ខេត្តពោធិ៍សាត់ ៖ កំពង់ហ្លួង គឺជារមណីយដ្ឋានធម្មជាតិមួយក្នុងចំណោមរមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តពោធិ៍សាត់ ដែលមានចំងាយប្រមាណ៣៧គីឡូម៉ែត្រពីទីរួមខេត្ត និង៥គីឡូម៉ែត្រពីទីរួមស្រុកក្រគរ ។ កំពង់ហ្លួងពុំមានទឹកធ្លាក់ ព្រៃភ្នំ និងព្រៃឈើទេ គឺស្ថិតនៅលើផ្ទៃទឹកបឹងទន្លេសាប ។ នៅរដូវប្រាំងទឹកស្រករាក់ ហើយល្អក់ បរិស្ថានមិនសូវល្អ ហើយភ្ញៀវទេសចរក៏មិនសូវទៅលេងដែរ លើកលែងតែភ្ញៀវទេសចរបរទេស ឬអ្នកមកពីចំងាយគេចុះទៅសិក្សាស្វែងយល់អំពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋលើផ្ទះបណ្តែតទឹក ឬការងារនេសាទប៉ុណ្ណោះ ។ នៅរដូវវស្សា ទឹកទន្លេឡើងមកដល់តាមជើងភូមិថ្លាយង់ ពេលនោះសំបូរភ្ញៀវទេសចរទៅលេងច្រើនណាស់ ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌតែម្តង ។
ភ្ញៀវទេសចរអាចជួលទូក កាណូតជិះចេញផុតពីទីប្រជុំជនផ្ទះប្រជាពលរដ្ឋ ទៅលំហែកាយមើលរលកផ្ទៃទឹកដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក។ ជាមួយគ្នានេះភ្ញៀវទេសចរអាចចងទូកកាណូតជាប់នឹងចុងដើមរាំង ដើមក្ទម្ព ងូតទឹកលេងត្រជាក់កាយ ឬក៏បាចទឹកដាក់គ្នាយ៉ាងសប្បាយរីករាយបំផុត ប៉ុន្តែហាមលេងគប់ទឹកកខ្វក់ ទឹកល័ក្ខ ទឹកប្រេងម៉ាស៊ីនបាតកាណូត ឬគប់វត្ថុរឹងដាក់គ្នា ដែលអាចមានគ្រោះថ្នាក់ជាយថាហេតុនាំឱ្យមានភាពសៅហ្មង ។
តាមប្រសាសន៍លោកតាប៉ាច ប៉ុន ជាចាស់ព្រឹទ្ធាចារ្យអាយុ៦៨ឆ្នាំ នៅភូមិបន្ទាយក្រង ស្រុកក្រគរ ឱ្យដឹងថា កាលដើមឡើយកំពង់ហ្លួង គឺជាកំពង់សំរាប់ស្តេចសំចតតាំងពីមុនរជ្ជកាលស្តេចអង្គច័ន្ទរាជាមកម៉្លេះ លុះមកដល់រជ្ជកាលព្រះអង្គកំពង់នោះក៏នៅតែជាកំពង់សំចតរបស់ស្តេចដដែល ។ ក្នុងរជ្ជកាលស្តេចអង្គច័ន្ទរាជា ស្រុកយើងបានធ្វើសឹកសង្គ្រាមជាមួយសៀម ។ ពេលនោះសៀមបានលើកទ័ពមកវាយយកបន្ទាយលង្វែកក្នុងឆ្នាំ១៥៣០ តែពុំបានសំរេច ។ ក្នុងដំណាក់កាលកើតសង្គ្រាម ព្រះអង្គច័ន្ទរាជាបានភៀសព្រះកាយជាច្រើកលើកច្រើនសាមកគង់ប្រថាប់នៅខេត្តពោធិ៍សាត់ ដោយយាងតាមទូកក្តោងតាមបឹងទន្លេសាប មកសំចតឡើងតាមកំពង់ហ្លួង ក្នុងស្រុកក្រគរ ដែលជាកំពង់របស់ស្តេចយាងចុះយាងឡើងស្ថិតនៅក្នុងឃុំកំពង់ហ្លួងសព្វថ្ងៃនេះ ។
លោកតាឱ្យដឹងទៀតថា ពីដើមជាកំពង់របស់ស្តេចមកសំចតចុះឡើង ហើយយាងបន្តទៅមុខទៀតតាមរទេះគោ រទេះសេះ ឬក៏ដោយសារដំរី។ ទ្រង់យាងទៅតាមផ្លូវហ្លួងឆ្ពោះទៅកាន់កន្លែងដទៃទៀត ដូចជាខេត្តពោធិ៍សាត់យើងនេះ ព្រះអង្គតែងមកគង់ប្រថាប់នៅទីនេះ ដើម្បីលាក់ខ្លួន ឬលំហែកាយ ។ កំពង់ហ្លួងបានជាគេហៅកំពង់ហ្លួងៗ ព្រោះកន្លែងនេះជាកន្លែងកំពង់ស្តេចសំចតយាងចុះយាងឡើងកាលពីជំនាន់ដើម។ រហូតមកដល់សព្វថ្ងៃនេះ កំពង់នេះគេនៅតែហៅកំពង់ហ្លួងៗដដែល ជាការពិតពីដើម គឺជាកំពង់សំចតរបស់ស្តេច ៕
ចែករំលែកព័តមាននេះ