ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នកមាន​អំណាច​កំពុង​ល្មើសច្បាប់ បោះបង្គោល​ស្មាច់​នៅ​ក្នុង​បឹង​ធម្មជាតិ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បង្គោល​ស្មាច់​ដែល​ត្រូវ​បាន​គេ​បោះ​វាតទី​ចូល​ក្នុង​បឹង​កង្កែប ក្បែរ​ឆ្នេរសមុទ្រ​រាម នៅ​តែ​បន្ត​លប​លួច​បោះ​ចូល​ថែម​ទៀត

ខេត្ត​ព្រះ​សីហ​នុ ៖ បង្គោល​ស្មាច់​ដែល​ត្រូវ​បាន​គេ​បោះ​វាតទី​ចូល​ក្នុង​បឹង​កង្កែប ក្បែរ​ឆ្នេរសមុទ្រ​រាម នៅ​តែ​បន្ត​លប​លួច​បោះ​ចូល​ថែម​ទៀត បន្ទាប់​ពី​ជំនាញ​ជលផល​បាន​ហាមឃាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ក្រុម​ប្រជាពលរដ្ឋ ជា​ច្រើន​គ្រួសារ បាន​សម្តែង​ការ​ខកចិត្ត និង​ហាក់​អស់ជំនឿ ដោយ​សូម​ស្នើ​យ៉ាង​ទទូច​ដល់​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់លើ ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា ចាត់វិធានការ​ណ៍​ជា​បន្ទាន់ លើ​ក្រុម​អ្នកមាន​អំណាច​ដែល​កំពុង​ល្មើសច្បាប់ បោះបង្គោល​ស្មាច់​នៅ​ក្នុង​បឹង​ធម្មជាតិ​(​បឹង​កង្កែប​) មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អ៊ុ​ង​ក្នុង (​ភូមិ​ចម្ការ​ដូង​) ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

បើ​ទោះបីជា​មន្ត្រី​ជំនាញ​ចុះ​ហាមឃាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​យ៉ាងណា​ក៏​ដោយ ដែល​សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​សង្ស័យ​ថា មានការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។ លោក ថា ឡុ​ង ដែល​អះអាង​ថា ជា​ម្ចាស់​ទីតាំង​នេះ​បាន​ឲ្យ​ដឹង​ថា លោក​បោះបង្គោល​ចូល​បឹង​នេះ​មាន​គោលបំណង​ចិញ្ចឹម​ក្រែង​ឈាម​។ មូលហេតុ​ដែល​គាត់​នៅ​តែ​បន្ត​ធ្វើ​ដោយសារ​បង​របស់​គាត់​ឈ្មោះ ភា នៅ​ភ្នំពេញ​ឲ្យ​ធ្វើ​។

គួរ​រំលឹក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កុម្ភៈ ២០១៧ ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ អម​ដោយ​មន្ត្រី​ជំនាញ​ជលផល និង​អាជ្ញាធរ​ផង​ដែរ បាន​ចុះ​ទៅ​ហាមឃាត់ និង​ឲ្យ​ដក​បង្គោល​ស្មាច់ ដែល​បាន​លប​លួច​បោះ​ចូល​ទៅ​ក្នុង​បឹង​កង្កែប ស្ថិត​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ចេញ​វិញ​បន្ទាប់​ពី​បាន​បោះ​រួច​ហើយ​បាន​ចំនួន​១៦០​បង្គោល​។ ហើយ​គ្រាហ៍​នោះ​ក៏​បាន​ឲ្យ​ម្ចាស់​ទីតាំង​នោះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផង​ដែរ​។ លោក ឯម ភា នាយ​សង្កាត់​ជលផល​ព្រៃ​នប់ បាន​ឲ្យ​ដឹង​ពេល​ដែល​លោក​ចុះ​ពិនិត្យ​កិច្ចការ​នេះ​ថា មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​រំលោភ​យក​បឹង​នេះ​បានជា​ដាច់ខាត​។

ប​ង្កោ​ល​ដែល​បាន​បោះ​ចូល​បឹង​នេះ​នឹង​ត្រូវ​ដក​ចេញ​វិញ​ទាំងអស់​។ តែ​យ៉ាងណា​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង លោក ថា ឡុ​ង បាន​បន្ត​លួច​បោះបង្គោល​ចូល​បឹង​នេះ​ដដែល​។ ជាមួយនឹង​បញ្ហា​នេះ​លោក ឯម ភា ផ្នែក​រដ្ឋបាល​ជលផល​ព្រៃ​នប់ ហាក់បីដូចជា​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​បំភ្លឺ​ដោយ​ចោទ​លើ​បញ្ហា​សេវា​ទូរ​ស័​ព្វ និង​ឲ្យ​បន្ត​សួរ​ទៅ​លោក នេន ចំរើន នាយ​ខណ្ឌ​វិញ​។

ចំណែក លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម  វិញ​ក៏​មិន​ទាន់​បកស្រាយ​ជុំវិញ​ការ​ទន្ទ្រាន​ខាងលើ​នេះ​ដែរ​នៅ​ថ្ងៃ​ទី​២៧ កុ​ម្ភះ​នេះ ដោយ​លោក​បាន​ប្រាប់​តាម​ទូរ​ស័​ព្ធ​ថា  លោក​ជាប់​សន្និបាត​នៅ​សៀមរាប​២​ថ្ងៃ ចាំ​លោក​មក​កំពង់សោម​វិញ​ទើប​និយាយ​បាន​។ ករណី​ខាងលើ​នេះ បើ​មិន​មានការ​ទាប់​ស្កាត់​ទេ ផ្ទៃ​បឹង​ធម្មជាតិ  ដែល​សម្បូរ​ទៅ​ដោយ​ព្រៃកោងកាង ខៀវស្រងាត់​មួយ​នេះ  ច្បាស់​ជា​រួម​តូច​ជា​បន្ត​បន្តា​ប់​៕