ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះត្រា​សម្គាល់​មនុស្ស ពលរដ្ឋ​ឆ្លង​ដែន​ទៅ​ថៃ​ផ្ទុះ​ប្រតិកម្ម ខណៈ​មន្ត្រី​ព្រំដែន​ខ្មែរ​ស្ងៀមស្ងាត់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ពលរដ្ឋ​និង​ក្រុម​អាជីវករ​ខ្មែរ ដែល​តែង​ចេញចូល​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​

ខេត្តបាត់ដំបង ៖ ពលរដ្ឋ​និង​ក្រុម​អាជីវករ​ខ្មែរ ដែល​តែង​ចេញចូល​ទៅ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ប្រឆាំង​ទៅ​នឹង​ឆ្មាំទ្វារ​ព្រំដែន​ថៃ ដែល​បាន​រឹត​បន្ដឹង​ការ​ចេញចូល​បែរជា​ប្រើ​រូបភាព​បែប​ប្រមាថ​មាក់ងាយ​ដោយ​យក​ត្រា​រូប​ត្រី​វាយ​លើ​ដៃ និង​ថ្ងាស​ដើម្បី​ជា​សញ្ញា​សម្គាល់ ដែល​ការ​ធ្វើ​បែប​នេះ​ជា​ការ​មាក់ងាយ​ពលរដ្ឋ​ខ្មែរ​ហួសហេតុ​ពេក ខណ​:​មន្ត្រី និង​អាជ្ញាធរ​ខ្មែរ​បែរជា​សម្ងំ​ស្ងៀមស្ងាត់ឈឹង ។

តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​ឆ្មាំ​ច្រក​ទ្វារ​អន្តរជាតិ​ដូង​ខាង​ភាគី​ថៃ​បាន​សម្រេច​ជា​ឯកតោភាគី​ក្នុង​ការ​អនុវត្ត​វិធានការ​ចំពោះ​ពលរដ្ឋ និង​ក្រុម​អា​ជីករ​ខ្មែរ​ដែល​ចេញចូល​ទៅ​ធ្វើការ ឬ​លក់ដូរ​ក្នុង​ផ្សារ​ថៃ​ពេល​ព្រឹក​វិល​វិញ​ល្ងាច ។ សេចក្ដីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា រយៈពេល​ជិត​មួ​យស​ប្ដា​ហ៍​ហើយ​គឺ​ចាប់តាំងពី​ថ្ងៃ​ទី​២២ កុម្ភៈ រហូត​មក​ដល់​ពេល​នេះ​ដែល​អាជ្ញាធរ និង​កម្លាំង​ទាហាន​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ដូង​បាន​រឹត​បន្ដឹង ។ ប៉ុន្តែ​មុន​ពេល​មានការ​រឹត​បន្តឹង​គឺ​ក្រុម​ឆ្មាំ​ទា្វរ​ដ៏​មាន​ឥទ្ធិពល​របស់​ថៃ​(​ទាហាន និង​ត​ម្រូ​ត​)​ទាំងនោះបាន​ចាប់​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ដែល​ភាគី​ថៃ ចោទប្រកាន់​ថា បាន​លួច​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ ដោយ​ខុសច្បាប់​ញាត់​ចូល​រថយន្ត​ទ្រុង​ព័ទ្ធ​ដោយ​សំណាញ់​ដែល​សម្រាប់​ដឹក​អ្នកទោស បញ្ជូន​ទៅ​កាន់​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ដើម្បី​សួរនាំ​ដែល​នេះ​ជាដើម​ចមនាំ​ឲ្យ​ថៃ​រឹត​បន្តឹង​ច្រក​ចេញចូល​យ៉ា​ង​តឹង​រ៉ឹ​ង ។

អាជីវករ​លក់ដូរ​នៅ​ផ្សារ​ឡែ​ម​ក្នុង​ទឹកដី​ថៃ លោក កេ​ត ផ​ន អាយុ​៣៧​ឆ្នាំ បាន​និយាយ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុម​ទាហាន​ថៃ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​នៅ​តែ​បន្ត​រឹត​បន្តឹង​នៅឡើយ រីឯ​អាជ្ញាធរ និង​មន្ត្រី​ព្រំដែន​ខាង​ភាគី​ខ្មែរ​ហាក់​មិន​ទាន់​មាន​សកម្មភាព​ចេញ​មុខ​សម្រប​ស​ម្រូ​ល​ជាមួយ​ភាគី​ថៃ​នៅឡើយ​ទេ ខណ​:​ពលរដ្ឋ​កំពុង​ប្រតិកម្ម​យ៉ាង​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ។ អាជីវករ​រូប​នេះ​បាន​បន្ត​ថា ពលរដ្ឋ និង​អាជីវករ​ដែល​បាន​ទិញ​សំបុត្រ​ចេញចូល​ធម្មតា ត្រូវ​ឆ្មាំ​ថៃ​វាយ​ត្រា​ជាន់​បន្ថែម​លើ​សំ​បុត​នោះ មិនតែប៉ុណ្ណោះ​ឆ្មាំ​ថៃ បាន​យក​ត្រា​រូប​ត្រី​ពណ៌​ស្វាយ​វាយ​លើ​ដៃ និង​លើ​ថ្ងាស​អ្នក​ទាំងនោះ​បន្ថែម​ទៀត​មិន​ថា ក្មេង ឬ​ចាស់​នោះ​ទេ​ដើម្បី​សម្គាល់ បើ​ទោះ​មាន​សំបុត្រ​ហើយ​ក្ដី ដែល​ទ​ង្វើ​ដ៏​ហួសហេតុ​នេះ​ហាក់​មើលងាយមើលថោក​ពលរដ្ឋ​ខ្មែរ​យ៉ាង​ខ្លាំង​បំផុត ។ ដូច្នេះ​ហើយ​ទើប​ពលរដ្ឋ​និង​ក្រុម​អាជីវករ​ខ្មែរ​ដែល​ចេញចូល​ទៅ​លក់ដូរ ឬ​ធ្វើការ​នៅ​ក្នុង​ដី​ថៃ​ផ្ទុះ​ប្រតិកម្ម និង​ក្ដៅក្រហាយ​ទៅ​នឹង​ទ​ង្វើ​ដ៏​អ​សីលធម៌​របស់​អាជ្ញាធរ​ថៃ ។

ជុំវិញ​ករណី​នេះ​កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក ចែ​ត្រ ស៊ី​ថា ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំ​រៀង​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ​នេះ រីឯ​លោក សៅ ប៊ុ​ន​រិ​ទ្ធ ប្រធាន​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​មួយ​នេះ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ។ ប៉ុន្តែ​មន្ត្រី​ព្រំដែន​ខ្មែរ​មួយ​រូប​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​និយាយ​ថា ពិតជា​មានការ​រឹត​បន្តឹង​ពី​ខាង​ភាគី​ថៃ​មែន ហើយ​ទ​ង្វើ​របស់​ភាគី​ថៃ​មក​លើ​ពលរដ្ឋ​ខ្មែរ​នេះ​ត្រូវ​គេ​មើលឃើញ​ថា ជា​ទ​ង្វើ​បែប​អមនុស្សធម៌​បំផុត និង​ហាក់​មើលងាយមើលថោក​ពលរដ្ឋ​យ៉ាង​ខ្លាំង​ដែល​យើង​មិន​អាច​ទទួលយក​បាន​នោះ​ទេ ។

មន្ត្រី​រូប​នេះ​បាន​និយាយ​រិះគន់​ទៅ​លើ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ការងារ​ព្រំដែន​ខ្មែរ​ថា អសកម្ម និង​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ភាគី​ថៃ​ដើម្បី​ជួយ​សម្រួលដល់​ពលរដ្ឋ​របស់​ខ្លួន ។ មន្ត្រី​ដដែល​បាន​លើក​ឡើង​ដូច្នេះ​ថា វា​មិន​ខុស​ទេ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ចូល​ទឹកដី​គេ​ខុសច្បាប់ 
ប៉ុន្តែ​អ្វី​ដែល​ភាគី​ថៃ​មិន​គួរ​ធ្វើ​គឺ​ទ​ង្វើ​អមនុស្សធម៌ ដែល​យក​ត្រា​ទៅ​វាយ​លើ​ដៃ ឬ​លើ​ថ្ងាស​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង​ទាំង​ចាស់​ដែល​ពួក​គាត់​បាន​ទិញ​សំបុត្រ​ចេញចូល​ស្របច្បាប់​ហើយ​នោះ ។

អាជ្ញាធរ និង​មន្ត្រី​ព្រំដែន​ខ្មែរ​ប្រចាំ​ច្រក​ទ្វារអន្តរជាតិ​មួយ​នេះ​មិន​គួរ​សម្ងំ​ស្ងៀមឈឹង​ធ្វើ​មិនដឹង មិន​ឮ​បែប​នេះ​ទេ គួរតែ​ស្វះ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​របស់​ខ្លួន​កុំ​ចាំ​ប្រតិកម្ម​ពី​ថ្នាក់លើ​ទើប​ញ័រ​ជើង ។ ទោះជា​យ៉ាងណា​បើ​តាម​ប្រភព​ព័​ត៌មានបាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ ថា​ភាគី​ថៃ​នៅ​តែ​បន្ត​វិធានការ​រឹត​បន្តឹង​ចំពោះ​ការ​ចេញចូល​របស់​ពលរដ្ឋ​ខ្មែរ​នៅឡើយ ។ ប៉ុន្តែ​ប្រភព​បាន​បញ្ជាក់​ថា អាជ្ញាធរ​នៃ​ភាគី​ទាំង​២​កំពុង​ព្យាយាម​សម្របសម្រួល​រឿង​នេះ​ហើយ​ដើម្បី​ចៀសវាង​នូវ​ភាព​ចម្រូងចម្រាស​កាន់តែ​ធ្ងន់ធ្ងរ ៕