រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានអះអាងថា ដោយរងការវាយធ្វើបាបពីឪពុកម្តាយរហូតទ្រាំលែងបានក៏ជិះរថយន្តពីខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ ដែលនាងពុំធ្លាប់ស្គាល់សោះ និងបានមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាកាលពីវេលាម៉ោង៧ និង៥៥នាទីយប់ថ្ងៃទី៩ មីនា តែត្រូវប៉ូលិសអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វាឃាត់ទាន់ ហើយធ្វើការអប់រំ ប្រគល់ទៅឱ្យអង្គការអភិវឌ្ឍន៍ស្ត្រីកម្ពុជា នាំទៅអប់រំផ្លូវចិត្តបន្តទៀតដើម្បីឱ្យចាកផុតពីវិបត្តិដែលធ្វើឱ្យនាងគិតខ្លី ។
ស្ត្រីដែលមានវិបត្តិគិតខ្លីនេះ ត្រូវបានសមត្ថកិច្ចឱ្យដឹងថា ឈ្មោះស៊ុំ ស្រីតូ ហៅហ្សាហ្វីយ៉ា អាយុ២០ឆ្នាំ ជនជាតិអ៊ិស្លាម ជាសិស្សថ្នាក់ទី១១ វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័ន មានទីលំនៅភូមិរកាខ្នុរទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។
តាមសមត្ថកិច្ចអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វាបានឱ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរូបនោះបានធ្វើដំណើរឡើងទៅលើ ស្ពានជ្រោយចង្វាពីទិសខាងលិច ក្នុងគោលបំណងទៅលោតទឹកសម្លាប់ខ្លួន ។ ពេលដែលទៅដល់លើស្ពានបានតោងបង្កាន់ដៃ ហើយយំខ្សឹកខ្សួល តែនាងហាក់ដូចជាពុំដាច់ចិត្តសោះ ។ ដោយមានការសង្ស័យ ប៉ូលិសនៅលើស្ពានក៏បានឃាត់សួរនាំ ហើយត្រូវស្ត្រីរូបនោះរឹតតែយំខ្លាំងឡើងដោយប្រាប់ថា នាងពុំចង់រស់នៅនោះ ទេ ។ ភ្លាមៗសមត្ថកិច្ចយាមស្ពាន បាននាំនាងមកអង្គភាពដែលនៅក្បាលស្ពានដើម្បីសួរនាំ ។
តាមស្ត្រីវ័យក្មេងរូបនោះបានឱ្យដឹងថា នាងពុំចង់រស់នៅនោះទេ ហើយមានបំណងមកលោតទឹកសម្លាប់ខ្លួនដោយសារតែឪពុកម្តាយវាយធ្វើបាប និងចោទថា នាងជាស្រីចង្រៃ ។ ស្ត្រីឈ្មោះស៊ុំ ស្រីតូ បានឱ្យដឹងទៀតថា ដោយសារតែទ្រាំការវាយធ្វើបាបពីសំណាក់ឪពុកម្តាយលែងបាន ទើបនាងសម្រេចចិត្តសម្លាប់ខ្លួនចំនួន២លើកមកហើយ គឺលើកទី១លេបថ្នាំអស់៣០គ្រាប់ សម្លាប់ខ្លួនម្តង និងលើកទី២លេបគ្រាប់ស្លែងម្តងទៀតតែពុំស្លាប់សោះ ។ ទើបនៅថ្ងៃទី៧ មីនា បានជិះរថយន្តពីខេត្តកំពង់ចាមមកភ្នំពេញ ហើយចេះតែដើរ និងដេកតាមបង់លើសួនច្បារគ្មានគោលដៅច្បាស់លាស់ ព្រមទាំងធ្វើដំណើរឡើងលើស្ពានមកលោតទឹកសម្លាប់ខ្លួន តែត្រូវប៉ូលិសជួយឃាត់ទាន់ ។
បន្ទាប់ពីសួរនាំ និងធ្វើការអប់រំរួចមក នៅព្រឹកថ្ងៃទី១០ មីនា សមត្ថកិច្ចប៉ូលិសអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វា ក៏បានប្រគល់ស្ត្រីមានវិបត្តិរូបនេះទៅឱ្យអង្គការអភិវឌ្ឍន៍ស្ត្រីកម្ពុជាដើម្បីធ្វើការអប់រំបន្តទៀត ៕
ចែករំលែកព័តមាននេះ