ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទីង​១​ក្បាល​កំពុង​អុកឡុក​ពេញ​ភូមិ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សត្វ​ខ្ទីង​ឈ្មោល​ឡើងក​មួយ​ក្បាល​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា បាន​និង​កំពុង​អុកឡុក​ពេញ​ភូមិ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​-​កំពត​) …

ខេត្ត​ព្រះ​សីហ​នុ ៖ សត្វ​ខ្ទីង​ឈ្មោល​ឡើងក​មួយ​ក្បាល​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា បាន​និង​កំពុង​អុកឡុក​ពេញ​ភូមិ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​-​កំពត​) ជា​ពិសេស​នៅ​ចំណុច​អន្លង​ប្រស់ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ចម្ងាយ​ពី​ជើងភ្នំ​កំចាយ ប្រហែង​ជាង​៥០០​ម៉ែត្រ ។

ប្រភព​ពី​ប្រជា​ព​រដ្ឋ​បាន​ឲ្យ​ដឹង​ថា វា​គឺជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច ចំពោះ​សត្វ​ខ្ទីង​ឈ្មោល​ឡើងក​ខាងលើ ដែល​វា​បាន​ចូល​មក​អុកឡុក​ដល់​ក្នុងភូមិ​ដែល​ពួក​គាត់​រស់នៅ ដែល​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាច​វា​បង្ក​លើ​កូនចៅ ហើយ​ម្យ៉ាងទៀត​ពេល​វា​ចុះ​មក​ម្តង​ៗ វា​ដេញ​ជល់ ដេញ​វាត់​គោក្របី​រត់​ពេញ​ភូមិ​ទាំង​យប់​ងងឹត​សូន្យសុង ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ សត្វ​ខ្ទីង​ឈ្មោល​ឡើងក​១​ក្បាល​នេះ​បាន​បង្ហាញខ្លួន​ពេល​ថ្ងៃ ដោយ​រត់​ក្នុង​គោលដៅ​ចុះ​ពី​ជើងភ្នំ​មក​ក្រោម ឆ្លងកាត់​ផ្លូវ​រថភ្លើង និង​ឆ្លងផ្លូវ​ជាតិ កាត់​ភូមិ ផ្ទះ​ប្រជាពលរដ្ឋ មក​ក្នុង​ព្រៃរបោះ​តូច​ៗ ហាក់បីដូចជា​វង្វេង​ហ្វូង ឬ​ដូច​ជា​ដំរីចុះប្រេង រត់​កាត់​ដាច់​ខ្សែលួស​របង​ហ៊ុម​ព័ទ្ធ​ដី​ភូមិ តែ​មិនយូរ​ប៉ុន្មាន​សត្វ​ខ្ទីង​នោះ​ក៏​រត់ឡើង​ទៅ​លើ​សំដៅ​ទៅ​ជើងភ្នំ​កំចាយ​វិញ​ទៅ ។

ប្រភព​ពី​មន្ត្រី​បរិស្ថាន​ឧទ្យាន​ជាតិ​បូកគោ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ជំនាញ​សត្វព្រៃ ដែល​ចុះ​ទៅ​ការពារ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា សត្វ​ខ្ទីង​នេះ​វា​មិនមែន​ទើបតែ​ចុះ​មក​ថ្មី​ៗ​នេះ​ទេ គឺ​វា​បាន​ចុះ​មក​ចាប់តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៦​ម្ល៉េះ តែ​យូ​ៗ​ឃើញ​ម្តង​ប៉ុណ្ណោះ ទើបតែ​ចុងខែ​កុម្ភៈ ក្នុង​អំឡុង ថ្ងៃ​ទី​២១-២២ ខែកុម្ភៈ​នេះ​ទេ ដែល​សត្វ​ខ្ទីង​នោះ​បាន​បង្ហាញខ្លួន​ញឹក​ស្ទើរតែ​រាល់​យប់ ឡើង​ចុះ​ៗ ១​យប់​២-៣​ដង តែ​បង្ហាញ​តែ​ពេល​យប់​ដេញ​តាម​ហ្វូងគោ​ក្របី​របស់ អ្នកស្រុក មិន​ឆ្លងផ្លូវ​ជាតិ​ទេ ។ ទើបតែ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ​នេះ វា​បាន​រត់​ចុះ​មក​ឆ្លងផ្លូវ​ទាំង​កម្រោល ហើយ​បាន​រត់ឡើង​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា វិធានការ​បន្ត​របស់​មន្ត្រី​ជំនាញ គឺ​រួម​គ្នា​សហការ​ការពារ​សត្វ​ខ្ទីង​នេះ​ពី​ព្រានព្រៃ ការពារ​ចំណុច​ឡើង​ចុះ​របស់​វា ខ្លាច​វា​បង្ក​ឲ្យ​ប៉ះពាល់​លើ​ពលរដ្ឋ​ក្នុង​តំបន់​នោះ និង​ចំណុច​ចុះ ។ ជា​ចុង​ក្រោយ​អាច​នឹង​សុំ​មាន​វិធានការ​ឡើង​រុករក​បាញ់​ឲ្យ​សន្លប់​ដើម្បី​អភិរ​ក្យ ។ ហើយ​តា​មកា​សន្និដ្ឋាន​ថា សត្វ​ខ្ទីង​នោះ​នឹង​មិន​ទៅ​ណា​ឆ្ងាយ​ពី​តំបន់​នោះ និង​នៅ​ឡើង​ចុះ​ៗ​តំបន់​នោះ​ដដែល ហើយ​ក៏​កំពុង​តាម​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​សំណាក់​មន្ត្រី​ជំនាញ ៕