ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​អ្នក​ទទួល​បញ្ចាំ​ម៉ូតូ​៩​នាក់ ក្នុង​នោះ​ស្ត្រី​ម្នាក់​មានកូន​តូច​ឈឺ ខ្លះ​ដេក​នៅផ្ទះ ខ្លះ​នៅ​មន្ទីរពេទ្យ

1 ឆ្នាំ មុន
  • ភ្នំពេញ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ល្ងាច​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន អ្នក​រកស៊ី​ទទួល​បញ្ចាំ​ម៉ូតូ​នៅ​ម្តុំ​ឃ្លាំង​រំសេវ​ចំនួន​៩​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ល្ងាច​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន អ្នក​រកស៊ី​ទទួល​បញ្ចាំ​ម៉ូតូ​នៅ​ម្តុំ​ឃ្លាំង​រំសេវ​ចំនួន​៩​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ទទួលផល​ចោ​.​រកម្ម​» ហើយ​ក្នុង​ចំណោម​ជនជាប់សង្ស័យ​ទាំង​៩​នាក់​នោះ គឺ​មាន​ស្ត្រី​ម្នាក់​កំពុង​បែកបាក់​ប្តី​ប្រពន្ធ ដោយ​បន្សល់​ទុក​កូន​៣​នាក់​ឈឺ ដោយ​ខ្លះ​ដេក​នៅផ្ទះ និង​ខ្លះ​ទៀត​កំពុង​ដេកមន្ទីរ​ពេទ្យ ។

ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ​នោះ រួម​មាន ៖ ១- ឈ្មោះ លី វ៉ា​ន​ឆៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រុញ​ម៉ូតូ​នៅ​ហាង​បញ្ចាំ ពន្លឺ​ខ្សាច់​មាស ។ ២- ឈ្មោះ ធន់ ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​។ ៣- ឈ្មោះ ស៊ុន ហាច ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​ទិញ​-​លក់​ម៉ូតូ​។ ៤- ឈ្មោះ ស៊ឹ​ម សុខា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​។ ៥- ឈ្មោះ ប៉េង ឡេ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​បុគ្គលិក​។ ៦- ឈ្មោះ រឿង សុវណ្ណ​រ៉េ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​អ្នកយាម​ឃ្លាំង​។ ៧- ឈ្មោះ ប៊ុ​ន សុខ​លី​ម ភេទ​ស្រី អាយុ​៤២​ឆ្នាំ អ្នក​បោសសម្អាត និង​មើល​ផ្ទះ​។ ៨- ឈ្មោះ និ​ត នឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​បុគ្គលិក និង​៩- ឈ្មោះ មួ​ង សុ​ណា ហៅ ស្រី​មុំ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​លក់ដូរ​។

សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ កម្លាំង​ខណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ឃ្លាំង និង​កន្លែង​ទទួល​បញ្ចាំ​យានយន្ត​គ្រប់​ប្រភេទ នៅ​ម្តុំ​ឃ្លាំង​រំសេវ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួល​គោ ជា​លទ្ធផល​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ចំនួន​៣០​គ្រឿង​ពី​ផ្ទះ​របស់​ឈ្មោះ មួ​ង សុ​ណា ដែល​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​ទេ​។ ក្នុង​ចំណោម​ម៉ូតូ​ទាំង​៣០​គ្រឿង​នោះ គឺ​មាន​ម៉ូតូ​ឌ្រី​ម​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង ត្រូវ​បាន​គេ​យក​ទៅ​បញ្ចាំ ដែល​ម្ចាស់​ឈ្មោះ ធិ​ន ស្រី​យឿ​ន អាយុ​៤០​ឆ្នាំ ហើយ​ម្ចាស់​បាន​បង់ការ​ប្រាក់​ចំនួន​៧០​ដុល្លារ​អា​មេ​រិ​កមួយ​ខែ​។ ស្រាប់​តែ​នៅ​ថ្ងៃ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​បញ្ចាំ​ទាំង​អស់នោះ ឈ្មោះ ធិ​ន ស្រី​យឿ​ន បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​ថា មាន​គេ​ដាក់​ថ្នាំ​សណ្ដំ​កូនប្រុស​គាត់​ឲ្យ​យក​ម៉ូតូ​នោះ​ទៅ​បញ្ចាំ​ទៅ​វិញ ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ មួ​ង សុ​ណា ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ទទួលផល​ចោ​.​រកម្ម​។

ក្រោយ​ពី​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ មួ​ង សុ​ណា ហៅ​ស្រី​មុំ និង​មនុស្ស​ចំនួន​៨​នាក់​ទៀត សមត្ថកិច្ច​ក៏​បាន​កសាង​​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ស្ថាប័ន​អយ្យកា​របើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ រួច​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​ទោស​លើ​អង្គសេចក្តី ។

ប៉ុន្តែ​អ្វី​ដែល​បន្សល់​ទុក​នៅ​ពីក្រោយ​នៃ​ការ​ឃុំខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់​នោះ មាន​ស្ត្រី​ម្នាក់​ឈ្មោះ មួ​ង សុ​ណា ហៅ​ស្រី​មុំ ស្នាក់​នៅផ្ទះ​លេខ​៤A ស្ថិត​ក្នុងភូមិ​៣ ផ្លូវ​លេខ​១៨៦ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​ស្ត្រី​ដែល​រង​នូវ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ជាងគេ គឺ​កំពុង​ជួប​ការ​បែកបាក់​ប្តី​ប្រពន្ធ និង​ត្រូវ​ទទួល​បន្ទុក​ក្នុង​រង្វង់​គ្រួសារ​មានកូន​តូច​ៗ​ចំនួន​២​នាក់​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដេក​នៅ​មន្ទីរពេទ្យ ដោយ​កូនប្រុស​ឈ្មោះ ហ៊ា​ង រតនៈ អាយុ​៨​ឆ្នាំ មាន​ករ​ខ្ទុះ​នៅ​ក្នុង​ក្បាល​ផ្នែក​ខាង​មុខ ហើយ​ត្រូវការ​វះកាត់​បន្ទាន់ និង​កូនស្រី​តូច​អាយុ​១​ឆ្នាំ មាន​ជំងឺ​គ្រុន​ឈា​.​ម​កំពុង​ព្យាបាល​បន្ទាន់ និង​កូន​ម្នាក់​ទៀត​ត្រូវការ​ថែទាំ​ដោយ​ជីដូន​ចាស់ជរា​។

ករណី​ខាងលើ​នេះ​ដែរ សាច់ញាតិ និង​អ្នក​រស់នៅ​ក្បែរ​ខាង​ជនសង្ស័យ​ស្ត្រី​ឈ្មោះ មួ​ង សុ​ណា ហៅ​ស្រី​មុំ បាន​លើកដៃ​សំពះ​អង្វ​ករ​ដល់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯក​ភាព​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​តុលាការ ជា​ពិសេស​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន មេត្តា​សុំ​ការ​សណ្ដោស​ប្រណី​ដោះ​លែង​ជនសង្ស័យ​ឈ្មោះ មួ​ង សុ​ណា ហៅ​ស្រី​មុំ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​វិញ ដើម្បី​បាន​មើលថែ​ទាំ​កូន​តូច​ៗ ដែល​កំពុង​មាន​ជំងឺ​ត្រូវការ​សង្គ្រោះ​បន្ទាន់ ដោយ​ខ្លះ​ដេក​ផ្ទះ និង​ខ្លះ​ទៀត​ដេក​នៅ​មន្ទីរពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ