ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ខ្លាំង​ណាស់ ! សម្រាលកូន​ដំបូង​កណ្តាល​វាលស្រែ

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ពិតជា​អាសូរ​ខ្លាំង​ណាស់ ដែល​ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ឈឺពោះ​ឆ្លងទន្លេ​កូន​ដំបូង​នៅ​កណ្ដាល​វាលស្រែ ស្ថិត​ក្នុងភូមិ​ដំរី​ផុង ឃុំ​កោះ​សម្ពាយ ស្រុក​សៀម​បូក …

ខេត្តស្ទឹងត្រែង ៖ ពិតជា​អាសូរ​ខ្លាំង​ណាស់ ដែល​ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ឈឺពោះ​ឆ្លងទន្លេ​កូន​ដំបូង​នៅ​កណ្ដាល​វាលស្រែ ស្ថិត​ក្នុងភូមិ​ដំរី​ផុង ឃុំ​កោះ​សម្ពាយ ស្រុក​សៀម​បូក កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ។

តាម​ការ​ឲ្យ​ដឹង​ពី​ប្អូនស្រី​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ រូប​នាង និង​បងប្អូន​ប្រុស​ស្រី​៤​នាក់ រួម​ទាំង​បងស្រី​មាន​ផ្ទៃពោះ​ផង​នោះ​បាន​ទៅ​ចូល​បុណ្យ​លើក​ធាតុ​យាយ​នៅ​ភូមិ​ចម្ងាយ​ពី​ខ្ទម​ស្រែ​ជិត​មួយ​គីឡូម៉ែត្រ លុះ​ដើរ​បាន​ជាង​១០០​ម៉ែត្រ គាត់​ប្រាប់​ថា ឈឺចង្កេះ ដោយ​ពុំ​នឹក​ស្មានថា ឈឺពោះ​សម្រាលកូន​នោះ​ទេ បន្ទាប់​មក​ក៏​ស្រាប់​ឈឺពោះ​កាន់តែ​ខ្លាំង និង​ដើរ​លែង​រួច ទើប​សម្រាលកូន​នៅ​កណ្តាល​ស្រែ​តែ​ម្តង ។

នារី​ដដែល​បន្ត​ថា គ្រា​កំពុង​ឈឺពោះ​ជា​ការ​ដៃ​ដ​ន្យ​បំផុត​មាន​ពេទ្យឆ្មប​ម្នាក់​ឆ្លងកាត់ ជួយ​ពិនិត្យ និង​ជូនដំណឹង​ទៅ​ប្រធាន​មណ្ឌល​សុខភាព​ស្រែ​ក្រសាំង​ឲ្យ​បញ្ជូន​ពេទ្យឆ្មប​ជំនាញ​២​នាក់ រួម​ទាំង​សម្ភារ​មក​ជួយ​បន្ថែម​ទាន់​ពេល ចំណែក​ប្តី​របស់​គាត់​ប្រឹង​កាប់​ដើម​ឫស្សី​ចង​អង្រឹង​សែង​ទៅ​បណ្តើរ តែ​ការ​ឈឺពោះ​នោះ​លឿន​ពេក ក៏​សម្រាល​ភ្លាម​ៗ​នៅ​កណ្តាល​ស្រែ​នោះ​តែ​ម្តង បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​ឆ្មប​មក​ដល់​ជួយ​សម្អាត​សុក​ចេញ និង​បញ្ជូន​តាម​ម៉ូតូ​បន្ត​ទៅ​ទទួល​ការ​ថែទាំ​នៅ​មណ្ឌល​សុខភាព​ភ្លាម​ៗ​ដែរ ។

ជួប​ជាមួយ​អ្នក​សារព័ត៌មាន ស្ត្រី​ខាងលើ​បាន​រៀបរាប់​ថា នាង​ពុំ​ដឹង​ថា ខ្លួន​ឈឺពោះ​សម្រាលកូន​នោះ​ទេ តែ​ស្រាប់​កើតឡើង​ភ្លាម​ៗ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ​នេះ​ទាំង​ពុំ​ដឹងខ្លួន ។ នាង​បាន​រៀបរាប់​បន្ត​ថា នាង​ឈ្មោះ ថេ​ង ធា​រី អាយុ​២៦​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ច្រ​វ៉ា ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បូ​រី ខេត្តក្រចេះ និង​ទើប​មក​រស់នៅ​ធ្វើស្រែ​ចម្ការ​នៅ​ភូមិ​ដំរី​ផុង ឃុំ​កោះ​សម្ពាយ ស្រុក​សៀម​បូក បាន​មួយ​ឆ្នាំ​ប៉ុណ្ណោះ ។ នេះ​ជា​ចំណងដៃ​កូន​ទី​មួយ​ក្រោយ​រៀប​ការ​ជាមួយ​ប្តី​បាន​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ ។

បុរស​ជា​ប្តី​បាន​រៀបរាប់​ដែរ​ថា ខ្លួន​មិនដឹង​ថា ប្រពន្ធ​ត្រូវ​ជួប​ប្រទះ​រឿង​បែប​នេះ​សោះ ហើយ​វា​ជា​អនុស្សាវរីយ៍​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​បន្ទាប់​ពី​ប្រពន្ធ​សម្រាល​បានកូន​ប្រុស​ម្នាក់​នៅ​កណ្តាល​វាលស្រែ​បែប​នេះ ហើយ​ខ្លួន​ក៏​មានការ​រំភើប​ដែរ​ដែល​បាន​ធ្វើ​ជា​ឪពុក​ក្នុង​ប្រវត្តិ​ជូរ​ចត់​របស់​កូន​គ្រានេះ​ដែរ ។

បុរស​រូប​នេះ​បន្ត​ថា ទន្ទឹម​នឹង​ប្រពន្ធ​ផ្តើម​ឈឺពោះ ខ្លួន​មានការ​បារម្ភ​ពី​បញ្ហា​ប្រឈម ទី​មួយ គ្មាន​ពេទ្យឆ្មប ទី​ពីរ​មណ្ឌល​សុខភាព​នៅ​ឆ្ងាយ​រាប់​គីឡូម៉ែត្រ និង​ជា​ការ​ធ្វេសប្រហែស​មួយ​ដែល​មិន​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ ទទួល​ការ​ណែនាំ​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដើម្បី​ត្រៀមលក្ខណៈ​ជា​មុន ។

លោក ឯម ប៊ុ​ន​សុំ ប្រធាន​មណ្ឌល​សុខភាព​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក បាន​បញ្ជាក់​ថា សុខភាព​ម្តាយ និង​ទារក មាន​សុខភាព​ល្អ​ធម្មតា ហើយ​វា​ជា​រឿង​មួយ​ដែល​កម្រ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​ប្រទះ​ការ​សម្រាលកូន​ដោយ​ខ្លួនឯង​ដោយ​មិនដឹង​ខ្លួន​បែប​នេះ ។ លោក​បន្ត​ថា នេះ​ដោយសារ​គាត់​មិន​ដែល​មក​ពិនិត្យ​ផ្ទៃពោះ​ក្រោយ​មានកូន និង​ជិត​ដល់​ថ្ងៃ​ត្រូវ​កើត ។ ហើយ​រឿង​នេះ​ជា​ការ​ចៃដន្យ​បំផុត ដោយ​មាន​បុគ្គលិក​សម្ភព​យើង​ម្នាក់​ចុះ​ផ្សព្វផ្សាយ​អប់រំ​សុខភាព​ទារក​ម្តាយ​ដល់​សហគមន៍​ភូមិ​-​ឃុំ​គាត់​ជួប​ប្រទះ​ពេល​ធ្វើ​ដំណើរ គាត់​ក៏​បាន​រាយការណ៍​មក​មណ្ឌល​សុខភាព លោក​ក៏​បាន​បញ្ជូន​បុគ្គលិក​សម្ភព​២​នាក់ រួម​ទាំង​សម្ភារ​សម្រាល​ទៅ​ជា​បន្ទាន់​ដើម្បី​សង្គ្រោះ តែ​ទារក​កើត​មុន​ពេល​បុគ្គលិក​ទៅ​ដល់ និង​ជួយ​សម្អាត​សុក រួច​នាំ​មក​កាន់​មណ្ឌល​សុខភាព​ដាក់​សេរ៉ូម​ជំនួយ​កម្លាំង ក្រោម​ការ​ថែទាំ​ពី​ជំនាញ​ផង​ដែរ ។

លោក ឯម ប៊ុ​ន​សុំ បាន​បន្ថែម​ថា ទាក់ទិន​ការ​សម្រាលកូន​បែប​នេះ មានការ​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ណាស់​ប្រ​សិន​ក្រោយ​សម្រាល​មិន​បាន​យក​សុក​ចេញ​ឈាម និង​ចាប់ផ្តើម​ធ្លាក់ ដែល​អាច​កើត​មាន​គ្រោះថ្នាក់​គ្រប់ពេល​លើ​សុខភាព​ម្តាយ ។

លោក​បញ្ជាក់​បន្ថែម​ថា ខាង​មណ្ឌល​សុខភាព​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដល់​មូលដ្ឋាន​ជា​ប្រចាំ តែ​មាន​ប្រជាពលរដ្ឋ​ខ្លះ​គាត់​ចូលរួម និង​ខ្លះ​ទៀត​គាត់​មិន​បាន​ចូលរួម​ស្តាប់​ការ​ផ្សព្វផ្សាយ ។ បច្ចុប្បន្ន​ទារក និង​ម្តាយ កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​មណ្ឌល​សុខភាព​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ៕