ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​លួច​បង្កប់​ឈើ​គ្រញូង​១១៣កំណាត់

15 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ឈើ​គ្រញូង​ដែល​លួច​ដឹក​តាម​រថយន្ត​ក្រុង​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ដឹក​នាំ​ដោយ​លោក​ពេញ វិបុល ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ ស្ទាក់​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៣​ មីនា នៅចំណុច​មុខ​ស្នាក់​ការ​៥០០ ស្ថិត​ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច ។

លោក​លឹម ​ហាក់ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​និយាយ​ឱ្យ​ដឹង​ថា អ្នក​បើក​បរ​រថយន្ត​ក្រុង​​ឈ្មោះ​អ៊ុក ​ឈុន​ម៉េង អាយុ​៣៤​ឆ្នាំ រស់​នៅ​ភូមិ​ភ្នំ​តូច​ ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ ។ លោក​បាន​បន្ត​ថា ដោយ​ទទួល​បាន​ព័ត៌​មាន​​ស្តី​ពី​​រថយន្ត​ក្រុង​​ដឹក​អ្នក​ដំណើរ​​ ពាក់​ស្លាក​លេខ​ភ្នំពេញ ៤០៣០ មាន​​ដឹក​ឈើ​គ្រញូង​ចំនួន​៤​ការុង​កន្លះ ចេញ​ពី​ផ្សារ​​​ស្រុក​ក្រគ​រ ខេត្ត​ពោធិ៍​សាត់ ទើប​លោក​ពេញ វិបុល ​ព្រះ​រាជ​អាជ្ញា​អម​សាលា​​ដំបូង​ខេត្ត ដឹក​នាំ​​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​​ខេត្ត និង​ស្នាក់​​ការ​៥០០ ស្ទាក់​ចាប់​បាន​រថយន្ត​​ខាង​លើ ដែល​ក្រោយ​ការ​រាប់​ចំនួន​ឃើញ​​មាន​​១១៣​កំណាត់ ​ស្មើ​ជាង​កន្លះ​ម៉ែត្រ​គូប ។

​ក្រោយ​ការ​ចាប់​ឃាត់​អ្នក​បើក​បរ​រថយន្ត​បាន​ប្រាប់​សមត្ថ​កិច្ច​ថា គាត់​​បាន​ទទួល​​បញ្ញើ​ពី​គេ​​ឱ្យ​ដឹក​ឈើ​គ្រញូង​៤​ការុង​កន្លះ​​នេះ ពី​ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់ ទៅ​​កាន់​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​​ពេល​មក​ដល់​ខេត្ត​កំពង់ឆ្នាំង ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​តែ​ម្តង។ ​ឈើ​គ្រញូង​ទាំង​១១៣​ដុំ​​​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ ចំណែក​រថយន្ត​​​យក​ទៅ​​រក្សា​ទុក​នៅ​ទី​បញ្ជា​ការ​​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ៕