ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដឹក​ដំឡូង​មី​ធ្វើ​បាតុកម្ម​បិទផ្លូវ​ខឹង​ជញ្ជីង​ផាកពិន័យ

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ក្រុម​អាជីវករ​រកស៊ី​ដឹក​ដំឡូង​មី​ស្ងួត​តាម​រថយន្ត​ធំ​ៗ បាន​ធ្វើ​កូដកម្ម​បិទផ្លូវ​ជាតិ​លេខ​៧៨​ម្សិលមិញ​នេះ​ពេញ​មួយ​ថ្ងៃ ដោយ​យក​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង

ខេត្តរតនគិរី ៖ ក្រុម​អាជីវករ​រកស៊ី​ដឹក​ដំឡូង​មី​ស្ងួត​តាម​រថយន្ត​ធំ​ៗ បាន​ធ្វើ​កូដកម្ម​បិទផ្លូវ​ជាតិ​លេខ​៧៨​ម្សិលមិញ​នេះ​ពេញ​មួយ​ថ្ងៃ ដោយ​យក​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង ដាក់​នៅ​លើ​ផ្លូវជាតិ​ធ្វើ​ឱ្យ​រថយន្តជិត​១០០​គ្រឿង​រួម​ទាំង​អ្នកដំណើរ​ត្រូវ​កកស្ទះ​ចរាចរណ៍​មិន​អាច​ធ្វើ​ដំណើរ​បាន នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រហម ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ។ 

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​អាជីវករ​រកស៊ី​ដឹក​ដំឡូង​មី​ស្ងួត​ដែល​នាំ​គ្នា​បិទផ្លូវ​ជាតិ​នេះ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គាត់​សម្រេចចិត្ត​ធ្វើ​បែប​នេះ គឺ​ដោយសារ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តរតនគិរី ដែល​មាន​លោក ឃឹម រម​នី ជា​អនុប្រធាន​មន្ទីរ​បាន​កំណត់​ឱ្យ​គ្រប់​រថយន្ត​ទាំងអស់​ដែល​ដឹក​លើស​ទំងន់​ត្រូវ​ផាកពិន័យ​ក្នុង​១​តោន​៣០​ម៉ឺន​រៀល ។ ពួក​គាត់​បាន​និយាយ​ដោយ​ភាព​គ្មាន​លាក់លៀម​ថា បច្ចុប្បន្ន​នេះ​បើ​ពួក​គាត់​រកស៊ី​ដឹក​គ្រប់​ចំនួន​តាម​ការ​កំណត់​នោះ មិន​ចំណេញ​អាច​យក​ទៅ​ចិញ្ចឹមជីវិត​បាន​នោះ​ទេ ។ ពួក​គាត់​និយាយ​ថា មូលហេតុ​ក្នុង​រថយន្ត​មួយ​គ្រឿង​ទំ​រាំ​ដល់​គោលដៅ​ត្រូវ​បង់​ឱ្យ​សមត្ថកិច្ច​អស់​៦០​ម៉ឺន​រៀល​ទៅ​ហើយ ពេល​នេះ​ក្នុង​រថយន្ត​១​គ្រឿង​ៗ ដាក់​លើស​កំណត់​ក្នុង​១​រថយន្ត ពី​៦​តោន​ទៅ​៧​តោន ត្រូវ​ផាកពិន័យ​គុណ​តាម​នឹង​ទើប​ពួក​គាត់​ធ្វើ​បាតុកម្ម​តវ៉ា ។ 

ដោយ​ពួក​គាត់​មើលឃើញ​ថា បើ​ផាក​ច្រើន​ពេក​អស់​ចំណេញ​ទៅ​ហើយ ទើប​សម្រេចចិត្ត​ធ្វើ​បែប​នេះ ឱ្យ​ថ្នាក់លើ​បានដឹង​ជួយ​សម្រួល​ផ្លូវ​ណាមួយ​កុំឱ្យ​ខាង​មន្ទីរ​ផាកពិន័យ​ខ្ពស់​ពេក ។ ពួក​គាត់​បាន​បន្ត​ទៀត​ថា រថយន្ត​ពួក​គាត់​ដឹក​ដំឡូង​មី​ស្ងួត​យក​ទៅ​លក់​នៅ​ស្រុក​ស្នួល ដោយ​ចូល​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​វ៉ា​លឺ​ហើយ​លក់​បាន​ក្នុង​តម្លៃ​១​គីឡូក្រាម ៥០០​រៀល​តែ​ប៉ុណ្ណោះ គិត​ទាំង​សាំង ទាំង​ថ្លៃ​កម្មករ​ចំណេញ​តិចតួច​បំផុត ។ 

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល​អ្នក​សារព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ឃឹម រម​នី​បាន​នោះ​ទេ ដោយ​គាត់​ថា​ជាប់រវល់​ខ្លាំង​ពេក ។ ក្នុង​សកម្មភាព​ជាក់ស្តែង​លើ​ផ្លូវជាតិ​លេខ​៧៨ ខណៈ​ពេល​នេះ​នៅ​តែ​ស្ទះចរាចរណ៍​ដដែល អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​ត្អូញត្អែរ​ថា មិន​គួរ​ណា​ខាង​មន្ទីរ និង​អាជ្ញាធរ​ខេត្ត​មិន​ធ្វើការ​សម្របសម្រួល​តម្លៃ​ណាមួយ ដើម្បី​ឱ្យ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​រក​ទទួលទាន​បាន​រលូន​ឡើង​វិញ​ផង បើ​កាប់​គាត់​យ៉ាងហ្នឹង​រកស៊ី​លែង​បាន​ហើយ ៕