ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុន​វិនិយោគ​របស់​ហុងកុង​នៅ​កម្ពុជា​មាន​ទំហំ​1,25​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ទុន​វិនិយោគ​សរុប​របស់​អ្នក​ធុរកិច្ច​ហុងកុង​នៅ​កម្ពុជា​មាន​ប្រមាណ​១,២៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​ចំនួន​២៤៤​គម្រោង ស្មើនឹង​២,១៩%​នៃ​ទុន​វិយោគ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ទុន​វិនិយោគ​សរុប​របស់​អ្នក​ធុរកិច្ច​ហុងកុង​នៅ​កម្ពុជា​មាន​ប្រមាណ​១,២៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​ចំនួន​២៤៤​គម្រោង ស្មើនឹង​២,១៩%​នៃ​ទុន​វិយោគ​សរុប​នៅ​កម្ពុជា ។

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ឲ្យ​ដឹង នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​វិនិយោគ​ហុងកុង ដែល​ដឹកនាំ​ដោយ​លោក​ម៉ា សួយ​ឆឹង អេ​រិច ចេ​ភី លេខាធិការ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ម្សិលមិញ​ថា បើ​គិត​ត្រឹមតែ​ឆ្នាំ​២០១៦​កន្លង​មកនេះ ការ​វិនិយោគ​របស់​អ្នក​ធុរកិច្ច​ហុងកុង​កាលពី​ឆ្នាំ​មុន មាន​ទឹកប្រាក់​ប្រមាណ​៣២០​លាន​ដុល្លារ​អា​មេ​រិ​ក លើ​គម្រោង​ចំនួន​១៤ ក្នុង​នោះ​មាននៅ​ក្នុង​គម្រោង​ផលិតផល​ស៊ីម៉ងត៍ កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង កាបូប កសិកម្ម និង​ឧស្សាហកម្ម ។

ការ​វិនិយោគ​របស់​ហុងកុង​នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មកនេះ បាន​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​៣​បន្ទាប់​ពី​ប្រទេស​ចិន និង​ជប៉ុន ។

ក្រុម​ប្រតិភូ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង ដែល​មក​កាន់​កម្ពុ​ជានា​ពេល​នេះ​មាន​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​សំណង់ វិស្វកម្ម ស្ថាបត្យកម្ម សេវាកម្ម​ពាន់​ព​ន្ធ័​នឹង​សំណង់ និង​សេវាកម្ម​អាជីព​ច្បាប់ និង​គណនេយ្យ ។ គោលបំណង​សំខាន់​របស់​ប្រតិភូ​ធុរកិច្ច​ហុងកុង​នា​ពេល​នេះ​គឺ​ដើម្បី​ស្វែង​យល់​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត ។

លោក សុខ ចិន្តា​សោភា បន្ត​ថា​៖«​បច្ចុប្បន្ន​នេះ​សម្រាប់​បរិយាកាស​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា គឺ​មាន​ភាព​អំណោយផល​បំផុត ព្រោះថា កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​គន្លង​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មួយ​ដ៏​រឹង​មាំ ខណៈ​ដែល​អត្រាកំណើន​សេដ្ឋកិច្ច​កម្ពុជា ស្ថិត​ជា​មធ្យម​៧,៧%​ក្នុង​មួយ​ឆ្នាំ​ៗ​នោះ » ។ លោក​បន្ត​ថា​៖ « កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ពិភពលោក​ទទួលស្គាល់​ថា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ឯតទគ្គ​ករ​កំណើន​ទាំង​៨​ក្នុង​ពិភពលោក ដែល​មាន​កំណើន​រឹង​មាំ​ជាងគេ​ផង​ដែរ ។ ជាមួយ​កំណើន​ដ៏​រឹង​មាំ​នេះ ក៏​បាន​ធ្វើ​ឲ្យ​កម្ពុជា​ធ្វើ​ដំណើរ​យ៉ាង​ក្លៀវក្លា ប្រកបដោយ​ភាព​ជឿន​ជាក់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​» ។

លោក​បន្ត​ថា ឈរ​លើ​ភាព​ច្បាស់លាស់​នេះ បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស​មក​បណ្ដាក់ទុន​លើ​គ្រប់​វិស័យ ក្នុង​នោះ រួម​ទាំង​វិស័យ​សំណង់​ផង​ដែរ ។ ពិសេស​ទៀត​នោះ កម្ពុជា​មាន​ភាព​វ័យក្មេង និង​សម្បូរ​បែប​ដោយ​កម្លាំង​ពលកម្ម​ច្រើន ហើយ​តាម​ការ​ព្យាករ​នោះ​បាន​រំពឹង​ថា នឹង​កើនឡើង​ត​ទៀត​ក្នុង​អំឡុង​២ ទៅ​៣​ទសវត្សរ៍​ខាង​មុខ ។ តាម​រយៈ​គោលនយោបាយ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ផ្លូវ​មួយ​របស់​ចិន ដែល​បាន​ប្រកាស​កន្លង​មកនេះ នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​ហុងកុង អាច​ទទួល​បានការ​គាំទ្រ​បន្ថែម​ពី​គោលនយោបាយ​មួយ​នេះ ។
ឆ្លើយ​តប​នឹង​កាលានុវត្តភាព​នេះ លោក​ម៉ា​សួយ​ឆឹង អេ​រិច ចេ​ភី លេខាធិការ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង​បាន​សន្យា​ថា នឹង​ខិតខំ​ធ្វើការ​ទាក់ទាញ និង​ផ្សព្វផ្សាយ​ឲ្យ​អ្នក​វិនិយោគ​ហុងកុង​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ថា បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​កម្ពុជា​ត្រូវ​ធ្វើការ​កែ​លម្អ​ជា​ច្រើន​ទៀត​លើ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក តម្លៃ​អគ្គិសនី និង​និ​តិ​វិធី​ពាក់ព័ន្ធ នានា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​បរិយាកាស​កាន់តែ​ប្រសើរ​ជាង​នេះ និង​ទាក់ទាញ​អ្នក​វិនិយោគ​បាន​កាន់តែ​ច្រើន ៕