ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​រ៉ឺ​ម៉ក​ម៉ូតូ​ឡើង​ប៉ើង សន្លប់​ស្ដូកស្ដឹង​ទាំង​២​នាក់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ខ្លាំង​ពេក​បាន​បើក​ម៉ូតូ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ឡើង​ប៉ើង​ធ្លាក់​ផ្លូវ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ និង​សន្លប់​ស្តូកស្ដឹង​ទាំង​សងខាង …

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ខ្លាំង​ពេក​បាន​បើក​ម៉ូតូ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ឡើង​ប៉ើង​ធ្លាក់​ផ្លូវ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ និង​សន្លប់​ស្តូកស្ដឹង​ទាំង​សងខាង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៨២ ៨៣ ត្រង់​ចំណុច​ភូមិ​សាលា​គំរូ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ។

ប្រភព​ពី លោក ញ៉ឹង ឈុ​ន​លាប នគរបាល​ចរាចរណ៍​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១០ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1C-7314 បើក​ដោយ​ឈ្មោះ មឿ​ន ម៉ុ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឱ​ម៉ា​ល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ទៅ​បុក​ម៉ូតូ​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ ដែល​មាន​សណ្ដោង​រ៉ឺ​ម៉ក បើក​ដោយ​ឈ្មោះ វង់ បឿ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ស្ពានថ្ម សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។

ប្រភព​បន្ត​ថា នៅ​យប់​នោះ គេ​ឃើញ​ម៉ូតូ​ហុងដា​ធ្វើ​ដំណើរ​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​សណ្ដោង​រ៉ឺ​ម៉ក​ស្រប​ទិស​គ្នា​ប៉ើង​ធ្លាក់​ចេញពី​ផ្លូវ​បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្ដូកស្ដឹង​ទាំង​សងខាង រីឯ​ម៉ូតូ​ខូចខាត​យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់  ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

ប្រជាពលរដ្ឋ​ដែល​នៅ​ម្ដុំ​កន្លែង​កើតហេតុ បាន​និយាយ​ថា អ្នក​ដែល​បើក​ម៉ូតូ​ទៅ​បុក​រ៉ឺ​ម៉ក​នោះ​ទំនងជា​ស្រវឹងស្រា ព្រោះ​ផ្លូវ​ធំ​ទូលាយ មិន​គួរ​កើត​មាន​គ្រោះថ្នាក់​បែប​នេះ​សោះ ៕