ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានីភ្នំពេញ ត្រូវបានប្រកាសថា ជាទីក្រុង​អស់មីន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ នារសៀលថ្ងៃទី២២កញ្ញានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី…

រាជធានីភ្នំពេញ​៖​ នារសៀលថ្ងៃទី២២កញ្ញានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន។

លោក មានចាន់ យ៉ាដា អភិបាលរង​រាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញ កាលពី៤៣ឆ្នាំ មុនគឺជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅជនបទគ្មានសល់ អ្វីៗត្រូវបានកំទេចរាប់ទាំងជីវិតមនុស្ស។ រាជធានីភ្នំពេញ បានឆ្លងកាត់ភ្លើងសង្គ្រាម និងឧបសគ្គជាច្រើន ទំរាំបានដូចសព្វថ្ងៃនេះ។ សង្គ្រាមឈ្លប និងចលនាឧទ្ទាម បានបង្កអសន្តិសុខសង្គម ព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះរាប់​លានគ្រាប់ ពាសពេញផ្ទៃប្រទេសដែលបានឆក់យកជីវិត ឬបង្កឲ្យមានពិការភាពដល់ប្រជាពលរដ្ឋ រហូតដល់សព្វថ្ងៃដែលបង្កឡើងដោយផលលំបាកនៃសង្គ្រាម និងគ្រាប់មីន។

លោក​បន្តថា ផ្អែកតាមទិន្ន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ២០១២ របស់អាជ្ញាធរមីនកម្ពុជា រាជធានីភ្នំពេញ មានចំការមីនចំនួន ១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦.៣៣៥.២៣៨ ម៉ែត្រការ៉េ ដែលមានខណ្ឌចំនួន៤ គឺខណ្ឌ៖ ជ្រោយចង្វា, ព្រែកព្នៅ, ពោធិសែនជ័យ និងខណ្ឌសែនសុខ។ អ្វីដែលគួរអោយ​សោកស្តាយជាទីបំផុតនោះ គឺ​គិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញ មានអ្នករង​គ្រោះដោយសារមីន សរុបចំនួន ២០៤នាក់ ក្នុងនោះ បាត់បង់អាយុជីវិតចំនួន ៧២នាក់, ពិការ ៥នាក់ និងរបួសចំនួន ១២៧នាក់ ដែលនេះគឺជាផលប៉ះពាល់សង្គមចាំបាច់ត្រូវបន្តខិតខំ ដោះស្រាយ និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៍ទីក្រុងរបស់យើង។

នាឱកាសនោះ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជា​គ្រប់គ្រងសកម្មភាព​កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានលើកឡើងថា ការគំរាម​កំហែងដោយសារមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ គឺមានភាពស្មុគស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើនដល់ប្រជាពលរដ្ឋយើង និងបន្ទុចបង្អាក់សកម្មភាពអភិវឌ្ឍន៍របស់យើងថែមទៀត​។ ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាលប់បំបាត់គ្រាប់មីនឲ្យអស់ត្រឹមឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកជំទាវកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអបអរសាទរដល់រាជធានីភ្នំពេញ ដែលត្រូវបានប្រកាសជារាជធានីអស់មីន ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ ភ្នំពេញ គឺជាមូលដ្ឋានដែនដីទី៣ បន្ទាប់ពីខេត្តកែប និង​ខេត្តព្រៃវែង ដែលត្រូវបានបញ្ចប់វត្តមានគ្រាប់មីន​។

លោកជំទាវ ក៏បានកោតសរសើរដល់វិរៈយុទ្ធជន យុទ្ធនារីដោះមីន ដែលបានលះបង់​ដល់អាយុជីវិតក្នុងបុព្វហេតុដោះមីនរំដោះផ្ទៃដីបង្កបង្កើនផល និងដីលំនៅដ្ឋានជូនប្រជាពលរដ្ឋ។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រទេសជាមិត្ត ដែលបានរួមចំណែក​ជួយដល់កម្ពុជា ក្នុងការកំចាត់មីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាអស់គ្រាប់មីន នៅឆ្នាំ២០២៥។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងទៀតថា បើយើងមើលទៅក្រោយ ៤៣ឆ្នាំមុន រាជធានីភ្នំពេញ ជាទីក្រុងខ្មោច ស្ងាត់ជ្រងំ ហើយបានបន្សល់ទុកនូវស្លាកស្នាមសង្គ្រាម ពិសេសគឺគ្រាប់មីន និងយុទ្ធភណ្ឌ័ មិនទាន់ផ្ទុះនេះតែម្តង។

សូមរម្លឹកថា ក្នុងទិវាមច្ឆជាតិ នៅតំបន់អាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាស អំពាវនាវដល់សប្បុរសជន ចូលរួមបរិច្ចាគ​វិភាគទាន ដើម្បីបោសសម្អាតមីន នៅក្នុងប្រទេស​កម្ពុជា​យើង​។ សប្បុរសជន វិស័យ​ឯកជន និងកាកបាទក្រហម​កម្ពុជា បាន​ចូលរួមគាំទ្រការផ្តួចផ្តើមរបស់សម្តេចតេជោ យ៉ាងផុសផុល ហើយ​អាជ្ញាធរមីន ក៏បានរៀបចំ​ផែនការ និងចាត់តាំង​កម្លាំង​បោសសម្អាតមីន ចុះ​ប្រតិបត្តិការ ហើយ​បានប្រកាស​ជាបណ្តើរនូវរាជធានីខេត្ត ជាតំបន់​គ្មានគ្រាប់មីន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ