ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​​ទាយ​មើល​និស្ស័យ​ឆ្លង​ទ្វីប តុលាការ​កាត់​ទោស​ដាក់​គុក​១២​ឆ្នាំ និងបង់ប្រាក់ចំនួន២៤លានរៀល

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ប្រកាស​សាល​ក្រម​​ផ្តន្ទា​ទោស​លើ​គ្រូ​ទស្សន៍​ទាយ​​ម្នាក់​​មើល​រាសី​ឆ្លង​ទ្វីប​​ត្រៃ​វេទ តាម​ទូរស័ព្ទ​ឈ្មោះ​លឹម ច័ន្ទ​ថន ដាក់​គុក​​ក្នុង​ពន្ធ​​នា​គារ​​រយៈ​ពេល​១២​ឆ្នាំ និង​តម្រូវ​ឱ្យ​បង់​​ប្រាក់​ចូល​រដ្ឋ​៤​លាន​រៀល សង​ជំងឺ​ចិត្ត​ដល់​ជន​រង​គ្រោះ​៥​នាក់ ក្នុង​ម្នាក់​៤​លាន​រៀល​ទៀត ។ សាល​ក្រម​នេះ​​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​លោក​ចៅ​ក្រម​សួស សំអាត ប្រធាន​ក្រុម​ប្រឹក្សា​ និង​លោក​ឯក ឆេង​ហួត ​ព្រះ​រាជ​អាជ្ញា​រង​តំណាង​អយ្យ​ការ ។

សំណុំ​រឿង​​ជន​ត្រូវចោទ​ឈ្មោះ​​លឹម ច័ន្ទ​ថន ​គ្រូ​ទស្សន៍​ទាយ​មើល​រាសី​ឆ្លង​ទ្វី​ប​តាម​រយៈ​ទូរស័ព្ទ​ដៃ​ដែល​​ល្បី​ឈ្មោះ​​ហៅ​ថា «គ្រូ​ត្រៃ​វេទ» នេះ​ត្រូវ​បាន​តុលា​ការ​សាលា​ដំបូង​លើក​យក​មក​បើក​សវនា​ការ​កាល​ពី​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១១។ ​ក្នុង​អង្គ​​ហេតុ​តំណាង​អយ្យ​ការ​បាន​ចោទ​ប្រកាន់​គ្រូ​​ត្រៃវេទ លឹម ច័ន្ទ​ថន ពី​បទ​ល្មើស​​ទិញ​ពេស្យា​ចារ​កុមារ និង​​ប្រព្រឹត្ត​អំពើ​អាស​លើ​​កុមារ ដែល​បទ​ល្មើស​នេះ​បាន​ចែង​ក្នុង​ច្បាប់​ស្តី​អំពី​​​ការ​បង្ក្រាប​​អំពើ​ជួញ​ដូរ​មនុស្ស និង​​​អាជីវ​កម្ម​លើ​​ផ្លូវ​​ភេទ​តាម​មាត្រា​៣៤​​ បទ​ទិញ​ពេស្យា​ចារ​កុមារ​​តម្រូវ​​ផ្តន្ទា​ទោស​ពី​២​ឆ្នាំ​ទៅ​៥​ឆ្នាំ។ រីឯ​បទ​ល្មើស​អំពើ​អាស​ប្រឆាំង និង​អនីតិ​ជន​​អាយុ​ក្រោម​​១៥​ឆ្នាំ តម្រូវ​ផ្តន្ទា​ទោស​ពី​​១​ឆ្នាំ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ទៅ​៦​លាន​រៀល ។

គួរ​រំលឹកថា គ្រូ​ទស្សន៍ទាយ​មើល​រាសី​ឆ្លង​ទ្វីប​តាម​រយៈ​ទូរស័ព្ទ​ដៃ​ល្បី​​ឈ្មោះ​ម្នាក់​នៅ​ឆ្នាំ​២០១០ ឈ្មោះ​គ្រូ​ត្រៃ​វេទ លឹម ច័ន្ទ​ថន ត្រូវ​បាន​​​នគរបាល​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និងការ​ពារ​អនីតិជន​រាជធានី​ភ្នំពេញ ​ចាប់ខ្លួន​​ដាក់​ខ្នោះ​​ដៃ​បណ្តើរ​ដោយ​ជាប់​សង្ស័យ​ពាក់​ព័ន្ធរឿង​ទិញ​ពេស្យា​ចារ កុមារ នៅ​វេលា​ម៉ោង​​៤​រសៀល​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០១០ កន្លង​មក ។ គ្រូ​​ត្រៃ​វេទ លឹម ច័ន្ទ​ថន ភេទប្រុស អាយុ​៦០​ឆ្នាំ ​ជា​​បុរស​ពោះ​ម៉ាយ ស្នាក់នៅ​ផ្ទះ​លេខ​៨២៣ ភូមិ​មិត្ត​ភាព​ សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សី​កែវ អតីតជា​មន្ត្រី​នគរបាល​​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ។ បន្ទាប់​មក​បាន​ផ្ទេរ​ទៅបំរើការ​ងារ​នៅ​ក្រសួង​យុត្តិធម៌​ និងចុង​ក្រោយ​បាន​ចូល​និវត្តន៍ ហើយ​ក៏​បែក​គំនិត​​ធ្វើជា​គ្រូ​ទាយ និង​​ស្រោច​ទឹក​មើល​រាសី​នៅ​ក្នុង​ប្រទេស​រហូត​​ល្បី​ដល់​ក្រៅ​ប្រទេស​ទៀត​ផង តាម​រយៈ​ទូរស័ព្ទ​ ។

ទាក់ទិន​នឹង​ការ​ចាប់​ខ្លួន​គ្រូ​ត្រៃ​វេទ លឹម ច័ន្ទ​ថន នេះ ត្រូវបាន​លោក​វរសេនីយ៍​ត្រី​កែវ ធា ប្រធាន​ការិយាល័យ​​ប្រឆាំង​ការជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិជន​​ស្នង​ការ​​ដ្ឋាន​រាជ​ធានី ឱ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​គ្រូ​ត្រៃ​វេទនេះ គឺ​ធ្វើ​​ឡើង​តាម​រយៈ​នៃការ​ស៊ើប​អង្កេត​​ និងស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ ។ លោក​កែវ ធា ឱ្យ​ដឹង​ថា ដំបូង​សមត្ថ​កិច្ច​បាន​ទទួល​ព័ត៌​មាន​​ពី​ប្រជាពលរដ្ឋ​​ថា នៅ​ផ្ទះ​គ្រូ​ត្រៃ​វេទ លឹម ច័ន្ទ​ថន មាន​ក្មេង​ស្រី​​អាយុ​ក្រោម​​១៥​ឆ្នាំ ចេញ​ចូល​ជា​ញឹក​ញាប់ ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ ។ ពេល​ទទួល​បានព័ត៌​មាន​នោះ មន្ត្រី​​ជំនាញ​របស់​លោក​បាន​ចុះ​ទៅ​ស្រាវ​ជ្រាវ​​សួរ​នាំ​ក្មេង​ស្រី​ទាំងនោះ ទើប​លេច​ឡើង​​ជា​​ព័ត៌​មាន​​ថា គ្រូ​រូបនេះ​​តែង​អន្ទង​​ក្មេងស្រី​យកទៅ​បំរើ​ផ្លូវ​ភេទ ។

លោក​កែវ ធា បាន​ឱ្យ​ដឹង​ទៀតថា ពេល​ចាប់​ខ្លួន​គ្រូ​ទស្ស​ន៍​ទាយ​ឈ្មោះ​លឹម ច័ន្ទ​ថន ទៅ​​កាន់​ការិ​យា​ល័យ​​ភ្លាម​ មាន​ពាក្យ​បណ្តឹង​របស់​អាណា​ព្យា​បាល​​កុមារីរងគ្រោះ​ចំនួន​៧នាក់ ដាក់​ជូន​​សមត្ថ​កិច្ច​ភ្លាម ដែល​​​ពាក្យ​បណ្តឹង​នីមួយៗ ចោទប្រកាន់​​គ្រូនេះ​ថា បានលួងលោម​កូនស្រី​របស់ពួកគាត់​ក្រោមអាយុ​១៥​ឆ្នាំ ទៅ​បៀត​បៀន​ និង​រំលោភ​ផ្លូវភេទ ដោយ​គ្រាន់​តែ​ផ្តល់​ប្រាក់​ពី​២.០០០​ទៅ​៥.០០០​រៀល​​ប៉ុណ្ណោះ និងនៅ​មាន​ជន​រង​គ្រោះ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​គ្រូនេះ​បាន​ប្រព្រឹត្ត។ ក្នុងពាក្យ​បណ្តឹង​កុមារី​៧​នាក់​បាន​ឱ្យ​ដឹង​ថា ពួកគេ​សុទ្ធ​តែ​ជា​កូនអ្នក​ក្រីក្រ​រស់នៅ​ភូមិ​មិត្ត​ភាព ខណ្ឌ​ឫស្សីកែវ ។ ពេល​រត់លេង​ក៏​ដូច​ជា​​ពេលធ្វើ​ដំណើរ​ទៅ​កាន់សាលា​រៀន​​ត្រូវ​ឆ្លង​​កាត់​មុខ​ផ្ទះ​​គ្រូ​ត្រៃ​វេទ ពេលនោះ​លោកគ្រូ​រមែង​ហៅ​ពួកគេ​ឱ្យ​ចូល​លេង​ក្នុង​ផ្ទះ ។ លើក​ដំបូង​គ្រាន់​តែ​​ឱ្យ​ច្របាច់​ជើង ឬ​ដក​ស្កូវ​សក់​ឱ្យ​​គាត់​ក៏​ផ្តល់ប្រាក់​​មកវិញ​២.០០​០ទៅ​៥.០០​០រៀល រយៈ​ពេល​កន្លះ​​ម៉ោង ឬ​​មួយម៉ោង​បាន​ប្រាក់​ ទើប​ឱ្យ​ចេញ​ទៅ​វិញ ។ ការ​លួងលោម​របៀប​នេះ​២​ទៅ​៣​លើក​ ទើប​​គ្រូ​នេះ​ចាប់​ផ្តើម​ប្រើ​ប្រាស់​ម្រាម​ដៃ​បៀត​បៀន​ប្រដាប់​ភេទកុមារី និង​អង្អែល​សុដន់​​លេង​​ធ្វើ​​ឱ្យ​មាន​សំរើប ចុងក្រោយ​លោកគ្រូ​បាន​​​ឈានទៅ​ប្រើ​​ប្រដាប់ភេទ​​ខ្លួន​ឯង​​ដើម្បី​សំរេច​បំណង ។​

ទោះបីជា​បែប​ណា ការចោទប្រកាន់​ខាងលើ​នេះ ត្រូវបាន​លោកគ្រូត្រៃ​វេទ លឹម ច័ន្ទ​ថន បដិ​សេធ​ និង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយពាក់​ព័ន្ធ​លើករណី​ចោទ​ប្រកាន់​នេះ​ទេ ដោយ​លោក​មាន​ជំនឿ​ថា ទេវតា​នឹង​អាច​មើល​​ឃើញ​មនុស្ស​ធ្វើ​ល្អ​ ឬ​អាក្រក់ ។ ក្រោយការឃាត់ខ្លួននៅព្រឹកថ្ងៃទី​១៥ តុលា ​២០១០ សមត្ថ​​កិច្ច​ការិ​យាល័យ​ប្រឆាំង​ការ ជួញដូរ​មនុស្ស និង​ការ​ពារ​អនីតិជន បាននាំ​​គ្រូ​នេះ​ទៅឆែក​ឆេរ​លំនៅ​ឋាន​ ដើម្បី​រក​វត្ថុ​តាង ។ ក្នុង​ការ​ឆែក​ឆេរ​តាម​ច្បាប់​នេះ​​បានរកឃើញ​ឌីស្ក​មួយ​ចំនួន​ និង​កូន​ក្រក​១ ដែលគ្រូនេះ​​ដាក់​តាំង​ក្នុងទូ​កញ្ចក់​ទំហំ​២​ទៅ​៣​តឹក ៤ជ្រុងលើ​អាសនៈ ។ មិនដឹងថា​ អាសនៈនោះពូកែ​ ឬបែប ណាទេ ៕