ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បោះ​បាយបិណ្ឌ មាន​ឆ្លាក់​រូប​ទុក​លើ​ហោជាង​ថ្ម​ប្រាសាទ​តា នៅ​ខេត្តសៀមរាប

1 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បាយបិណ្ឌ​គេ​ដឹង​ទូទៅ​ថា រៀបចំ​បោះ​ឱ្យ​ប្រេត ។ តើ​យើង​ស្គាល់​រូប​ប្រេត​តាំងពី​ពេល​ណា ? នៅ​ពេល​បច្ចុប្បន្ន​នេះ យើង​ស្គាល់​ប្រេត នៅ​តាម​រូបគំនូរ​ក្នុង​ទី​វត្ត​អារាម…

ខេត្តសៀមរាប ៖ បាយបិណ្ឌ​គេ​ដឹង​ទូទៅ​ថា រៀបចំ​បោះ​ឱ្យ​ប្រេត ។ តើ​យើង​ស្គាល់​រូប​ប្រេត​តាំងពី​ពេល​ណា ? នៅ​ពេល​បច្ចុប្បន្ន​នេះ យើង​ស្គាល់​ប្រេត នៅ​តាម​រូបគំនូរ​ក្នុង​ទី​វត្ត​អារាម និង​តាម​ជញ្ជាំង នៃ​ព្រះ​វិហារ ព្រះពុទ្ធ​សាសនា​ប៉ុណ្ណោះ ។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​វប្បធម៌​ខ្មែរ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា លោកគ្រូ អាំង ជូ​លាន បាន​ប្រទះ​ឃើញ​រូបភាព​ប្រេត នៅ​លើ​ចម្លាក់​មួយ​នៅ​ប្រាសាទ​តា នៃ​ក្នុង​តំបន់​អង្គរ ហើយ​ប្រហែល​មាន​តែ​មួយ​គត់ ដែល​ចាស់​ជាងគេ​ក្នុង​សិល្បៈ​ខ្មែរ ។

អ្នក​បុរាណ​វិទូ និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រិ​ទ្ធី បាន​លើក​បង្ហាញ​ឱ្យ​ឃើញ​ថា យោង​តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​មហាយាន (Kāraṇḍavyūha) ដែល​បាន​សរសេរ​នៅ​ក្នុង​តំបន់​កា​ស្មៀ នៃ​ប្រទេស​ឥណ្ឌា តាំងពី​អំឡុង​សតវត្សរ៍ ទី​៥ នៃ​គ្រិស្តសករាជ និយាយ​ពី​រឿងរ៉ាវ​របស់​ព្រះ​អ​វ​លោ​កិ​តេ​សូរ ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​យក​មក​ប្រតិបត្តិ ក្នុង​រជ្ជកាល​របស់​ព្រះ​អង្គ នៅ​ចុង​សតវត្សរ៍ ទី​១២ មាន​បង្ហាញ​រឿង​ព្រះ​អ​វ​លោ​កិ​តេ​សូរ​សង្គ្រោះ​ប្រេត ។

តាំង​តែ​ពី​ជាង​៩០០​ឆ្នាំ​មុន អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​ជ័យ​វរ្ម័ន ទី​៧ ទំនងជា​ប្រតិបត្តិ​គម្ពីរ​ព្រះពុទ្ធ​សាសនា មហាយាន (Kāraṇḍavyūha) តាំងពី​អំឡុង​ចុង​សតវត្សរ៍ ទី​១២ និង​ដើម​សតវត្សរ៍ ទី​១៣ នៃ​គ្រី​ស្ត​សករាជ សម្រាប់​ស្រោចស្រង់​អ្នក​ស្លាប់​ក្នុង​ចម្បាំង​បង្ហូរឈាម​ដ៏​ធំ​មួយ ដើម្បី​រំដោះ​រាជធានី​អង្គរ ចេញពី​ទ័ព​ចម្ប៉ា ។

ដោយសារ​តែ​ចម្បាំង​នោះ ធ្វើ​ឲ្យ​រាស្ត្រ​ជា​ច្រើន​បាន​ស្លាប់ រួម​ទាំង​ព្រះ​ញាតិវង្ស​ផង រង​ទុក្ខវេទនា និរាស​ព្រាត់ប្រាស់​គ្រួសារ ព្រមទាំង​កងទ័ព​របស់​ព្រះ​អង្គជា​ច្រើន​បាន​ពលី​ជីវិត ។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​ជឿ​ថា ព្រះ​ញាតិវង្ស មន្ត្រី រាស្ត្រប្រជា និង​កងទ័ព​ខ្លះ បាន​សុគត និង​ស្លាប់​ទាំងនោះ មិនដឹង​វិញ្ញាណ​ក្ខ័​ន្ធ​ទៅ​ដល់​ទីណា ឬ​ខ្លះ​ដែល​អាច​នឹង​ទៅ​កើតជា​ប្រេត ទទួល​រង​ទុក្ខទោស​នៅ​ឯ​ឋាន​ប្រេត ។ មាន​តែ​ព្រះ​អ​វ​លោ​កិ​តេ​សូរ​ទេ តាម​ទំនៀម​ក្នុង​គម្ពីរ (Kāraṇḍavyūha) មាន​អំណាច និង​លទ្ធភាព​ជួយ​សង្គ្រោះ​ពួក​ប្រេត​ទាំងនោះ ឲ្យ​រួច​ផុត​ពី​ទុក្ខទោស និង​ឲ្យ​វិល​មក​កើតជា​មនុស្ស​វិញ​បាន ។

រឿងរ៉ាវ និង​ភស្ដុ​តាង​អំពី​ប្រេត​នេះ បាន​ឆ្លាក់​រូប​ទុក​នៅ​លើ​ហោជាង​ថ្ម នៃ​ខ្លោងទ្វារ​ខាងកើត​របស់​ប្រាសាទ​តា នៃ​ក្នុង​ទឹកដី​ខេត្តសៀមរាប បន្សល់​ទុក​មក​ដល់​បច្ចុប្បន្ន ។

លើស​ពី​នេះ​ទៀត នៅ​ក្នុង​ជំនឿ​របស់​ព្រាហ្មណ៍​សាសនា ដើម្បី​សង្គ្រោះ​ពួក​ប្រេត​ទាំងឡាយ ឲ្យ​អាច​វិល​មក​កើតជា​មនុស្ស​វិញ​បាន​នោះ មាន​កិច្ច​ពិធី​មួយ គឺ​បោះ​បាយបិណ្ឌ ដែល​បុព្វបុរស​ខ្មែរ​តែងតែ​ធ្វើ​រហូត​ក្លាយទៅជា​ប្រពៃណី​របស់​ខ្លួន​មក​ដល់​បច្ចុប្បន្ន​។

លោក អ៊ឹម សុខ​រិ​ទ្ធី បានឱ្យ​ដឹង​ថា តាម​សិលា​ចារិក​ថ្នល់​បារាយណ៍ លេខ​សំគាល់ K279 គឺ​និយាយ​អំពី​ពិធីបុណ្យ​មួយ​តាម​ព្រហ្មញ្ញសាសនា ដែល​ភាសាសំស្ក្រឹត​ហៅ​ថា «​ស្រា​ទ្ធ​» គឺជា​ពិធី​បោះ​បាយបិណ្ឌ ដើម្បី​ជួយ​ស្រោចស្រង់​ដល់​ព្រលឹង​អ្នក​ស្លាប់​ដែល​បាន​ទៅ​កើតជា​ប្រេត​ហើយ​នោះ ឱ្យ​អាច​វិល​ត្រឡប់​មក​កើតជា​មនុស្ស​វិញ ។

ការ​បោះ​បាយបិណ្ឌ មិនមែន​ក្នុង​ន័យ​បោះ​ដើម្បី​ឲ្យ​ពពួក​ប្រេត ដែល​កំពុង​ស្រេកឃ្លាន​ទាំងនោះ បាន​ទទួលទាន​ចំអែត​ក្រពះ​ទេ គឺ​បាយ​ដែល​គេ​ពូត​ចេញពី​អង្ករដំណើប ដែល​ស្អិត​ចំនួន ១៩​ពំនូត ជា​តំណាង​ឲ្យ​រូប​កាយ​ដែល​អាច​ឲ្យ​ព្រលឹង​របស់​អ្នក​ស្លាប់ ដែល​កើត​ទៅ​ជា​ប្រេត អាច​មក​ចាប់​យក​រូប​កាយ​បាន ហើយ​ក៏​អាច​វិល​មក​កើតជា​មនុស្ស​វិញ​បាន ។

តាម​ទំនៀម​ខ្មែរ​ជឿ​ថា មនុស្ស​គ្រប់​រូប គឺ​មាន​ធាតុ​ពីរ​សំខាន់​គឺ ៖ ទី​១​នាម​(​ព្រលឹង​) ទី​២​គឺ​រូប​(​រាង​កាយ​) នៅ​ពេល​ដែល​មនុស្ស​ស្លាប់​ទៅ​នៅ​សល់​តែ​នាម​គឺ​ព្រលឹង ចំណែកឯ​រូប​វិញ គឺ​បាន​រលាយ​បាត់​ទៅ​ហើយ ។ ដោយសារ​ហេតុផល​នេះ គេ​ជឿ​ថា ដើម្បី​ឱ្យ​អ្នក​ស្លាប់​អាច​វិល​មក​កើតជា​មនុស្ស​វិញ​បាន គឺ​ទាល់តែ​ធ្វើ​ឱ្យនាម និង​រូប​បាន​ភ្ជាប់​គ្នា​ឡើង​វិញ ដូច្នេះ​ហើយ​បានជា​បុព្វបុរស​ខ្មែរ ប្រារ​ព្វ​ធ្វើ​ពិធី​បោះ​បាយបិណ្ឌ នៅ​ក្នុង​ពេល​ភ្ជុំបិណ្ឌ​នេះ​ឡើង ។

តើ​ពិធី​បោះ​បាយបិណ្ឌ ធ្វើ​បាន​តែ​នៅ​ពេល​ភ្ជុំបិណ្ឌ​ឬ​នៅ​ពេល​ណាខ្លះ​ទៀត ? តាម​អ្នក​ស្រាវជ្រាវ​សិលា​ចារិក​សម័យ​បុរាណ បាន​រក​ឃើញ​ថា ពិធី​បោះ​បាយបិណ្ឌ ដើម្បី​ជួយ​ស្រោចស្រង់ ព្រលឹង​អ្នក​ស្លាប់ ដែល​បាន​ទៅ​កើតជា​ប្រេត ឱ្យ​អាច​វិល​ត្រឡប់​មក​កើតជា​មនុស្ស​វិញ​នោះ មិនមែន​អាច​ធ្វើ​បាន​តែ​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ប៉ុណ្ណោះ​ទេ ។ ពិធី​នេះ គឺ​អាច​ធ្វើ​បាន​៤​ដង​ក្នុង​១​ឆ្នាំ គឺ​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ពេល​ព្រឹត្តិការណ៍​យប់ និង​ថ្ងៃ​ស្មើគ្នា​(​សម​រាត្រី​) កើតឡើង​២​ដង​ក្នុង​១​ឆ្នាំ នៅ​ពេល​មាន​ព្រឹត្តិការណ៍​យប់​វែង​ជាង​ថ្ងៃ​កើតឡើង​ម្ដង​ក្នុង​១​ឆ្នាំ និង​នៅ​ពេល​ដែល​មាន​ព្រឹត្តិការណ៍​ថ្ងៃ​វែង​ជាង​យប់​កើតឡើង​ម្ដង​ក្នុង​១​ឆ្នាំ ។

នៅ​ស្រុក​ឥណ្ឌា តាម​ជំនឿ​ព្រហ្មញ្ញសាសនា ការ​បោះ​បាយបិណ្ឌ ដើម្បី​ជួយ​ស្រោចស្រង់ ព្រលឹង​អ្នក​ស្លាប់ ដែល​បាន​ទៅ​កើតជា​ប្រេត ឱ្យ​អាច​វិល​ត្រឡប់​មក​កើតជា​មនុស្ស​វិញ​នោះ គឺ​គេ​ធ្វើ​ឡើង​ទៅ​តាម​គ្រួសារ​តូច​ៗ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ទំនៀម​នេះ ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​បុរាណ យក​មក​ធ្វើ​ជា​ទម្រង់​ពិធី​ធំ និង​ទូលំទូលាយ​របស់​ខ្មែរ សម្រាប់​ញាតិសន្តាន​ច្រើន​ជំនាន់ សាច់​សារ​លោហិត មនុស្ស​ចាស់ ក្មេង​ៗ អ្នក​ពុំ​មាន​ទី​ពំនាក់ ជា​ពិសេស​គឺ​ដឹងគុណ​ដល់​អ្នក​សេ្ន​ហា​ជាតិ​ទាំងឡាយ​ដែល​បាន​ស្លាប់​ដោយសារ​ការ​ធ្វើ​ចម្បាំង​ការពារ​ទឹកដី ប្រទេស​ជាតិ ក៏​ទទួល​បានការ​ឧទ្ទិស​នេះ​ផង ហើយ​បន្តបន្ទាប់​មក​ទៀត កិច្ច​ពិធី​នេះ​បាន​ក្លាយទៅជា​ពិធីបុណ្យ​ធំដុំ​រហូត​ដល់​ក្លាយជា​បុណ្យ​ជាតិ និង​ប្រពៃណី​ដ៏​ធំ​ជាងគេ​តែ​ម្ដង​៕
(​ប្រភព​ពី​អាជ្ញាធរ​ជាតិ​អប្សរា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ