ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​បកស្រាយ​ជុំវិញ​បញ្ហា​សំណង់​ស្ពាន​អាកាស​ថ្មើរជើង​ថ្មី​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ បន្ទាប់​ពី​មហាជន​ធ្វើការ​រិះគន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​មានការ​ចាប់អារម្មណ៍ ដោយ​លើក​ឡើងជា​ច​ម្ង​ល់ និង​បញ្ចេញមតិ​រៀងខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ …

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​មានការ​ចាប់អារម្មណ៍ ដោយ​លើក​ឡើងជា​ច​ម្ង​ល់ និង​បញ្ចេញមតិ​រៀងខ្លួន ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មី សម្រាប់​អ្នក​ថ្មើរជើង​ឆ្លងកាត់​ទទឹង​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័ន ឬ​មុខ​វិទ្យាល័យ ហ៊ុន សែន ជម្ពូ​វ័ន ដែល​បាន​ចោទប្រកាន់​ថា ការ​សាងសង់​បែប​នេះ​ហាក់​មិន​ត្រឹមត្រូវ​ដោយ​ទុក​ឲ្យ​អ្នក​ថ្មើរជើង​ត្រូវ​ឆ្លងផ្លូវ​ដដែល​នោះ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹង​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​«​កោះសន្តិភាព​» ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ថា ការ​ស្ថាបនា​ស្ពាន​អាកាស​ថ្មី​សម្រាប់​អ្នក​ថ្មើរជើង​ឆ្លងកាត់​ទទឹង​ផ្លូវជាតិ​លេខ​៤​នេះ មាន​បងប្អូន​មួយ​ចំនួន​មានការ​ភាន់ច្រឡំ ដោយ​គ្រាន់តែ​មើលរូប​ភាព រួច​ធ្វើការ​បកស្រាយ​តាម​ការ​យល់​ឃើញ​រៀង​ៗ​ខ្លួន ។ លោក​បន្ត​ថា តាម​ការ​ពិត​ផ្លូវ​ចុះ និង​ឡើង​សម្រាប់​អ្នក​ថ្មើរជើង​នោះ មាន​ផ្លូវ​មែន តែ​ផ្លូវ​តូច​នៅ​ក្នុង​ចំណតរថយន្ត​អម​សងខាង​ផ្លូវ​ធំ​ទេ ចំណែក​ផ្លូវ​ធំ គឺ​មាន​៣​ខ្សែ រថយន្ត​ទៅ​និង​មក​រួច​ហើយ ។

លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​សិក្សា​គម្រោង​ឈរ​លើ​ហេតុផល​បច្ចេកទេស និង​ផល​ប៉ះពាល់​ជា​ចម្បង​គឺជា​ការ​សិក្សា​ដោះស្រាយ​បញ្ហា​ចរាចរ ដោយ​រៀបចំ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ រួម​មាន​បញ្ហា​លំហូរ​ចរាចរ បញ្ហា​ចំណតរថយន្ត បញ្ហា​សុវត្ថិភាព បញ្ហា​ថ្មើរជើង បញ្ហា​បណ្តាញ​ប្រឡាយ​បង្ហូរ និង​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ ។ លោក បន្ត​ថា បញ្ហា​ប៉ះពាល់​ផ្សេង​ៗ​ដូច​ជា បណ្តាញ​អគ្គិសនី បណ្តាញទឹក បណ្តាញ​ប្រៃសណីយ៍ និង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ជា​រឿង​សំខាន់ ក្នុង​ករណី​នេះ បើ​ជណ្តើរ​ស្ពាន​ថ្មើរជើង​ចុះ ឬ​ឡើង​ចំ​ពីមុខ​ផ្ទះ កៀក​មាត់ទ្វារ ម្ចាស់ផ្ទះ​នឹង​ជំទាស់​ដាច់ខាត ដោយសារ​ជណ្តើរ​បិទមុខ​ផ្ទះ​ខ្លួន ។

លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា ផ្លូវ​ថ្មើរជើង​ដែល​ឡើង​ចុះ​នោះ​ជា​ផ្លូវ​ក្រៅ​សងខាង​សម្រាប់​តែ​យានយន្ត​ចេញ និង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​សងខាង​ផ្លូវ​ប៉ុណ្ណោះ ជា​ផ្លូវ​ចរាចរ​មិន​ច្រើន​ទេ វា​នឹង​មិន​បង្ក​ជា​គ្រោះថ្នាក់​ទេ ហើយ​បើ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ យានយន្ត​ត្រូវ​ចូល​ទៅ​ក្នុង​ផ្លូវ​កណ្តាល​ចំនួន​៦​ខ្សែ ដែល​ជា​ផ្លូវ​ល្បឿន​លឿន គ្មាន​ឧបសគ្គ​ឡើយ ចំណែក​ជួរ​រត់​ត្រង់​នឹង​គន្លង​ជណ្តើរ​ស្រប​ផ្លូវ​បង្កើត​បាន​ចំណតរថយន្ត​ជា​ច្រើន រួម​ទាំង​រៀបចំ​សួនច្បារ​ផង​ដែរ ។ លោក​បន្ត​ថា ប្រសិនបើ​ដោះស្រាយ​បញ្ហា​ចំណត​នៅ​ទីនោះ​មិន​បាន ការ​កកស្ទះ​ចរាចរ​ច្បាស់​ជា​កើត​មាន​ដដែល ហើយ​ក្រៅពី​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​រៀបចំ​ប្រឡាយ​បង្ហូរទឹក និង​បណ្តាញ​លូ​ផង​ដែរ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា ដោយសារ​ទីតាំង​នេះ​ជា​តំបន់​រង​នូវ​ទឹកជំនន់​លិច រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សិក្សា​ទីតាំង​គ្រឹះ​ស្ពាន​ដោយ​មិន​ឲ្យ​ប៉ះពាល់​ដល់​បណ្តាញ​ផ្លូវទឹក និង​បណ្តាញ​បំពង់​ក្រោម​ដី​ទឹក​ស្អាត និង​ផ្ទះ​ប្រជាពលរដ្ឋ​ឡើយ ៕