ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្នើ​អភិបាលខេត្ត​ពិនិត្យលើ​ករណី​ឧកញ៉ា សា លាង

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​ធ្វើ​លិខិត​មួយ​ច្បាប់ ចុះហត្ថលេខា​ដោយ​លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង

ខេត្តរតនគិរី ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​បាន​ធ្វើ​លិខិត​មួយ​ច្បាប់ ចុះហត្ថលេខា​ដោយ​លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ ផ្ញើ​ទៅ​លោក ថង សា​វុន អភិបាលខេត្ត ស្នើ​ឲ្យ​ពិនិត្យ​និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​របស់​ឧកញ៉ា សា លាង ប្រធាន​ក្រុមហ៊ុន ហេង តារា ដែល​លោក​ឧកញ៉ា ជា​ប្រធាន​ផ្សារ​បាន​លុង ដែល​រង​ការ​ចោទប្រកាន់​ថា យក​ថ្លៃ​ភាស៊ី​និង​ថ្លៃ​ជួល​តូប​លើស​សៀវភៅ​បន្ទុក ។

ក្នុង​លិខិត​របស់​ACU​បាន​សំអាង​ថា បាន​ទទួល​ពាក្យបណ្តឹង​ដែល​រាយការណ៍​មក​ថា​ក្រុមហ៊ុន ហេង តារា បាន​យក​ភាស៊ី​ក្រៅ​បរិវេណ​ផ្សារ យក​ភាស៊ី​ថ្លៃ​អនាម័យ​ជាន់​គ្នា និង​យក​ថ្លៃ​ជួល​តូប​លើស​សៀវភៅ​បន្ទុក ។ ACU បាន​ដាក់​លិខិតស្នើ​ឲ្យ​អភិបាលខេត្ត​រតនគិរី​ដោះស្រាយ​បញ្ហា​នេះ ។

ទាក់ទង​នឹង​ករណី​ខាងលើ លោក​ឧកញ៉ា សា លាង ប្រធាន​ក្រុមហ៊ុន ហេង តារា បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ថា​ខាង​ក្រុមហ៊ុន​មិន​បាន​យក​ថ្លៃ​ភាស៊ី ថ្លៃ​តូប​លើស​ពី​សៀវភៅ​បន្ទុក​នោះ​ទេ ។ រីឯ​ការ​យក​ភាស៊ី​ថ្លៃ​អនាម័យ​ក្រៅ​បរិវេណ​ផ្សារ​ជាន់​គ្នា គឺ​ក្រុមហ៊ុន ជា គួ​ង ជា​អ្នក​យក ។

លោក​ឧកញ៉ា សា លាង បន្ត​ថា ខាង​ក្រុមហ៊ុន​បង់ថ្លៃ​ប្រមូល​អនាម័យ​ក្នុង​១​ខែ​៣​លាន​រៀល​ជូន​ក្រុមហ៊ុន ជា គួ​ង ដូច្នេះ​ខាង​លោក​មិន​បាន​យក​ថ្លៃ​ភាស៊ី​អនាម័យ​នោះ​ទេ ។ លោក​ឧកញ៉ា សា លាង បន្ថែម​ថា កន្លង​មក​ទោះបី​ខាង​អាជ្ញាធរ​ខេត្ត និង​ទីស្តីការគណរដ្ឋមន្ត្រី បាន​ចេញ​លិខិត​ឲ្យ​បញ្ឈប់​យ៉ាងណា​ក្តី ក៏​ពួក​គេ​នៅ​បន្ត​យក​ដដែល ។ រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​ឃើញ​ខាង​អាជ្ញាធរ​ខេត្ត ចុះ​មក​ពិនិត្យ​និង​ដោះស្រាយ​បាតុភាព​នៅ​ផ្សារ​បាន​លុង​នេះ​នៅឡើយ​ទេ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ  អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក ញ៉ែ​ម សំ​អឿ​ន អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ត្រូវ​បាន​ចុច​ផ្តាច់​វិញ ។

នៅ​ពេល​នេះ អ្នក​យក​ព័ត៌មាន​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​ដែនដី​ថា តើ​ដំណោះស្រាយ​រឿង​ផ្សារ​បាន​លុង​ត្រូវ​បញ្ចប់​ដោយ​របៀប​ណា​នោះ​ទេ ។ រីឯ​ការ​ស្វែងរក​ការ​បំភ្លឺ​ពី​លោក​ជា គួ​ង ដែល​ជា​ក្រុមហ៊ុន​បដិបក្ខ​នឹង​គ្នា​នោះ​មិន​បាន​ទទួល​ជោគជ័យ​ឡើយ ៕