ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ធ្វើ​សមយុទ្ធ​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​រួម​គ្នា​បង្ការ​និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ពិធី​សមយុទ្ធ​បង្ការ និង​ទប់ស្កាត់ ពន្លត់​អគ្គិភ័យ ដើម្បី​ដាស់​អារម្មណ៍​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គិ​ភ័យ​ …

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ពិធី​សមយុទ្ធ​បង្ការ និង​ទប់ស្កាត់ ពន្លត់​អគ្គិភ័យ ដើម្បី​ដាស់​អារម្មណ៍​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គិ​ភ័យ​ទាំងអស់​គ្នា ។ ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៧ និង​បាន​កំណត់​យក​ថ្ងៃ​ទី​២២ កុម្ភៈ ធ្វើ​សមយុទ្ធ​រួម​គ្នា ទប់ស្កាត់​គ្រោះ​អគ្គិភ័យ ដើម្បី​ដាស់តឿន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​បាន​យល់​ពី​វិធី​បង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​នេះ​តែ​ម្តង ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើម្បី​បង្ការ និង​ទប់ស្កាត់​អគ្គិភ័យ​កុំ​កើត​មាន​បន្ត​ទៀត​នោះ អាជ្ញាធរ​រាជធានី អង្គការ ស្ថាប័ន​ពាក់ព័ន្ធ បាន​រួម​គ្នា​ប្រារព្ធ​ពិធី​សមយុទ្ធ​បង្ការ និង​ទប់ស្កាត់ ពន្លត់​អគ្គិភ័យ ដោយ​យក​ថ្ងៃ​ទី​២២ កុម្ភៈ តាម​ប្រសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មក​អនុវត្តន៍ ដើម្បី​រួម​គ្នា​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ឲ្យ​មានការ​ថយ​ចុះ​ឈាន​ទៅ​លុប​បំបាត់ និង​ជា​ការ​ដាស់តឿន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​បាន​យល់​ពី​បញ្ហា​គ្រោះ​អគ្គិភ័យ​នេះ ។

មន្ត្រី​ដដែល​បន្ត​ថា បើ​ទោះបីជា​រដ្ឋាភិបាល​ខិតខំ​ពង្រឹង​វិធានការ និង​បង្កើន​កម្លាំង​សមត្ថកិច្ច​ដើម្បី​បង្ការ​អគ្គិភ័យ​ក៏​ដោយ តែ​ចំនួន​នៃ​ការ​កើត​អគ្គិភ័យ​នៅ​តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ក្លាយជា​ក្តី​កង្វល់​ដល់​ពលរដ្ឋ និង​ជា​បន្ទុក​ដ៏​ធំ​របស់​រដ្ឋាភិបាល​ផង​ដែរ ។

លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​ទុក​ថ្ងៃ​២២ កុម្ភៈ ជា​ស្នូរ​ជួង​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ទប់ស្កាត់ និង​បង្ការ​គ្រោះ​អគ្គិភ័យ​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​គ្រោះ​មហន្តរាយ​ដ៏​ធំ​បង្ក​ឲ្យ​មាន​សោកនាដកម្ម​យ៉ាង​ខ្លោចផ្សា​ចំពោះ​ប្រជាពលរដ្ឋ​យើង និង​ជំរុញ​ឲ្យ​មាន​ភាព​ក្រីក្រ​កាន់តែ​ខ្លាំង ។

ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ និង​កងកម្លាំង​អាជ្ញាធរ​រាប់រយ​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​កម្មវិធី​ខាងលើ​នេះ លោក មាន​ប្រសា​ស​ន៏​ថា ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប​បាន​រស់នៅ​ជាមួយ​ឧបករណ៍​ដែល​អាច​បង្កើត​ជា​គ្រោះ​អគ្គិភ័យ​បាន ដូច្នេះ​យើង​ទាំងអស់​គ្នា​មាន​កាតព្វកិច្ច​ចូលរួម​ទប់ស្កាត់ និង​បង្ការ​គ្រោះ​អគ្គិភ័យ ។ លោក​បន្ត​ថា ទីណា កន្លែង​ណា ក៏​អាច​កើត​មាន​គ្រោះ​អគ្គិ​ភ​យ័​បាន​ដែរ មិន​ថា​សំណង់​មិន​រៀបរយ ឬ​អគារ​ខុន​ដូ សណ្ឋាគារ ក្លិប​កំសាន្ត ឬ​សំណង់​នានា​នោះ​ទេ ឲ្យ​តែ​យើង​ធ្វេសប្រហែស ហើយ​នៅ​ពេល​គ្រោះ​អគ្គិភ័យ​កើតឡើង វា​មិន​ត្រឹមតែ​ប៉ះពាល់​តែ​ផ្ទះ​យើង​មួយ​ទេ គឺ​វា​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​អ្នក​ដទៃ​ក្នុង​សហគមន៍​របស់​ខ្លួន​យ៉ាង​អាណោចអាធ័ម​ថែម​ទៀត​ផង មាន​ន័យ​ថា បើ​ឆេះ​ផ្ទះ គឺ​ស្មើ​សូន្យ គ្មាន​សល់​អ្វី​នោះ​ទេ ។

លោក ប៉ា សុ​ជាតិ​វង្ស មាន​ប្រសាសន៍​ទៀត​ថា ហា​នី​ភ័យ​អគ្គិភ័យ​គឺ​នៅ​ជាប់​ជា​និច្ច​ជាមួយ​យើង ដូច្នេះ​ទាមទា​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​ៗ​ចូលរួម​បង្ការ និង​ទប់ស្កាត់ ចំណែក​រដ្ឋបាល​ភ្នំពេញ បាន​ជំរុញ​ឲ្យ​ម្ចាស់​លំនៅ​ដ្ឋា​ន​, គ្រឹះស្ថាន​, ក្លិប​កំសាន្ត​, សណ្ឋាគារ​, ផ្ទះសំណាក់ ជាដើម ត្រូវ​តែ​មាន​បំពង់​ពន្លត់​អគ្គិភ័យ​ឲ្យ​បាន​គ្រប់​ទីតាំង ដើម្បី​ងាយស្រួល​ក្នុង​ការ​ពន្លត់​បឋម​ពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង ឯ​ម្ចាស់​សំណង់ ពេល​សាងសង់​ត្រូវ​ទុក​ផ្លូវ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់គ្រាន់ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ផ្អាក​ការដ្ឋាន​សំណង់​នោះ​សិន ។ លោក​បន្ត​ថា មូលហេតុ​ផ្តើម​ឲ្យ​មាន​អគ្គិភ័យ​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ការ​ផ្សា​ដែក និង​ការ​ធ្វេសប្រហែស​ផ្សេង​ៗ​ទៀត ដូច្នេះ​ការ​បង្កើត​ឲ្យ​មាន​ទិវា​នេះ​ឡើង ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នា​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ ដែល​ជា​កាតព្វកិច្ច​របស់​យើង​ទាំងអស់​គ្នា​តែ​ម្តង ។

លោក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បញ្ហា​គ្រោះ​អគ្គិភ័យ​នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ​របស់​រាជធានី​ភ្នំពេញ និង​មានការ​កើនឡើង​ពី​ឆ្នាំទៅ​មួយ​ឆ្នាំ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៧១​លើក បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​របួស​៦​នាក់ ឆេះ​រថយន្ត​១​គ្រឿង​, ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​១​គ្រឿង​, ឆេះ​ផ្ទះ​២៤៣​ខ្នង​, តូប​៧​តូប​, បន្ទប់​១៥, រោង​៤​កន្លែង​, ក្លិប​កំសាន្ត​១ និង​សម្ភារៈ​ជា​ច្រើន​ទៀត ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី ការ​ស្តុក ការ​បញ្ចូល និង​ការ​ទុកដាក់​ប្រេងឥន្ធនៈ ហ្គា​ស ដោយ​ខុស​បច្ចេកទេស​, ករណី​ផ្សារ​ដែក និង​ភ្លើងចង្ក្រាន ព្រមទាំង​កត្តា​ធ្វេសប្រហែស​មួយ​ចំនួន ។

លោក​បន្ត​ថា រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២២ កុម្ភៈ រៀង​រាល់​ឆ្នាំ ធ្វើ​ជា​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ នេះ​ជា​លើក​ទី​២ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រារ​ព្វ​ពិធី ក្នុង​គោលបំណង​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដ៏​មហន្តរាយ​នេះ ៕