ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​ប្រកាស​ចង់​រៀបចំ​ស្រុក​ឱ្យ​បាន​សុខសាន្ត បក្ស​កាន់​អំណាច​ថា បច្ចុប្បន្ន​កម្ពុជា​មាន​សន្តិភាព​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ចង់​រៀបចំ​ស្រុក​ឲ្យ​ខ្មែរ​បាន​សុខ​ទាំងអស់​គ្នា ប៉ុន្តែ​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ចង់​រៀបចំ​ស្រុក​ឲ្យ​ខ្មែរ​បាន​សុខ​ទាំងអស់​គ្នា ប៉ុន្តែ​ត្រូវ​បាន​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​ថា កម្ពុជា​មាន​សុខ​សន្តិភាព​ហើយ ។ លោក កឹ​ម សុខា បាន​បញ្ជាក់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​ថា «​យើង​ត្រូវ​រៀបចំ​ស្រុក ឲ្យ​ខ្មែរ​បាន​សុខ​ទាំងអស់​គ្នា ។ សន្តិភាព​ពិត គឺ​សន្តិភាព​ទាំង​រូប​កាយ​(​ខាងក្រៅ​) និង​សន្តិភាព​ទាំង​ផ្លូវចិត្ត​(​ខាងក្នុង​)» ។

លោក​បន្ត​ថា ការ​បញ្ចប់សង្គ្រាម​ប្រដាប់​អាវុធ គឺជា​ផ្នែក​មួយ​នៃ​សន្តិភាព​ក៏​ពិតមែន​ហើយ ។ ផ្ទុយ​ទៅ​វិញ ការ​ដែល​នៅ​តែ​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា ឈឺចាប់​ទាំង​ផ្លូវ​កាយ ទាំង​ផ្លូវចិត្ត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដោយ​អយុត្តិធម៌​ពី​សំណាក់​អ្នកមាន​បំពាន​អ្នកក្រ អ្នក​ខ្លាំង​រាំង​ខ្ទប់​អ្នក​ខ្សោយ អ្នក​ឈ្នះ​កៀបសង្កត់​អ្នក​ចាញ់ ។ នេះ​ហើយ​គឺជា​មូលហេតុ​នាំ​ឲ្យ​មានការ​ប្រឆាំង​កាន់តែ​ច្រើន​ទៅ​ៗ ដូច​ពាក្យស្លោក​មួយ​បាន​ចែង​ថា​៖ «​ទីណា​មានការ​ជិះជាន់​ទីនោះ​មានការ​រើបម្រះ​» ។

លោក កឹ​ម សុខា គូសបញ្ជាក់​ថា ដូច្នេះ បើ​យើង​ចង់បាន​សន្តិភាព​ទាំងអស់​គ្នា យើង​ត្រូវ​រួបរួម​គ្នា​កសាង និង​ការពារ​សន្តិភាព​ពិតប្រាកដ​ជាមួយ​គ្នា ដោយ​បញ្ឈប់​ការ​បំពាន​គ្នា ងាក​មក​កសាង​យុត្តិធម៌​សង្គម​ជាមួយ​គ្នា និង​ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​ដូច​គ្នា​។ នោះ​ទើប​យើង​ទទួល​បាន «​សន្តិភាព​ពិត សន្តិភាព​ឋិតថេរ​»​។

ចំពោះ​អ្វី​ដែល​លោក កឹ​ម សុខា បាន​លើក​ឡើង​នេះ ត្រូវ​បាន​លោក សុខ ឥ​សាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក​តេ​ឡេ​ក្រាម​ដោយ​ដាក់​ជា​សំណួរ តើ​មេដឹកនាំ​ណា​មិន​ចង់បាន​ការ​ស្រុះស្រួល​ជាតិ ?

ជាមួយ​គ្នា​នេះ លោក​ក៏​បាន​លើក​ឡើង​ពី​ស្នាដៃ​ដែល​នាំ​ឲ្យ​មាន​សន្តិភាព​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួម​មាន ដាក់​ចេញ​នយោបាយ​បង្រួបបង្រួម​ជាតិ នាំ​ដល់​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​២៣​តុលា ១៩៩១​។ ដាក់​ចេញ​ន​យោ​យ​ឈ្នះ​-​ឈ្នះ នាំ​ដល់​ការ​រលំរលាយ​ខ្មែរក្រហម​ប៉ុ​ល ពត នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ជូន​ជាតិ​នៅ​ឆ្នាំ​១៩៩៨ ទប់ស្កាត់​ការ​ប៉ុនប៉ង​នាំ​ពួក​ខ្មែរក្រហម​មក​វិញ ។ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​សន្តិភាព សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​សង្គម​ជូន​ប្រជាជន ។

ផ្តើមគំនិត​ធ្វើ​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដើម្បី​ដំណើរការ​វប្បធម៌​សន្ទនា ។ ជំរុញ​ឲ្យ​មាន​សេចក្តី​ប្រកាស​រួម​រវាង​គណបក្ស​ទាំង​ពីរ ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៥ ដើម្បី​ធានា​ជីវិត​វប្ប​ធ៌​ម​សន្ទនា ។

ផ្តើម​ហូប​បាយ​សាមគ្គី​ជាមួយ​ក្រុម​គ្រួសារ សម រ​ង្ស៊ី ដើម្បី​បង្ក​បរិយាកាស​ល្អ ។ ផ្តើម​នាំ សម រ​ង្ស៊ី និង​ភរិយា​ទៅ​ចូលរួម​ពិធី​អង្គរ​សង្ក្រាន្តនៅ​ខេត្តសៀមរាប សំណូមពរ​ឈប់​ប្រើ​វប្ប​ធ៌​ម​ទឹក​ទ្បើ​ង​ត្រ​សុ​ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី លាប​ពណ៌​គ្នា និង​ផ្តើម​បង្កើត​ក្រុម​តំ​ណា​រាស្ត្រ​មតិ​ភាគតិច​និង​មតិ​ភាគច្រើន ដើម្បី​រក្សា​វប្បធម៌​សន្ទនា​ជាដើម ។​ល​។

លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ពី​កិច្ចការ​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ដូច​ជា​ធ្វើ​នយោបាយ​ដោយ​យក​គំនុំ និង​សងសឹក​ជា​មូលដ្ឋានតែង​ដឹកនាំ​ធ្វើ​បាតុកម្ម​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើររីក​ចម្រើន​របស់​ជាតិ ។ ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ រហូត​ចង់​ធ្វើ​បដិវត្តន៍ពណ៌​ខុសច្បាប់ ។ បំផ្លាញ​ជីវិត​វប្បធម៌​សន្ទនា ទោះបី​បាន​សន្យា​ច្រើន​ដង​ក្តី ។ បំផ្លាញ​ទំនាក់ទំនង​ល្អ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​វាយប្រហារ​ថា សម្តេច​ជា​ជន​ផ្តាច់​ការ ជា​ជន​ក្បត់ជាតិ លក់​ទឹកដី ធ្វើ​ឲ្យ​បាត់បង់​ទឹកដី ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ចុះហត្ថលេខា​លុប​ខ្សែ​ព្រំដែន​កម្ពុជា​-​វៀតណាម ធ្វើ​ឲ្យ​បាត់​ទឹកដី​កម្ពុជា​ក្រោម ។​ល​។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក កឹ​ម សុខា ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ កាន់តែ​ខិត​ជិត​មក​ដល់ គឺ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាង​មុខ ។

ជាង​នេះ​ទៀត គឺ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ប្រកាស​លាលែង​ពី​តំណែង​ប្រធាន និង​សមាជិកភាព​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​គណបក្ស​នេះ​បាន​កំណត់​យក​ថ្ងៃ​ទី​២ ខែមីនា ដើម្បី​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​-​អនុប្រធាន​គណបក្ស​ថ្មី ៕