ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ខ្មែរ​យើង​ កំពុង​​រង់​​ចាំទទួល​សម្តេចតេជោ ហ៊ុន សែន នៅញូវយ៉ក​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅ​ពេល​យន្ត​ហោះ​ពិសេស​របស់​សម្តេច ចុះ​​​ចត​ ចាក់ប្រេង នៅទឹកដី Alaska សហរដ្ឋអាមេរិក នាយប់ថ្ងៃទី២១ ខែកញ្ញានេះ សម្តេចតេជោ…

ភ្នំពេញ៖ នៅ​ពេល​យន្ត​ហោះ​ពិសេស​របស់​សម្តេច ចុះ​​​ចត​ ចាក់ប្រេង នៅទឹកដី Alaska សហរដ្ឋអាមេរិក នាយប់ថ្ងៃទី២១ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារ​ជាសំឡេង​ជូនជនរួម​ជាតិ​។ សម្តេច​តេជោ នឹងត្រូវហោះពី Alaska ទៅកាន់​ញូវយ៉ក ដែល​នៅទីនោះ មានប្រជាពលរដ្ឋខ្មែរយើង កំពុងរង់ចាំទទួលសម្តេច​។

ក្នុងសារជាសំឡេង សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេច និងគណៈប្រតិភូពិសេស បាន​ទៅដល់​ Alaska នៅម៉ោងជិត ១០យប់ ម៉ោងនៅកម្ពុជា បន្ទាប់ពីហោះហើយរយៈពេល ៥ម៉ោង ចេញពីភ្នំពេញ ទៅកាន់ Osaka ប្រទេសជប៉ុន ដើម្បីចុះចាក់សាំង ហើយ​បន្តចេញពី​ Osaka ទៅកាន់ Alaska សហរដ្ឋអាមេរិក ដោយប្រើពេលហោះហើរ ៦ម៉ោង និង ៥៤នាទី។ យន្តហោះ​ពិសេសសម្តេចតេជោ នឹងចំណាយពេលហោះហើរ ៦ម៉ោង និង ២៤នាទី ពី Alaska ទៅកាន់ New York។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គណៈប្រតិភូទាំងអស់ សម្រាក និងធ្វើដំណើរបានស្រួល ហើយកម្រិតនៃការហោះហើរ ក្នុងរង្វង់ ១០០០គ.ម ក្នុង ១ម៉ោង ដែលជាការធ្វើដំណើរស្រួល ប្រៀបធៀបនឹង​ការធ្វើដំណើរលើកមុន​។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ការធ្វើដំណើរ​ពី​អូឡាស្កា ទៅកាន់ញូវយ៉ក នឹងមានភាពល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា មានបងប្អូន​ខ្មែរយើង​មួយចំនួន កំពុងរង់ចាំទទួលសម្តេច នៅទីក្រុងញូវយ៉ក​។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល រួមទាំងចៅស្រី ២នាក់ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅសហរដ្ឋអាមេរិក បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២។

ហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់​​នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា” ចាប់ពីថ្ងៃទី២១ ដល់២៣ ខែកញ្ញាឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបបន្តបន្ទាប់គ្នា​ជាមួយលោក អាន់ តូនីញ៉ូ ហ្វូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកស្រី​ សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ​ប្រជាមានិតបង់ក្លាដែស លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាម៉ូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ហើយនិងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ