ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្កើត​សមាសភាព​កសាង​កម្រង ព័ត៌មាន​ជាតិ​ស្តី​ពី​សារធាតុ​អាស​បេ​ស្តុ​ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពីគុណវិបត្តិ​នៃ​សារធាតុ​អាស​បេ​ស្តុ​ស ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​រៀបចំ​សមាសភាព​

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពីគុណវិបត្តិ​នៃ​សារធាតុ​អាស​បេ​ស្តុ​ស ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រកាស​រៀបចំ​សមាសភាព​និង​ប្រគល់​ភារកិច្ច​ជូន​សមាជិក​ក្រុមការងារ​ដើម្បី​ប្រមូល​និង​ចងក្រង​ព័ត៌មាន​ជាតិ​ស្តី​ពី​សារធាតុ​អាស​បេ​ស្តុ​ស​នៅ​កម្ពុជា របស់​ក្រសួង ស្ថាប័ន​តាម​វិស័យ​នានា ។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តី​ពី​សារធាតុ​អាស​បេ​ស្តុ​ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ នៅ​សណ្ឋាគា​សាន់​វេ​ថា កិច្ចប្រជុំ​នា​ពេល​នេះ រៀបចំ​ឡើង​ដើម្បី​ប្រកាស​សមាសភាព និង​ប្រគល់​ភារកិច្ច​ជូន​សមាជិក​ក្រុមការងារ ដើម្បី​ប្រមូល​និង​ចងក្រង​ព័ត៌មាន​ជាតិ​ស្តី​ពី​សារធាតុ​អាស​បេ​ស្តុ​ស​នៅ​កម្ពុជា​របស់​ក្រសួង ស្ថាប័ន​តាម​វិស័យ​នានា ។

លោក​រដ្ឋមន្ត្រី បន្ត​ថា សមាសភាព​រួម​មាន ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងផែនការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ក្រសួង​រ៉ែ និង​ឋា​ម​ពល ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ក្រសួងបរិស្ថាន ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ក្រសួង​អប់រំ​យុវជន និង​កីឡា ។ ក្រៅពី​នេះ មាន​សមាជិក​មក​ពី​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ អង្គការ​ជាតិ និង​សង្គម​ស៊ី​វិល ដែល​ចូលរួម​តាម​ការ​ស្ម័គ្រចិត្ត និង​មាន​តួនាទី​ជាទី​ប្រឹក្សា​និង​ជួយ​ទ្រទ្រង់ ដូច​ជា​អង្គការពលកម្ម​អន្តរជាតិ​(ILO) អង្គការ​សុខភាព​ពិភពលោក​(WHO) អង្គការ​អូស្ត្រាលី​សម្រាប់​សុខភាព អប់រំ និង​អភិវឌ្ឍន៍​ក្រៅប្រទេស (APHEDA) ។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង ស្ថាប័ន អង្គការ​ជាតិ -​អន្តរជាតិ និង​សហជីព ដែល​បាន​គាំទ្រ​ដល់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​បង្កើត​ឱ្យ​មាន​ក្រុមការងារ​នេះ​ឡើង ដើម្បី​រៀបចំ​ចងក្រង​កម្រង​ព័ត​មាន ផែនការ​ជាតិ និង​កម្មវិធី​ជាតិ សម្រាប់​ជា​ឧបករណ៍​ឬ​មធ្យោបាយ​ដែល​អាច​ប្រើ​ជា​ផលប្រយោជន៍​ដ៏​មាន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ សម្រាប់​ពង្រីក​ចក្ខុវិស័យ​ស្តី​ពី​ការ​បង្ការ​ទប់ស្កាត់​ហានិភ័យ​នានា​ដែល​បណ្តាល​មក​ពី​សារធាតុ​អាស​បេ​ស្តុ​ស និង​ជា​ឧត្តម​ប្រយោជន៍​ដល់​ការ​លើកកម្ពស់​សុខភាព សុវត្ថិភាព​ការងារ​ដល់​កម្មករនិយោជិត​និង​ប្រជាជន​ទូទៅ ។

សូម​បញ្ជាក់​ថា ឧបករណ៍ និង​សម្ភារ ដែល​មាន​ផ្ទុក​សារធាតុ​អាស​បេ​ស្តុ​ស​រួម​មាន ស៊ីម៉ង់ត៍ ក្បឿង ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍ ពិតាន​ម្នាងសិលា ស្បែក​ហ្វ្រាំង​យានយន្ត ស្បែ​កអំ​ប្រ៊ី​យ៉ា រ៉​ង​ម៉ាស៊ីន អ៊ី​សូ​ឡង់​ដែល​ការពារ​កម្តៅ ការពារ​ធាតុ​ត្រជាក់ ទប់​សំឡេង គ្រឿង​ម៉ាស៊ីន និង​បំពង់​ជ័រ​។​ល​។

សារធាតុ​ទាំងនេះ មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព ដែល​ទាមទារ​ឲ្យ​មានការ​ស្រាវជ្រាវ និង​ចងក្រង​ព័ត៌មាន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​សារធាតុ​នេះ​ឱ្យ​បាន​ជាក់លាក់ ដើម្បី​គ្រប់គ្រង បង្ការ ទប់ស្កាត់ កុំឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព និង​ប្រើប្រាស់​សារធាតុ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​សុវត្ថិភាព ៕​