ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ប្តី​ដឹក​អតីត​ប្រពន្ធចុង ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ តែ​ទីបំផុត​…

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​ខណៈ​ឃើញ​ប្តី​បើកឡាន​ដឹក​អតីត​ប្រពន្ធចុង​ក៏​ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ ហើយ​ហក់​តោង​ឡាន​ដែល​កំពុង​បើក​ទៅ​មុខ​តិច​ៗ តែ​ចៃដន្យ​តោង​មិន​ជាប់​​ស្រាប់តែ​ត្រូវ​ …

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​ខណៈ​ឃើញ​ប្តី​បើកឡាន​ដឹក​អតីត​ប្រពន្ធចុង​ក៏​ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ ហើយ​ហក់​តោង​ឡាន​ដែល​កំពុង​បើក​ទៅ​មុខ​តិច​ៗ តែ​ចៃដន្យ​តោង​មិន​ជាប់​​ស្រាប់តែ​ត្រូវ​ឡាន​កិន​បាក់ជើង​ឆ្វេង និង​របួស​រលាត់​មុខមាត់​ធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៧ លើ​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​រង្វង់​មូល​បឹង​យក្ស​ឡោម ស្ថិត​ក្នុងភូមិ​ឡា​បូ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​រថយន្ត​ម៉ា​កតា​កូ​ម៉ា​១​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ កណ្តាល 2A-4027 ជិះ​គ្នា​៤-៥​នាក់​ក្នុង​ឡាន​ឈប់​អែប​ចិញ្ចើម​ផ្លូវ ប្រហែល​១០​នាទី​ក្រោយ ស្រាប់តែ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូឌុប​ក្មេង​ប្រុស​ម្នាក់​អាយុ​៤-៥​ឆ្នាំ​មក​គោះ​ទ្វារ​រថយន្ត ហើយ​ឮ​សូរ​មាត់​ស្ត្រី​ជិះ​ម៉ូតូ​នោះ​ឈ្លោះ​គ្នា​ជាមួយ​អ្នក​បើកឡាន​យ៉ាង​ខ្លាំង​ថា ឲ្យ​ឯង​បើកឡាន​ត្រឡប់​ទៅ​ក្រោយ​វិញ មិន​ឲ្យ​ទៅ​មុខ​ទេ ព្រោះ​ឡាន​នេះ​ជា​ឡាន​របស់​ស្ត្រី​ជិះ​ម៉ូតូ មិន​ឲ្យ​ស្រី​ផ្សេង​ជិះ​ក្នុង​ឡាន​គាត់​ឡើយ ពេល​នោះ​ឃើញ​ស្ត្រី​ជិះ​ម៉ូតូ​រូប​នោះ​ហក់​តោង​កន្លែង​អ្នក​បើកឡាន​ដែល​ឡាន​កំពុង​បើក​ទៅ​មុខ​បណ្ដាល​ឲ្យ​ដួល​ក្បែ​រថយន្ត ហើយ​ស្រែកយំ​យ៉ាង​ខ្លាំង និង​ស្រែកហៅ​អ្នក​នៅ​ក្បែរ​កន្លែង​កើតហេតុ​ឲ្យ​ជួយ ពេល​នោះ​បុរស​ជា​ប្តី​ចុះ​មក​បី​ប្រពន្ធ​ដាក់​ក្នុង​ឡាន រួច​បើក​សំដៅ​ទៅ​ក្រុង​បាន​លុង ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ លោក ហេង ឌី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ដក​ភាស៊ី​បេនឡាន​ក្រុង​បាន​លុង រស់នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​សៀ​ក ក្រុង​បាន​លុង បាន​អះអាង​ប្រាប់​អ្នក​សារព័ត៌មាន​ថា គាត់​ជា​ប្តី​ស្ត្រី​រង​គ្រោះ ហើយ​មុន​ពេល​កើតហេតុ​គាត់​ដឹក​អតីត​ប្រពន្ធចុង បំណង​យក​ទៅ ជិះឡាន​តាក់ស៊ី​នៅ​ផ្លូវបំបែក​យក្ស​ឡោម​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ស្រុក​បរ​កែវ ស្រាប់តែ​ប្រពន្ធដើម​ដឹង ក៏​ទូរស័ព្ទ​ឈ្លោះ​ទាស់​គ្នា​ជាមួយ​គាត់​យ៉ាង​ខ្លាំង ទើប​គាត់​ឈប់​ឡាន​រង់ចាំ​ប្រពន្ធដើម​មក​ដល់ ដើម្បី​ជួប​ចរចា​គ្នា​កុំ​ឲ្យ​ឈ្លោះ​គ្នា ។ លោក ហេង ឌី បន្ត​ទៀត​ថា ពេល​ប្រពន្ធដើម​មក​ដល់ មាន​បំណង​កុំ​ឲ្យ​ប្រពន្ធដើម​ប្រពន្ធចុង​ឈ្លោះ​គ្នា គាត់​ក៏​បើកឡាន​ទៅ​មុខ ស្រាប់តែ​ប្រពន្ធ​ហក់​តោង​ឡាន តែ​ចៃដន្យ​ដួល​ចូល​កង់​ឡាន​ខាងក្រោយ​ផ្នែក​ខាងស្តាំ បណ្ដាល​ឲ្យ​ឡាន​កិន​បាក់ជើង​ឆ្វេង និង​របួស​រលាត់​មុខមាត់​ធ្ងន់ធ្ងរ ។

លោក ហេង ឌី បាន​និយាយ​រៀបរាប់​សាច់​រឿង​ថា ប្រពន្ធដើម​គាត់​មានឈ្មោះ សុខ ចំរើន អាយុ​៤៤​ឆ្នាំ បាន​រៀប​ការ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​២០​ឆ្នាំ ហើយ​មានកូន​២​នាក់ កូនស្រី​ច្បង​អាយុ​១៦​ឆ្នាំ និង​កូនប្រុស​ពៅ​អាយុ​៥​ឆ្នាំ ។ គាត់​បាន​ទៅ​ស្រលាញ់​ស្រី្ត​ម្នាក់​ទៀត​ឈ្មោះ កែវ ស៊ី​ណេ អាយុ​៣៧​ឆ្នាំ ហើយ​ក៏​រស់នៅ​ជាមួយ​គ្នា​បានកូន​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ​ហើយ ហើយ​ក៏​នៅ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ជា​ញឹកញាប់​ដើម្បី​វេរ​លុយ​ចិញ្ចឹម​កូនស្រី ។ លោក​បន្ត​ថា គាត់​និង​ប្រពន្ធចុង​បាន​លែងលះ​គ្នា​៦-៧​ឆ្នាំ​ហើយ ហើយ​ប្រពន្ធចុង​ក៏​មាន​ប្តី​ក្រោយ​ទៀត​ដែរ ហើយ​គាត់​ជា​ប្តី​ក៏​បាន​មក​រស់នៅ​ជាមួយ​ប្រពន្ធដើម​វិញ ដោយ​ប្រពន្ធដើម​ខ្លាច​ទាក់ទង​ជាមួយ​ប្រពន្ធចុង​ជា​ថ្មី​ម្តងទៀត ទើប​កើតរឿង​នេះ​ឡើង ។ គាត់​បាន​ត្អូញត្អែរ​ថា គ្មាន​បំណង​ចង់​ឲ្យ​ប្រពន្ធដើម​គ្រោះថ្នាក់​នោះ​ទេ នេះ​ជា​រឿង​ចៃដន្យ​ប៉ុណ្ណោះ ។

បច្ចុប្បន្ន ស្ត្រី​ប្រពន្ធដើម​ដែល​រង​របួសធ្ងន់​កន្លែង​ប្រអប់​ជង្គង់​ជើង​ខាង​ធ្វេ​ង ថ្លោះ​ឆ្អឹង ត្រូវ​បាន​ប្តី​យក​ទៅ​ព្យាបាល​គ្រួ​ខ្មែរ ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង តែ​មិន​គ្រោះថ្នាក់​ដល់​ជិ​វិត​នោះ​ទេ ៕