ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​នាំ​គ្នា​សម្រុក​ទៅ​លេង​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ យ៉ាង​កុះករ​គួរ​ឱ្យ​កត់សម្គាល់

1 ឆ្នាំ មុន
  • ប៉ៃលិន

រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ ជា​ឱកាស​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្ត និង​អ្នក​មក​ពី​តាម​បណ្តា​ខេត្ត​នានា បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​ក្នុង​រមណីយ​ដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ដែល​មាន​ទីតាំង​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២២​នេះ ជា​ឱកាស​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ខេត្ត និង​អ្នក​មក​ពី​តាម​បណ្តា​ខេត្ត​នានា បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ដែល​មាន​ទីតាំង​ចម្ងាយ​ពី​ក្រុងប៉ៃលិន ប្រមាណ​៧​ទៅ​៨​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន យ៉ាងច្រើន​កុះករ​។

ហើយ​អ្វី​ដែល​រមណីយដ្ឋាន​នេះ មានការ​ទាក់ទាញ​ដោយសារ​តែ​មាន​ទឹកធ្លាក់​ច្រើន​ជាន់ មានព្រៃ​ព្រឹក្សា​បញ្ចេញ​ពណ៌​ខៀវខ្ចី ជា​ពិសេស​ដើមឈើ​ធំ​ៗ​បញ្ចេញ​ម្លប់​ត្រជាក់​កាយ អម​ទៅ​ដោយ​ទឹកជ្រោះ​ថ្លាយង់ នៅ​ពេល​ចុះ​ងូត​លេង បំបាត់​អស់​នូវ​ទុក្ខ​កង្វល់ នាំ​មក​នូវ​ផា​សុខភាព និង​អារម្មណ៍​ស្រស់ថ្លា​ថែម​ទៀត​ផង​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកលក់​សំបុត្រ​ម្នាក់ មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា ក្រោយ​ពី​អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រៀបចំ​ចាក់​បេតុង​ក្រាល​លើ​ផ្លូវ​ចូល​ទៅ​លេង​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ប្រវែង​ជាង​២​គីឡូម៉ែត្រ ដែល​កាន់តែ​បង្ក​ភាព​ងា​.​យ​ស្រួល​ក្នុង​ការ​បើកបរ​ម៉ូតូ និង​រថយន្ត​ចេញចូល​ទៅ​មក ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ទាំង​នៅ​ជិត និង​នៅ​ទី​ឆ្ងាយ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្តា​ខេត្ត​នានា ដូច​ជា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តពោធិ៍សាត់ រហូត​ដល់​រាជធានី​ភ្នំពេញ បាន​នាំ​គ្នា រូតរះ​ម្នីម្នា​ធ្វើ​ដំណើរ​បន្តកន្ទុយ​គ្នា ចូល​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ខាងលើ​នេះ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ការ​លក់​សំបុត្រ​ម៉ូតូ​១​គ្រឿង​តម្លៃ​៣០០០​រៀល ថ្លៃ​ផ្ញើ​១០០០​រៀល ចំណែក​រថយន្ត​ធុន​តូច​១​គ្រឿង​តម្លៃ​១០០០០​រៀល ថ្លៃ​ផ្ញើ​៣០០០​រៀល រីឯ​រថយន្ត​ទួ​រី​ស​១​គ្រឿង តម្លៃ​១៥០០០​រៀល​។ ហើយ​ចាប់តាំងពី​ព្រឹក រហូត​ដល់​ពេល​រសៀល គេ​ឃើញ​ម៉ូតូ​រាប់រយ​គ្រឿង និង​រថយន្ត​ភ្ញៀវ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​លេង​រមណីយដ្ឋាន​នេះ តែ​មិន​បង្ក​ឱ្យ​មានការ​ស្ទះផ្លូវ​នោះ​ទេ ព្រោះ​មាន​ក្រុមការងារ​ធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់​ចាប់តាំងពី​ផ្លូវ​ច្រកចូល​រហូត​ដល់​កន្លែង​លេង​កម្សាន្ត​តែ​ម្តង​។

ចំណែក​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​រមណីយដ្ឋាន​ខាងលើ​នេះ​វិញ មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​អ្នកខ្លះ​ធ្វើ​ដំណើរ​ចូល​ទៅ​លេង​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ដោយ​ទិញ​ម្ហូបអាហារ​យក​ទៅ​ហូប​តាម​ខ្យុ​ស រហូត​ដល់​ពេល​ល្ងាច​បន្តិច ទើប​នាំ​គ្នា​ចេញដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ទោះបីជា​យ៉ាងណា គេ​មិន​ទាន់​តួលេខ​នៃ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​លេង​កម្សាន្ត​នៅ​តាម រមណីយដ្ឋាន​នៅឡើយ​ទេ ទាល់តែ​ថ្ងៃ​ចុងបញ្ចប់ ទើប​អាច​ទទួល​របាយការណ៍​ពី​ខាង​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ