ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ ទៅទាក់​អ្នកទេសចរ​​​ជប៉ុន ដល់តូក្យូ

2 អាទិត្យ មុន
  • ភ្នំពេញ

ទីក្រុងតូក្យូ៖ ដោយចាត់ទុកថា ប្រទេសជប៉ុន ជាទីផ្សារទេសចរណ៍ដ៏សំខាន់មួយរបស់ខ្លួន ក្រសួងទេសចរណ៍ បានចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ (Tourism Expo Japan 2022)…

ទីក្រុងតូក្យូ៖ ដោយចាត់ទុកថា ប្រទេសជប៉ុន ជាទីផ្សារទេសចរណ៍ដ៏សំខាន់មួយរបស់ខ្លួន ក្រសួងទេសចរណ៍ បានចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ (Tourism Expo Japan 2022) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីទាក់ទាញភ្ញៀវទេសចរ​ពីប្រទេសនេះ ឱ្យបានច្រើនឡើងវិញ។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការចូលរួមនេះ ដឹកនាំដោយឯកឧត្ដម ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដោយក្រុមហ៊ុនឯកជនមួយចំនួន​នៅកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មាន ក្រុមហ៊ុនអន្តរជាតិ និងស្ថាប័ន ចំនួន ១៤៤១ មកពី ១៣៦ប្រទេស ក្នុងតំបន់ និងពិភពលោក។ ដោយឡែក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ គឺជាថ្ងៃបើកជាផ្លូវការនៃពិព័រណ៍ទេសចរណ៍អន្ដរជាតិ គឺមានការចូលរួមពីភ្ញៀវទេសចរជប៉ុន និងទេសចរអន្តរជាតិនៃបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកសរុបចំនួន២៥,៩២៨នាក់។

លោក ប្រាក់ វិទ្ធី បានបន្តថា ទីផ្សារជប៉ុនជាទីផ្សារសំខាន់មួយ សម្រាប់កម្ពុជា ដោយក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុន ចំនួន ៩,០២១នាក់ ស្មើ៩១៨.២% បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្រោយវិបត្តិកូវីដ-១៩។

លោក​បាន​បង្ហាញក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍ខាងលើ កម្ពុជានឹងអាចទាក់ទាញភ្ញៀវ​ទេសចរ និងវិនិយោគិនជប៉ុន ឱ្យមកទស្សនាប្រទេសកម្ពុជា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងផ្ដល់ភាពកក់ក្តៅ» កាន់តែច្រើនថែមទៀត នៅឆ្នាំ២០២២-២០២៣ ដែលជាដំណាក់កាល​ស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។

សូមបញ្ជាក់ថា ស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យ​ទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ ឆ្នាំ២០២២-២០២៣ (Recovery) ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងផ្នែកឯកជនកម្ពុជា-ជប៉ុន ឱ្យកាន់តែទូលំទូលាយ​នៅលើទីផ្សារជប៉ុន ក៏ដូចជា ទីផ្សារអន្តរជាតិ ក្នុងការបើករួមគ្នាទទួលទេសចរអន្តរជាតិឡើងវិញ ជាពិសេសផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជា​ជាគោលដៅទេសចរណ៍​សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ៕ សុខ សារ៉ាយ

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture