ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​អំពី​ជំងឺមហារីក​ពោះវៀនធំ​និង​ឫសដូងបាត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តើ​ជា​ការណ៍​ពិត​ទេ​ដែល​គេ​និយាយ​ថា កើត​ជំងឺ​ឫសដូងបាត​អាច​វិ​វ​ឌ្ឍឱ្យ​កើត​មាន​ជំងឺមហារីក​ពោះវៀនធំ ? អ្នកជំងឺ​ឫសដូងបាត​មួយ​ចំនួន​តែងតែ​និយាយ​ត​គ្នា​ថា ការ​កើត​មាន​ជំងឺ​ឫសដូងបាត​អាច​

រាជធានី​ភ្នំពេញ ៖ តើ​ជា​ការណ៍​ពិត​ទេ​ដែល​គេ​និយាយ​ថា កើត​ជំងឺ​ឫសដូងបាត​អាច​វិ​វ​ឌ្ឍឱ្យ​កើត​មាន​ជំងឺមហារីក​ពោះវៀនធំ ? អ្នកជំងឺ​ឫសដូងបាត​មួយ​ចំនួន​តែងតែ​និយាយ​ត​គ្នា​ថា ការ​កើត​មាន​ជំងឺ​ឫសដូងបាត​អាច​ជា​មូល​ហ​តុ​នាំ​ឱ្យ​កើត​មាន​ជំងឺមហារីក​ពោះវៀនធំ ព្រោះ​បន្ទាប់​ពី​ព្យាបាល​ជំងឺ​ឫសដូងបាត​ហើយ ស្រាប់តែ​ពិនិត្យ​ឃើញ​កើត​មាន​ជំងឺមហារីក​ពោះវៀនធំ ។

លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​អ៊ុ​ង ចក្រាវុធ ឯកទេស​ផ្នែក​ជំងឺថ្លើម ក្រពះ ពោះវៀន ឫសដូងបាត នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ច្រានចោល​ទាំងស្រុង​ដោយ​លោក​លើក​ឡើង​ថា គ្មាន​អ្នក​វិទ្យាសាស្ត្រ​ណា​ម្នាក់​បញ្ជាក់​ថា ជំងឺ​ឫសដូង​អាច​នាំ​ឱ្យ​កើត​មាន​ជំងឺមហារីក​ពោះវៀនធំ​ទេ ។ ជំងឺមហារីក​ពោះវៀនធំ និង​ជំងឺ​ឫសដូងបាត​គឺជា​ជំងឺ​ដាច់​ដោយឡែក​ពី​គ្នា គ្មាន​ទាក់ទង​ជាមួយ​គ្នា​ទេ ប៉ុន្តែ​អ្នកជំងឺ​មួយ​ចំនួន​ច្រើន​តែ​យល់​ច្រឡំ​ដោយសារ​ជំងឺ​នេះ​មាន​សញ្ញា​ធ្លាក់ឈាម​តាម​បាត​ដូច​គ្នា ។

សញ្ញា​ធ្លាក់ឈាម​តាម​បាត​អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន តែ​មូលហេតុ​ដែល​នាំ​ឱ្យ​គ្រោះថ្នាក់​បំផុត​នោះ គឺ​បណ្តាល​មក​ពី​ជំងឺមហារីក​ពោះវៀនធំ​ដោយ​ជំងឺ​ទាំងនេះ​មាន​ដូច​ជា​៖ ឫសដូងបាត​;​មហារីក​ពោះវៀនធំ​;​រហែក​បាត​;​ឬ​ដំបៅ​ក្នុង​ពោះវៀន​ជាដើម ។ អ្នកជំងឺ​ភាគច្រើន​ឱ្យ​តែ​ឃើញ​មាន​ធ្លាក់ឈាម​តាម​បាត​តែងតែ​គិត​ថា​បណ្តាល​មក​ពី​ជំងឺ​ឫសដូងបាត ។ តាម​ពិត​ឫសដូងបាត​មាន​គ្រប់​មនុស្ស​ទាំងអស់ តែ​វា​ជា​សរសៃឈាម​ធម្មតា ចំណែក​ជំងឺ​ឫសដូងបាត វា​បណ្តាល​ឱ្យ​សរសៃឈាម​ឫសដូងបាត​រីក​ធំ​ផុយ និង​មាន​ហូរ​ឈាម​ទើប​ចាត់​ទុក​ថា​ជា​ជំងឺ​ឫសដូងបាត ។ នៅ​ពេល​ដែល​មាន​សញ្ញា​ធ្លាក់ឈាម​ហើយ អ្នកជំងឺ​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​គ្មាន​ជំនាញ ពេល​នោះ​គ្រូពេទ្យ​ធ្វើការ​ឆ្លុះ​ស្រាប់តែ​ឃើញ​សរសៃ​ឫសដូងបាត បែរជា​គិត​ថា​ជា​ជំងឺ​ឫសដូងបាត ហើយ​ក៏​ព្យាបាល​ខុស ដែល​តាម​ពិត​គឺ​អាច​បណ្តាល​មក​ពី​ជំងឺមហារីក​ពោះវៀនធំ ។

លោក​សាស្ត្រាចារ្យ​អ៊ុ​ង ចក្រាវុធ បន្ត​ទៀត​ថា នៅ​ពេល​ព្យាបាល​ឫសដូង​បាន​ហើយ អ្នកជំងឺ​ស្រាប់តែ​នៅ​តែ​មាន​សញ្ញា​ធ្លាក់ឈាម ស្រក​គីឡូ ហើយ​នៅ​ពេល​ទៅ​ជួប​គ្រូពេទ្យ​ស្រាប់តែ​ឃើញ​កើត​មាន​ជំងឺមហារីក​ពោះវៀនធំ ក៏​គិត​ថា​បណ្តាល​មក​ពី​ជំងឺ​ឫសដូងបាត វា​គឺជា​ការ​យល់​ខុស ។ ការ​ធ្លាក់ឈាម​ដែល​ពេល​ខ្លះ​អាច​បណ្តាល​មក​ពី​ជំងឺ​ឫ​ដូង​បាត​ដែរ តែ​សូម​គិត​ទៅ​ដល់​ជំងឺមហារីក​ពោះវៀន ជា​ចម្បង ព្រោះ​វា​ជា​ជំងឺ​កាច​សាហាវ​អាច​ឆក់​យក​ជីវិត​របស់​អ្នក​បាន ។

ដូច្នេះ​រាល់ពេល​ដែល​មាន​សញ្ញា​ធ្លាក់ឈាម​តាម​បាត លោក​អ្នក​គួរតែ​ស្វែងរក​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ត្រឹមត្រូវ ច្បាស់លាស់ ដើម្បី​ចៀសវាង​កើត​មាន​ជំងឺមហារីក​ពោះវៀនធំ បែរជា​ច្រឡំ​ថា​ជា​ជំងឺ​ឫសដូងបាត ដែល​នាំ​ឱ្យ​ការ​ព្យាបាល​ខុស​ខាតបង់​ទាំង​ពេលវេលា និង​ប្រាក់ ៕