោះ​វៀតណាម​ស្ទើរតែ​ពាក់កណ្តាល​ត្រូវ​បាន​បិទ​។ សាលារៀន និង​ការិយាល័យ​ទូ​ទាំង​ខេត្ត​ភាគ​កណ្តាល រួម​មាន Danang ត្រូវ​បាន​បិទ ហើយ​ប្រជាជន​បាន​ប្រញាប់ប្រញាល់​ទៅ​ផ្ទះ​របស់​ពួក​គេ​តាំងពី​ថ្ងៃ​អង្គារ​។

ផ្លូវ​ហា​យ​វេ ដែល​ភ្ជាប់​ពី​ទីក្រុង Hanoi ទៅ​កាន់ Ho Chi Minh ក៏​ត្រូវ​បាន​បិទ​ផង​ដែរ​។

សូម​បញ្ជាក់​ថា មុន​ពេល​ធ្វើ​ដំណើរ​មក​ដល់​វៀតណាម ព្យុះ​ទី​ហ្វុ​ង Noru បាន​វា​.​យ​ប្រហារ​ហ្វី​លី​ពី​ន​កាលពីដើម​ស​ប្តា​ហ៍​នេះ​បណ្តាល​ឱ្យ​មនុស្ស​ចំនួន ៦​នាក់​បាត់បង់​ជីវិត​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ