ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​លើ «​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ កន្លង​ទៅ បាន​ដឹកនាំ​គណៈ ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​ពិធី​ចុះហត្ថលេខា
លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​លើ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ កន្លង​ទៅ បាន​ដឹកនាំ​គណៈ ប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​ឥណទាន​សម្បទាន​លើ «​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​» ជាមួយ​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (International Fund for Agricultural Development – IFAD) នៅ​ទីស្នាក់ការ​កណ្តាល​របស់ IFAD ក្នុង​ទីក្រុង​រ៉ូ​ម ប្រទេស​អីុ​តា​លី ។

យោង​តាម​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ពិធី​ចុះហត្ថលេខា​នេះ គ្រោង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ ខាង​មុខ​។ កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​នេះ នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ​លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក Gilbert Fossoun Houngbo ប្រធាន IFAD មាន​ទឹកប្រាក់​ចំនួន ប្រមាណ​៣៦,៣០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ជា​ឥណទាន​រួមចំណែក​គាំទ្រ​អនុវត្ត «​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​» ដែល​ត្រូវការ​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​៦១,៦៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

មន្ត្រី​រូប​នេះ​បន្ត​ថា ៖ « គម្រោង​នឹង​ត្រូវ​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួងពាណិជ្ជកម្ម ដែល​មានការ​ចូលរួម​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​អភិវឌ្ឍន៍ជនបទ ហើយ​មាន​រយៈពេល​អនុវត្ត​ចំនួន​៦​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៧ ដល់​២០២២ » ។ ក្រៅពី​ហិរញ្ញប្បទាន​ដោយ IFAD គម្រោង​នេះ​នឹង​ត្រូវ​ចូលរួម​សហ​ហិរញ្ញប្បទាន​ដោយ​អ្នក​ទទួលផល និង​ដៃគូ​ក្នុង​វិស័យ​ឯកជន មាន​ទឹកប្រាក់​ចំនួន​ប្រមាណ ១៦,៧០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ដោយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ចំនួន​ប្រមាណ​៨,៦៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​បន្ដ​ថា ៖ « គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​មាន​គោលដៅ​ចូលរួម​លើកកម្ពស់​ជីវភាព​កសិករ​ខ្នាត​តូច​ឱ្យ​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ពី​ការ​ធ្វើ​កសិកម្ម តាម​រយៈ​ការ​ចូល​ធ្វើ​អន្តរាគមន៍​ជំនះ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​ទាំង​នៅ​ក្នុង​ដំណាក់កាល​ខ្សែ​សង្វា​ក់ ផលិតកម្ម ទាំង​ក្នុង​ការ​ធ្វើ​កសិពាណិជ្ជកម្ម និង​ជា​ពិសេស ការ​ជំរុញ​ត​ភ្ជាប់​ឱ្យ​ដល់ទី​ផ្សារ​កសិកម្ម ។ ក្នុង​ជំហាន​ដំបូង គម្រោង​នឹង​ផ្តោត​លើ​មុខទំនិញ​ចំនួន​៥​មុខ រួម​មាន ៖ ស្រូវ​, បន្លែ​, មាន់​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​, ដំឡូង និង​សូត្រ » ។

លោក​បញ្ជាក់​ថា ៖ « គម្រោង​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដោយ​ផ្ទាល់​ដល់​កសិករ​ក្រីក្រ ចំនួន​ប្រមាណ​៧​ម៉ឺន​៥​ពាន់​គ្រួសារ​ក្នុង​ខេត្ត​ចំនួន ១៥ រួម​មាន ៖ ខេត្តកំពត​, តាកែវ​, កណ្តាល​, ព្រៃវែង​, ត្បូងឃ្មុំ​, កំពង់ចាម​, កំពង់ធំ​, ក្រចេះ​, រតនគិរី​, ស្ទឹង​ត្រែង​, ព្រះ​វិហារ​, សៀមរាប​, បន្ទាយ​មាន​ជ័យ​, បាត់ដំបង និង​ប៉ៃលិន ។ គម្រោង​នឹង​ពិនិត្យ​លទ្ធភាព​ពង្រីក​មុខទំនិញ​នៅ​ជំហាន​បន្តបន្ទាប់​ទៀត​តាម​តម្រូវការ​ជាក់ស្តែង​»៕