ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ប្រជុំ​ផែនការ​សកម្មភាព​សហប្រតិបត្តិការ​អន្តរជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កៅ ខុន​ដា​រ៉ា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​សហប្រតិបត្តិការ​អន្តរជាតិ

រាជធានី​ភ្នំពេញ ៖ លោក កៅ ខុន​ដា​រ៉ា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​ស្តី​ពី​ផែនការ​សកម្មភាព​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។ លោក កៅ ខុន​ដា​រ៉ា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​សហប្រតិបត្តិការ​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ថា  ផែនការ​សកម្មភាព​សហប្រតិបត្តិការ​អន្តរជាតិ​នេះ​រៀបចំ​ឡើង​ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​ផែនការ​ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​និង​ទទួល​បាន​ជោគជ័យ​។

ដោយ​ផ្អែក​លើ​ផែនការ​យុទ្ធនាការ​នេះ ផែនការ​សកម្មភាព​បាន​កំណត់​យក​នូវ​វិធានការ​យុទ្ធសាស្ត្រ​ចំនួន​៣ គោលបំណង​ចំនួន​៤ និង​សកម្មភាព​ចំនួន​១១  ដើម្បី​ឲ្យ​ក្រសួង ស្ថាប័ន អង្គភាព និង​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ជាប់​ព្រំដែន​អនុវត្ត​។ ដោយ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ដៃគូ​ទ្វេរ​ភាគី ពហុភាគី និង​អង្គការ​អន្តរជាតិ​នានា ដើម្បី​ក្តាប់​សភាពការណ៍ និន្នាការ​ខ្សែរយៈ​បែបផែន​សកម្មភាព​សំដៅ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​ទាន់​ពេល​រាល់​ការ​ចរាចរ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​។

បន្ត​ផ្លាស់​ប្តូរ​ព័ត៌មាន​រវាង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​កម្ពុជា ឡាវ ថៃ និង​វៀតណាម អំពី​ច្រក​នៃ​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន ហើយ​ខេត្ត ស្រុក ប៉ុស្តិ៍​ជាប់​ព្រំដែន​ជាមួយ​ឡាវ ថៃ វៀតណាម ត្រូវ​រៀបចំ​កិច្ចប្រជុំ​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន បទ​ពិសោធន៍ និង​ផ្សព្វផ្សាយ​ផែនការ​ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។ បន្ត​ចូលរួម​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​ថ្នាក់​អនុ​តំបន់ តំបន់ និង​អន្តរជាតិ​ដើម្បី​តាមដាន​ការ​វិវត្តន៍​ប្រែប្រួល នៃ​សភាពការណ៍​គ្រឿងញៀន​ក៏​ដូច​ជា​ស្វែងរក​ការ​ជួយ​គាំទ្រ​ដល់​សកម្មភាព​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​កម្ពុជា​។ ស្វែងរក​ការ​ជួយ​គាំទ្រ​សម្ភារ ថវិកា និង​បច្ចេកទេស​ពី​ប្រទេស​វៀតណាម ថៃ និង​អង្គការ​អន្តរជាតិ​នានា​ក្នុង​ការ​កសាង​មជ្ឈមណ្ឌល​ជាតិ​ស្តារ​នីតិសម្បទា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​មជ្ឈមណ្ឌល​បណ្តោះអាសន្ន និង​សកម្មភាព​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​កម្ពុជា ។

លោក កៅ ខុន​ដា​រ៉ា បាន​បញ្ជាក់​ថា  គណៈកម្មការ​ទទួល​បន្ទុក​សហប្រតិបត្តិការ​អន្តរជាតិ​ត្រូវ​មាន​លេខាធិការដ្ឋាន​មួយ​ដើម្បី​សម្របសម្រួល​ទទួល​របាយការណ៍​ប្រចាំ​ថ្ងៃ ស​ប្តា​ហ៍ ខែ និង​ធ្វើការ​បូក​សរុប​វាយតម្លៃ​ផ្តល់​យោបល់ ដើម្បី​តម្រង់​ទិស​ក្នុង​ការ​អនុវត្ត និង​ការ​សរសើរ​ជូន​រង្វាន់​លើកទឹកចិត្ត​។ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ត្រូវ​ចូលរួម និង​សហការ​ជាមួយ​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ជាប់​ព្រំដែន​ដើម្បី​ជា​ជំនួយ​បច្ចេកទេស​ក្នុង​ការ​ធ្វើ​សកម្មភាព​ដូច​បាន​កំណត់​ក្នុង​ផែនការ​នេះ​៕