ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CVEA ផ្តោត​រៀបចំ​វេទិកាសាធារណៈ​ពង្រឹង​ចំណេះដឹង​ក្នុង​វិស័យ​អចលនវត្ថុ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA)​បាន​និង​កំពុង​ពង្រឹងសមត្ថភាព​សមាជិក​របស់​ខ្លួន និង​សាធារណជន តាម​រយៈ​ការ​រៀបចំ​វេទិកាសាធារណៈ​ដើម្បី​ចែករំលែក​ចំណេះដឹង

រាជធានី​ភ្នំពេញ ៖ សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA)​បាន​និង​កំពុង​ពង្រឹងសមត្ថភាព​សមាជិក​របស់​ខ្លួន និង​សាធារណជន តាម​រយៈ​ការ​រៀបចំ​វេទិកាសាធារណៈ​ដើម្បី​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​វិស័យ​ច្បាប់ ក៏​ដូច​ជា​បទដ្ឋាន​គតិ​យុ​ត្ត​ទាក់ទង​នឹង​វិស័យ​សំណង់ និង​អចលនវត្ថុ​នានា ។

វេទិកាសាធារណៈ​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អគ្គនាយកដ្ឋាន​ពន្ធដារ និង​គណៈមេធាវី​ជាដើម ។

ប្រធានបទ​សំខាន់​ៗ​ចំនួន​បី ត្រូវ​បាន​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ​នេះ រួម​មាន ប្រវត្តិ​នៃ​ការ​លក់​-​ទិញ និង​ជួល​អចលនវត្ថុ​នៅ​កម្ពុជា បទ​បង្ហាញ​ស្តី​ពី​ពន្ធ​អចលនទ្រព្យ និង​ប្រភេទ​ប័ណ្ណ​សម្គាល់​សិ​ទិ្ធ​កាន់កាប់​អចលនវត្ថុ របៀប​នៃ​ការ​ផ្ទេរកម្មសិទ្ធិ​អចលនវត្ថុ និង​ទស្សនៈ​ស្តី​ពី​ប្លង់​រឹង និង​ប្លង់​ទន់ ។

លោក ម៉ា​ន់ ច័ន្ទ​ឌី អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ថ្លែង​ថា ការ​រៀបចំ​វេទិកាសាធារណៈ​នេះ បាន​ផ្តល់​ផលប្រយោជន៍​ដល់​សមាជិកសមាគម ក៏​ដូច​ជា​និស្សិត និង​សាធារណជន​មានការ​យល់​ដឹង​ច្រើន​ទាក់ទង​នឹង​ប័ណ្ណ​កម្ម​សិ​ទិ្ធ ច្បាប់​ពាក់ព័ន្ធ និង​ការ​ទទួលខុសត្រូវ​របស់​ប្រជាពលរដ្ឋ​ទាក់ទង​នឹង​ការ​បង់ពន្ធ ព្រោះ​ប្រសិនជា​ពួក​គេ​មិន​បង់ពន្ធ ពួក​គេ​ប្រឈម​មុខ​នឹង​ការ​ផាកពិន័យ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ។

លោក​បន្ត​ថា ៖ « គោលដៅ​របស់​យើង គឺ​ចង់​បញ្ជ្រាប​ចំណេះដឹង​ដល់​សាធារណជន​ទាក់ទង​នឹង​វិស័យ​សំណង់ និង​អចលនវត្ថុ ដោយសារ​ចំណេះដឹង​របស់​ពួក​គេ​មាន​កម្រិត​នៅឡើយ​ទាក់ទង​នឹង​វិស័យ​នេះ ។ វេទិកា​នេះ​គ្រោង​នឹង​រៀបចំ​២​ខែ​ម្តង​ដើម្បី​ឲ្យ​សាធារណជន​បាន​ចូលរួម និង​យល់​ពី​កាតព្វកិច្ច​របស់​ពួក​គេ​ម្នាក់​ៗ ព្រោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​កាតព្វកិច្ច​ត្រូវ​បង់ពន្ធ » ។

នេះ​ជា​អាណិត្ត​ទី​៥​របស់​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៧-២០១៨ ។

លោក ម៉ា​ន់ ច័ន្ទ​ឌី បន្ត​ថា វេទិកាសាធារណៈ​បែប​នេះ​ផ្តល់​ឱកាស​ឲ្យ​អ្នកចូលរួម​ស្តាប់ និង​សិក្សា​ឈ្វេងយល់​ដោយ​ឥត​គិតថ្លៃ ។ ជាក់ស្តែង វេទិកា​លើក​ទី​១​សម្រាប់​អាណត្តិ​ទី​៥​នេះ មាន​សាធារណជន និង​សមាជិកសមាគម​ចូលរួម​ប្រមាណ​៤០០​នាក់ ។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​អចលនវត្ថុ​កម្ពុជា ថ្លែង​ថា ស្រប​ពេល​វិស័យ​សំណង់ និង​អចលនវត្ថុ​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន ការ​បញ្ជ្រាប​ចំណេះដឹង​ដល់​សាធារណជន​មាន​សារសំខាន់​ណាស់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ឈ្វេងយល់ ព្រោះ​ទន្ទឹម​នឹង​ការ​រីក​ចម្រើន​របស់​វិស័យ​នេះ បញ្ហា​ប្រឈម​ក៏​កើត​មាន​ផង​ដែរ​ទាក់ទង​នឹង​ការ​យល់​ដឹង​ពី​បទដ្ឋាន​ច្បាប់ គតិយុត្តិ​នានា​ក្នុង​ការ​ទិញ លក់ ជួល ការ​ប្រើប្រាស់​ប្លង់​រឹង ឬ​ប្លង់​ទន់ ដើម្បី​បញ្ចៀស​ទំនាស់​ផលប្រយោជន៍ ។

លោក​បន្ត​ថា ៖ « សមាគម​បាន​និង​កំពុង​ដើរតួ​នាទី​ដ៏​មាន​សារសំខាន់​ទាក់ទង​នឹង​វិស័យ​អចលនវត្ថុ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស អ្នក​វិនិយោគ​ដើម្បី​ឲ្យ​ពួក​គេ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា » ៕