ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​គី​ហ៊្សុ​ណា​ជប៉ុន​-​កម្ពុជាលើក​ទី​6​បញ្ចប់​ដោយ​ជោគជ័យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មហោស្រព​គី​ហ៊្សុណា​ជប៉ុន​-​កម្ពុជា​លើក​ទី​៦​បាន​បញ្ចប់​ដោយ​ភាព​សប្បាយ​រីករាយ និង​ស្និទ្ធស្នាល​បំផុត​រវាង​យុវជន​កម្ពុជា និង​ជប៉ុន ក៏​ដូច​ជា​ចំណង​មិត្ត​ភាព កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​

រាជធានី​ភ្នំពេញ ៖ មហោស្រព​គី​ហ៊្សុណា​ជប៉ុន​-​កម្ពុជា​លើក​ទី​៦​បាន​បញ្ចប់​ដោយ​ភាព​សប្បាយ​រីករាយ និង​ស្និទ្ធស្នាល​បំផុត​រវាង​យុវជន​កម្ពុជា និង​ជប៉ុន ក៏​ដូច​ជា​ចំណង​មិត្ត​ភាព កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​រឹង​មាំ​ថែម​ទៀត តាម​រយៈ​ការ​ចែករំលែក​នូវ​វប្បធម៌ ប្រពៃណី​របស់​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​មហោស្រព​នេះ ។

ក្នុង​រយៈពេល​៤​ថ្ងៃ​នៃ​ការ​ប្រារព្ធ​មហោស្រព​«​គី​ហ៊្សុណា​ជប៉ុន​-​កម្ពុជា​»​មាន​យុវជន យុវនារី​ខ្មែរ​បាន​ចូលរួម​លេង​កម្សាន្ដ​យ៉ាង​សប្បាយ​រីករាយ​ទៅ​តាម​កម្មវិធី សំខាន់​ៗ​ដែល​បាន​រៀបចំ​ដូច​ជា ការ​សម្ដែង​សិល្បៈ សិក្ខាសាលា​នៃ​ការ​សម្ដែង​ក្បាច់​រាំ​ទំនើប​ជប៉ុន ការ​បង្ហាញ​ជូន​កីឡា​យុទ្ធ​សិល្ប៍ ការ​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់ ការ​ស្លៀកពាក់​បែប​តុក្កតា​ជប៉ុន​(​ខូ​ស​ផ្លេ​) ការ​បង្ហាញ​ជូន​នូវ​ការ​គណនា​លេខ​យ៉ាង​រហ័ស​ដោយ​ប្រើ​ក្បាច់​គិត​លេខ​បុរាណ ការ​បង្ហាញ​សិល្បៈ​តុបតែង​ផ្កា និង​ការ​សរសេរ​អក្សរ​ផ្ចង់ ថ្នាក់រៀន​ធ្វើ​មី​ជប៉ុន​ការ​តាំងពិព័រណ៍ ផ្សេង​ៗ​ទៀត និង​ចុងបញ្ចប់​នៃ​កម្មវិធី​គឺ​ការ​រាំ​លេង​សប្បាយ ។

មន្ត្រី​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​ដែល​ជា​អ្នក​ទទួល​បន្ទុក​ខាង​ផ្នែក​វប្បធម៌ និង​ព័ត៌​មាន បាន​សម្ដែង​ក្ដី​សោមនស្ស​រីករាយ​ដោយ​បានឃើញ​មហោស្រព​លើក​ទី​៦​នេះ បញ្ចប់​ដោយ​ជោគជ័យ និង​ផុសផុល​បំផុត ។

លោកស្រី​កា​អូ​រិ តា​ណា​បេ លេខា​ទី​២​ប្រចាំ​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា ឱ្យ​ដឹង​ថា មហោស្រព​នេះ​គឺ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន ហៅ​កាត់​ថា (CJCC) ជា​អ្នក​រៀបចំ​ទាំងអស់ ទាំង​ការ​រៀបចំ​ចាត់ចែង​កម្មវិធី ផ្សេង​ៗ​គ្រាន់តែ​ស្ថានទូត​ជប៉ុន​ឈរ​ជា​បង្គោល ។ នៅ​ឆ្នាំ​នេះ​ឃើញ​ថា​មានការ​ចូលរួម​យ៉ាង​ផុលផុស​ពី​យុវវ័យ​ដែល​ញ៉ាំង​ឱ្យ​មហោស្រព​មួយ​នេះ​កាន់តែ​ល្បីល្បាញ​នៅ​កម្ពុជា ។

លោកស្រី​កា​អូ​រិ តា​ណា​បេ​ថ្លែង​ថា​៖«​មហោស្រព​នេះ​លើក​ទី​៦ យើង​រំពឹង​ថា​នឹង​មាន​អ្នក​មក​ចូលរួម​ក្នុង​មហោស្រព​នេះ​ប្រមាណ​២​ម៉ឺន​នាក់ ប៉ុន្ដែ​ភាព​ជាក់ស្ដែង​បើ​តាម​តួលេខ​ដែល​យើង​ទទួល​បាន គ្រាន់តែ​រយៈពេល​៣​ថ្ងៃ គឺ​មាន​អ្នកចូលរួម​ច្រើន​ជាង​២​ម៉ឺន​នាក់​ទៅ​ហើយ គឺ​លើស​ការ​គ្រោងទុក​យ៉ាងច្រើន​» ។

អ្នក​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្មវិធី​ធ្វើ​មី​អ៊ូ​ដុ​ង បានឱ្យ​ដឹង​ថា កម្មវិធី​នេះ​គឺ​តម្រូវ​ឱ្យ​ចុះ​ឈ្មោះ​ជា​មុន ព្រោះតែ​កន្លែង​មាន​កំណត់ ប៉ុន្ដែ​នៅ​ពេល​កម្មវិធី​ចាប់ផ្ដើម​ស្រាប់តែ​មាន​អ្នកចូលរួម​ច្រើន ។ 

កញ្ញា​សូ​ដា ដែល​ជា​អ្នក​ធ្វើ​បទ​បង្ហាញ​រូប​នេះ​បាន​និយាយ​ថា​៖«​កម្មវិធី​ធ្វើ​មី​អ៊ូ​ដុ​ង​នេះ​យើង​ជ្រើសរើស​តែ​៣០​នាក់​មក​ចូលរួម​ទេ ព្រោះ​កន្លែង​មាន​កំណត់ ប៉ុន្ដែ​នៅ​ពេល​ចាប់ផ្ដើម​ស្រាប់​អ្នកចូលរួម​យ៉ាងច្រើន សរុប​មា​ណ​ជា​៥០​នាក់ ព្រោះ​ពួក​គាត់​ចាប់អារម្មណ៍​ពី​របៀប​នៃ​ការ​ធ្វើ​មី​អ៊ូ​ដុ​ង​នេះ ដោយ​អ្នកខ្លះ​សុខចិត្ត​ឈរ​មើល​ក៏​បាន បើ​ទោះបីជា​មិន​បាន​ចូលរួម​ធ្វើ​ក៏​ដោយ​» ។

បើ​តាម​លោកស្រី​កា​អូ​រិ តា​ណា​បេ ថ្លែង​ថា​៖«​ពាក្យ គី​ហ្សុ​៊​ណា មាន​ន័យ​ថា​ចំណងទាក់ទង​ជាមួយ​មនុស្ស សំខាន់​ៗ​ដូច​ជា​គ្រួសារ សមាជិក​ក្រុម​គ្រួសារ ឬ​មិត្តភក្ដិ​ដែល​សំខាន់​បំផុត​សម្រាប់​យើង ដូច្នេះ​ហើយ​យើង​ប្រើ​ពាក្យ​ហ្នឹង​គឺ​សម្រាប់​តែ​មនុស្ស សំខាន់​ៗ​ប៉ុណ្ណោះ អីុ​ចឹ​ង​ហើយ​បានជា​យើង​ដាក់​ឈ្មោះ​មហោស្រព​គី​ហ្សុ​៊​ណា ជប៉ុន​-​កម្ពុជា ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពី​ជប៉ុន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​» ។

មហោស្រព​គី​ហ៊្សុ​ណា​ជប៉ុន​-​កម្ពុជា​លើក​ទី​៦​នេះ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០១៧​នៅ​មជ្ឈមណ្ឌល​CJCC​ស្ថិត​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ មហោស្រព​នេះ​បាន​ទាក់ទាញ​អ្នកចូលរួម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​១៨.០០០​នាក់ ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ​បាន​ព្យាករ​ថា នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​២​ម៉ឺន​នាក់ ៕