ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត​នាយករដ្ឋមន្ត្រីកម្ពុជា ជាមនុស្សស្រីនៃត្រកូល​ ហ៊ុន?

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណ​:​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ចាក​ចេញពី​ភ្នំពេញ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧ នៅ​បុរី​ញូ​វ​យ៉​ក​សហរដ្ឋអាមេរិក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​គុយ​បា និង​ចូលរួម​ពិធីបុណ្យ​ស​.​ព លោក ស៊ី​ន​ហ្សូ អា​បេ អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​។

ក្នុង​ដំណើរ​បំពេញបេសកកម្ម​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ នា​ពេល​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​នាំ​ចៅស្រី​ច្បង​របស់​សម្តេច ដែល​មាន​អាយុ​ជាង ២០​ឆ្នាំ និង​ទើប​រៀន​ចប់​ថ្នាក់​វិទ្យាសាស្ត្រ​នយោបាយ នៅ​ប្រទេស​អឺរ៉ុប​ទៅ​ជាមួយ​ផង​។

ក្រៅពី​ឡើង​ថ្លែងការណ៍​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ ក្នុងអំឡុងពេល​ស្នាក់​នៅ​ទីក្រុង​ញូ​វ​យ៉​ក សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ក៏​នឹង​មាន​ជំនួប​បន្តបន្ទាប់​គ្នា​ជាមួយ​លោក អាន់ តូ​នី​ញ៉ូ ហ្វូ​ទែ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក ឆា​លស៍ មី​ឆែ​ល ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោកស្រី សេក្ខ ហា​ស៊ី​ណា នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស​ជួប​លោក​បណ្ឌិត ចូ​ហ្សេ ម៉ា​នូ​អែ​ល រ៉ា​ម៉ូ​ស អរ​តា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត និង​ជួប​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​ផង​ដែរ​។

នៅ​ពេល​ឡើង​យន្តហោះ​ពិសេស មុន​ចាក​ចេញពី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​កអម​ដោយ​រូបថត​ជាមួយ​ចៅស្រី ២​នាក់​របស់​សម្តេច ដោយ​សរសេរ​ថា «​យក​ចៅស្រី ទៅ​ជាមួយ ដើម្បី​ឱ្យ​រៀនធ្វើការ​»​។

សូម​រម្លឹក​ថា ចៅស្រី​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២២ បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​បរទេស​។​ចៅស្រី​ច្បង​របស់​សម្តេច​តេ​ជោ ជា​កូនស្រី​របស់​លោកស្រី ហ៊ុន ម៉ា​ណា ដែល​ជា​កូន​ទី​២ របស់​សម្តេច​ក្នុង​ចំណោម​បងប្អូន​៥​នាក់​។

ក្នុង​វេទិកា និង​ពិធី​សម្ពោធ​សមិទ្ធផល​ក៏​ដូច​ជា ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​ជា​ច្រើន​កន្លង​មក សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​ប្រកាស​ពី​ការ​បណ្តុះ​បណ្តាក​កូនចៅ ពិសេស​ចៅស្រី ធ្វើ​ជា​អនាគត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​។ សម្តេច​ចង់​ក្លាយជា​ឪពុក​នាយក​រដ្ឋមន្ត្រី និង​ជា​ជីតា​របស់​នាយក​រដ្ឋមន្ត្រី​។

នៅ​ពេល​នេះ អ្វី​ដែល​សម្តេច​តេ​ជោ គិត​ទុក គឺ​លោក ហ៊ុន ម៉ា​ណែ​ត កូនច្បង​របស់​សម្តេច​បាន​ក្លាយជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​អនាគត​ហើយ​។​ពោល គឺ​អស់ពី​សម្តេច ជា​ឪពុក​ទៅ គឺ​កូន​របស់​សម្តេច​នេះ​ហើយ​ជា​អ្នក​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​បន្ត​ពី​ឪពុក​នៅ​ពេល​បោះ​ឆ្នោត ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​។

គណៈរដ្ឋមន្ត្រី​ថ្មី ដែល​មាន​លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី រួម​ទាំង​គណៈរដ្ឋមន្ត្រី សុទ្ធតែ​ជា​អ្នក​បន្តវេន​វ័យ​ក្រោម​៦០​ឆ្នាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​រួចរាល់​ហើយ​។ ដូច្នេះ​អាច​និយាយ​បាន​ថា បំណង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ជា​ឪពុក​នាយក​រដ្ឋមន្ត្រី បាន​សម្រេច ៩០% រួច​ទៅ​ហើយ​។

ម្យ៉ាងទៀត តាម​កាលៈទេសៈ និង​ការ​គូសវាស​កន្លង​មក បង្ហាញ​យ៉ាង​ច្បាស់ ដោយ​ឥត​សង្ស័យ​ថា ក្នុង​ការ​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ នៅ​ខែកក្កដា ឆ្នាំ​២០២៣ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​បន្ត​ឈរឈ្មោះ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដដែល​។ ប៉ុន្តែ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ហើយ​សម្តេច ក្លាយជា​នាយក​រដ្ឋមន្ត្រី​ហើយ​នោះ អាច​នឹង​សម្តេច​តេ​ជោ លាលែង នៅ​ពាក់កណ្តាល​អាណត្តិ ហើយ​ប្រគល់​តំណែង​នាយក​រដ្ឋមន្ត្រី ដល់​លោក ហ៊ុន ម៉ា​ណែ​ត ជា​កូន​។

មូលហេតុ កាលពី​ខែកក្កដា ឆ្នាំ​២០២២ នេះ រាជរដ្ឋាភិបាល បាន​កែ​រដ្ឋធម្មនុញ្ញ លើក​ទី​១០ ត្រង់​មាត្រា​១២៥ ថ្មី (​មួយ​) ដែល​បាន​បើកផ្លូវ​ឱ្យ​នាយក​រដ្ឋមន្ត្រី អាច​លាលែង ហើយ​គណៈរដ្ឋមន្ត្រី​ថ្មី នឹង​កើតឡើង​ភ្លាម​។​មាត្រា​១២៥​ថ្មី (​មួយ​) ចែង​ថា «…​បើ​តំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ ដោយហេតុ​ជា​អាទិ៍​មក​ពី​ការ​ទទួលអនិច្ចកម្ម ឬ​ការ​លាលែង​ពីមុខ​តំណែង គណៈរដ្ឋមន្ត្រី​ថ្មី​មួយ ត្រូវ​តែងតាំង​ជា​បន្ទាន់ ក្នុង​លក្ខខណ្ឌ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​។

ប្រធានរដ្ឋសភា ត្រូវ​កោះ​ប្រជុំ​រដ្ឋសភា​ជា​បន្ទាន់ និង​ត្រូវធ្វើ​ចំណាត់ការ​ចាំបាច់​ដទៃ​ទៀត ដោយ​រួសរាន់ ក្នុង​រយៈពេល ៧​ថ្ងៃ​យ៉ាង​យូរ បន្ទាប់​ពី​បាន​ទទួល​សំណើ​ពី​គណបក្ស ដែល​មាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​រដ្ឋសភា​»​។និយាយ​ពី​ចៅស្រី​ច្បង​របស់​សម្តេច​វិញ គឺ​កន្លង​មក​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប កន្លង​មក សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​ជួប និង​នាំ​ចៅ​ចូល​ជួប​មេដឹកនាំ​នានា រួច​មក​ហើយ​។

ក្នុង​នោះ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក ជាមួយ​ចៅស្រី​ច្បង​របស់​សម្តេច និង​បាន​បញ្ជាក់​ថា ដោយសារ​ការ​នឹករលឹក​ជីតា​ពេក ចៅស្រី ដែល​កំពុង​សិក្សា​នៅ​ប្រទេស​បារាំង ខំ​ជិះ​យន្តហោះ​ស្កាត់​មក​ជួប​សម្តេច នៅ​ប្រទេស​ហុង​គ្រី ទី​ដែល​សម្តេច​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​។

កាល​ណោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចូល​ជួប​សំដែង​ការ​គួរសម ជាមួយ​ប្រធានាធិបតី និង​ប្រធាន​សភា​ហុង​គ្រី ហើយ​សម្តេច ក៏​បាន​នាំ​ចៅស្រី​ច្បង​របស់​សម្តេច ចូលរួម​ជាមួយ​គណៈប្រតិភូ​ផង​ដែរ ដើម្បី​ឱ្យ​ចៅ​ស្គាល់​ពី​របៀប​ធ្វើការ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​។

ចំណែក​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ពេល​សម្តេច​តេ​ជោ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប៊ុល​ហ្កា​រី​។​សម្តេច​តេ​ជោ ក៏​បាន​នាំ​ចៅស្រី​ច្បង​របស់​សម្ដេច​ឱ្យ​ស្គាល់​ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ប៊ុល​ហ្កា​រី ដើម្បី​ឱ្យ​ចៅ​បាន​យល់​អំពី​របៀប​ចរចា​នៃ​ថ្នាក់ដឹកនាំ​ជាតិ​ក្នុង​ពេល​ដែល​ចៅស្រី​របស់​សម្ដេច​រៀន​យក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ នៅ​សាកលវិទ្យាល័យ​មួយ​នៅ​អឺរ៉ុប​នោះ​។

កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូន​ដំណើរ​ចៅស្រី​ច្បង​របស់​សម្តេច ឡើង​យន្តហោះ ត្រឡប់​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​វិញ​។​កាល​ណោះ​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ឡើង​ថា កូនប្រុស​ច្បង​របស់​សម្តេច​រៀន​ចប់​ថ្នាក់បណ្ឌិត ឯ​ចៅស្រី​ច្បង​មួយ​នេះ​ក៏​បាន​សន្យា​ជាមួយ​សម្តេច​ថា ចៅ​នឹង​យក​ថ្នាក់បណ្ឌិត​ឱ្យ​បាន​។​មក​ដល់​ខែកញ្ញា ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន មាន​ចៅ​សរុប​២២​នាក់​ហើយ គឺ​ចៅ​ច្បង​ជា​កូនស្រី​របស់​លោកស្រី ហ៊ុន មា​ណា ហើយ​ចៅស្រី​ពៅ ក៏​ជា​កូនស្រី​របស់​លោកស្រី ហ៊ុន មា​ណា​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ ការ​យក​កូនចៅ​មក​ធ្វើការ និង​ដើរ​តាម​ជាមួយ​ក៏​មិន​ប្រាកដ​ថា កូន​នោះ ឬ​ក៏​ចៅ​នោះ​អាច​ធ្វើការ​ការងារ​ស្នង​ឪពុក និង​ជីតា​ទៅ​ថ្ងៃ​អនាគត​នោះ​ដែរ​។ កន្លង​មក​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់​យក​លោក ហ៊ុន ម៉ា​នី ជា​កូន​ទី​៤ ដើរ​តាម​សម្តេច​រាប់​ឆ្នាំ​ដែរ​។

តែ​ចុង​ក្រោយ​បែរជា​លោក ហ៊ុន ម៉ា​ណែ​ត ជា​កូនច្បង​ឯណោះ​ទេ ដែល​ត្រូវ​មាន​ជ្រើសតាំង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​អនាគត​ទៅ​វិញ​។
ពេលវេលា​នៅ​វែង​ឆ្ងាយ ហើយ​ចំពោះ​មុខ​នេះ​ក្នុង​ពេល​សម្តេច​តេ​ជោ នៅ​រឹង​មាំ​សម្តេច​រំពឹង​ថា អាច​នឹង​សម្តេច​បំណងប្រាថ្នា ក្លាយជា​ឪពុក​នាយក​រដ្ឋមន្ត្រី ដោយ​លោក ហ៊ុន ម៉ា​ណែ​ត អាច​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី ជំនួស​សម្តេច​បន្ត​ការ​ដឹកនាំ និង​អភិវឌ្ឍ​ប្រទេស ហើយ​បន្ត​ទទួល​ការ​គាំទ្រ​ដូច​រជ្ជកាល​របស់​សម្តេច ដែល​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​វ័យក្មេង​ជាងគេ និង​យូរ​ឆ្នាំ​ជាងគេ​នៅ​លើ​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ