ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ទៅ​​ថៃ ត្រូវ​ទៅ​ដោយ​ស្របច្បាប់ ងាយស្រួល​រក​ការងារ​ធ្វើ និង​មាន​សុវត្ថិភាព​ខ្ពស់

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​ដំណាំ​កសិផល​ដូច​ជា ស្រូវ ពោត សណ្តែក ដំឡូង​មី និង​ដំណាំ​ផ្សេង​ៗ មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក មិន​អាច​ឱ្យ​ពួក​គាត់​សង​ថ្លៃ​ជំពាក់​បំណុល …

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​ដំណាំ​កសិផល​ដូច​ជា ស្រូវ ពោត សណ្តែក ដំឡូង​មី និង​ដំណាំ​ផ្សេង​ៗ មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក មិន​អាច​ឱ្យ​ពួក​គាត់​សង​ថ្លៃ​ជំពាក់​បំណុល​រួច ទើប​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ប្រជាពលរដ្ឋ​ខ្មែរ ក្មេង ចាស់ ប្រុស ស្រី ស្ទើរតែ​គ្រប់​ភូមិ​-​ឃុំ​ទាំងអស់ បាន​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការ​ងរ​ធ្វើ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ផ្សេង​ៗ​ទៀត ។ តែ​អ្នក​ដែល​ចេញ​ទៅ​ស្របច្បាប់​ងាយស្រួល​រក​ការងារ​ធ្វើ ទទួល​បាន​ប្រាក់ខែ​ខ្ពស់ ថៅកែ​មិន​ងាយ​បោកប្រាស់ និង​មាន​សុវត្ថិភាព​ជាង​អ្នក​ដែល​ចេញ​ទៅ​ដោយ​មិន​ស្របច្បាប់ ។

ជាក់ស្តែង​នៅ​ក្នុង​រោងចក្រ​ផលិត​ដប​ទឹកបរិសុទ្ធ​មួយ​កន្លែង ស្ថិត​នៅ​ទីរួមខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ ជាប់​នឹង​ខេត្ត​ប៉ៃលិន មាន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ស្នាក់​នៅ​ធ្វើការ​ទីនោះ ដោយ​មក​ពី​បណ្តា​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ពោធិ៍សាត់ ព្រៃវែង និង​ខេត្តស្វាយរៀង​ជាដើម ។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ ទន់ សុភា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ខេត្តស្វាយរៀង បានឱ្យ​ដឹង​ថា ដោយសារ​តែ​ជីវភាព​ខ្វះខាត និង​ជំពាក់​បំណុល​គេ​គ្មាន​អ្វី​សង ទើប​លក់​ដីស្រែ​ចម្ការ​អស់រលីង​ដើម្បី​សងបំណុល​គេ​រួច ក្រោយមក​គាត់​បាន​នាំ​ប្រពន្ធ​កូន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដោយ​បាន​ធ្វើ​លិខិតឆ្លងដែន និង​លិខិត​ស្នាក់​នៅ​ធ្វើ​ការងារ​នៅ​ក្នុង​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។ ការ​ធ្វើ​លិខិត​ស្នាក់​នៅ​នេះ​រយៈពេល​២​ឆ្នាំ​ទើប​ផុតកំណត់ ហើយ​ថៅកែ​បាន​រៀបចំ​ធ្វើ​ជូន​ពួក​គាត់​ម្តងទៀត ។

ប្រភព​បន្ត​ទៀត​ថា គាត់​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​ដប​ទឹក​សុទ្ធ​ដោយ​ក្នុង​រោងចក្រ​នេះ​មាន​ពលករ​ខ្មែរ​ចំនួន​១១​នាក់ មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ ។ គាត់​បញ្ជាក់​ថា ដោយសារ​តែ​គាត់​ជា​មេជាង​នៅ​ក្នុង​រោងចក្រ ១​ខែ​ទទួល​បាន​ប្រាក់ខែ​ចំនួន​១​ម៉ឺន​៤​ពាន់​បាត​(​ប្រាក់​ថៃ​) ។ ចំណែក​ប្រពន្ធ និង​កូន​របស់​គាត់ ទទួល​បាន​ប្រាក់ខែ​ម្នាក់​៨​ពាន់​បាត ដោយ​ផ្ញើ​តាម​វី​ង​ទៅ​ស្រុក​កំណើត ដើម្បី​ឱ្យ​កូន​៣​នាក់​ទៀត​បាន​រៀនសូត្រ​នឹង​គេ​ផង​ដែរ ។

បុរស​ម្នាក់​ឈ្មោះ ជា សុភា អាយុ​៣៤​ឆ្នាំ រស់នៅ​ខេត្តស្វាយរៀង​ដែរ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ក្នុង​១​ខែ​លោក​ទទួល​បាន​ប្រាក់ខែ​ពី​ថៅកែ​រោងចក្រ​ផលិត​ដប​ទឹក​សុទ្ធ​ជាង​១​ម៉ឺន​បាត​(​ប្រាក់​ថៃ​) ដោយ​បាន​ចាក​ចេញពី​ស្រុក​កំណើត​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ធ្វើ​ការងារ​ជាមួយ​ប្រពន្ធ​កូន ហើយ​ជា​រៀង​រាល់​ខែ​គាត់​បាន​ផ្ញើ​ប្រាក់​តាម​វី​ង​ជូន​ម្តាយ​នៅ​ឯ​ស្រុក​កំណើត​ចំនួន​២​ម៉ឺន​បាត​ផង​ដែរ ។ លោក​បន្ត​ទៀត​ថា បើ​ប្រជាពលរដ្ឋ​ខ្មែរ​ចង់ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ត្រូវ​តែ​ធ្វើ​លិខិតឆ្លងដែន​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការ​បោកប្រាស់​ពី​ថៅកែ និង​ការ​ដេញ​ចាប់ពី​សំណាក់​តម្រួត​ថៃ​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ ហើយ​ក៏​មានការ​លំបាក​ក្នុង​ស្នាក់​នៅ​ក្នុង​ប្រទេស​គេ​ផង​ដែរ ។ ដូច្នេះ​លោក​ក៏​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ កុំ​ស្តាយ​ប្រាក់​ធ្វើ​លិខិតឆ្លងដែន បើ​ចង់​រស់នៅ​ធ្វើការ​ប្រទេស​គេ​ទទួល​បាន​ប្រាក់​ខ្មែរ​ខ្ពស់ និង​មាន​សុវត្ថិភាព ។

លោក​ក៏​សំណូមពរ​ដល់​អាជ្ញាធរ​កម្ពុជា សូមកុំ​យក​ថ្លៃ​ធ្វើ​លិខិតឆ្លងដែន​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន​ច្រើន​ៗ​ពេក គួរ​បញ្ចុះតម្លៃ​សមរម្យ ដើម្បី​ឱ្យ​អ្នក​ក្រីក្រ​លំបាក​អាច​មាន​ប្រាក់​ធ្វើ​លិខិតឆ្លងដែន​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ ឬ​ប្រទេស​ផ្សេង​ៗ​បាន​ស្រួល​ផង​ដែរ ។

សូម​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​តម្រួត​ថៃ​ចាប់​បញ្ជូន​ចូល​គុក និង​បញ្ជូន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ៕