ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​លៀង​មេមត់ មរតក​ជំនឿ​របស់​អ្នកស្រុក​នៅ​តំបន់​អង្គរ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ អ្នកស្រុក​រស់នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ បាន​រៀបចំ​ពិធី​លៀង​មេមត់ មរតក​ជំនឿ​របស់​អ្នកស្រុក​អង្គរ ដែល​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ និង​ជំនឿ​លើ​ព្រលឹង​ដូនតា​ខ្មែរ​។ វា​ជា​រឿង​កម្រ​សម្រាប់

ខេត្តសៀមរាប ៖  នា​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៧ អ្នកស្រុក​រស់នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ បាន​រៀបចំ​ពិធី​លៀង​មេមត់ មរតក​ជំនឿ​របស់​អ្នកស្រុក​អង្គរ ដែល​បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ និង​ជំនឿ​លើ​ព្រលឹង​ដូនតា​ខ្មែរ​។ វា​ជា​រឿង​កម្រ​សម្រាប់​មនុស្ស​សម័យ​ថ្មី​ដែល​បាន​គិតគូរ និង​ជឿ​ស៊ប់​លើ​ជំនឿ មូលហេតុ​ដោយសារ​តែ​ការ​អប់រំ និង​វិទ្យាសាស្ត្រ​ជឿនលឿន​ខ្លាំង​។ ការ​មិន​ស្គាល់​ពី​តម្លៃ និង​មិន​យកចិត្តទុកដាក់​របស់​កូន​ខ្មែរ​ភាគច្រើន រួម​ផ្សំ​នឹង​ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស​ផង​នោះ​បាន​ធ្វើ​ឱ្យ​ទំនៀមទម្លាប់​ខ្មែរ​មួយ​ចំនួន ដែល​ជា​កេរ​មរតក​ដូនតា​បន្សល់​ទុក​រាប់​សតវត្ស​មក​ហើយ ត្រូវ​បាត់បង់ បន្តិច​ម្តង​ៗ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នៅ​តែ​ខិតខំ​រក្សា និង​គោរព​ជំនឿ​ជា​ច្រើន​ឱ្យ​នៅ​រស់រាន​រហូត​ដល់​សព្វថ្ងៃ ជាក់ស្តែង «​ពិធី​លៀង​មេមត់​» ។ ពិធី​នេះ​ជា​ជំនឿ​មួយ​ក្នុង​ចំណោម​ជំនឿ​ជា​ច្រើន ដែល​អ្នក​ភូមិ​នគរ​ក្រៅ និង​ភូមិ​ដទៃ​ទៀត ក្នុង​រមណីយដ្ឋាន​អង្គរ​តែងតែ​ប្រារព្ធ​ធ្វើ​មិន​ដែល​អាក់ខាន ឱ្យ​តែ​ដល់​ខែមាឃ ទោះ​ក្នុង​ថ្ងៃ​ណា​ក៏​បាន ហើយ​ធ្វើ​ពី​យប់​ដល់​ព្រឹក​។ ពួក​គាត់​យល់​ថា លៀង​មេមត់​ជា​ទំនៀម​ពី​បុរាណ អាច​ជួយ​ឱ្យ​ជា​សះស្បើយ​ពី​ជំងឺ​រោគា បណ្តេញ​ខ្មោច ព្រាយ បិសាច ឧបទ្រពចង្រៃ​ចេញពី​ភូមិស្ថាន និង​បួងសួង​លួងលោម​គ្រូបាចារ្យ អ្នកតា​ម្ចាស់​ទឹក ម្ចាស់​ដី ម្ចាស់​ព្រៃ​ព្រឹក្សា ទេវតា​ថែរក្សា​ភូមិ​ស្រុក​ឱ្យ​ជួយ​កូនចៅ​បាន​សេចក្តីសុខ​ចម្រើន ។

ពិធី​ចូល​មេមត់ ឬ​លៀង​មេមត់​នៅ​ភូមិ​នគរ​ក្រៅ តែងតែ​រៀបចំ​ឡើង​នៅផ្ទះ​របស់​គ្រូធំ​ឈ្មោះ​«​គង់​»​ជា​រៀង​រាល់​ឆ្នាំ ហើយ​អ្នក​ចូល​រូប​ទាំងអស់​ត្រូវ​ជួបជុំ​គ្នា​នៅ​ទី​នេះ ដើម្បី​រៀបចំ​គ្រឿង​សក្ការៈ​របស់​ខ្លួន​មុន​នឹង​ពិធី​ចាប់ផ្តើម​នៅ​ពេល​យប់ ។ គ្រូធំ​មាន​តួនាទី​មើល​ការ​ខុស​ត្រូវ​អ​ន្ទោ​ង​យោង​កូនចៅ​ទាំងអស់ ដែល​ចូលរួម តែ​កន្លែង​ខ្លះ​ទៀត​គ្មាន​គ្រូធំ​ទេ មាន​តែ​បុគ្គល​ប៉ុណ្ណោះ ហើយ​គេ​លៀង​នៅ​តែ​ផ្ទះ​អ្នក​ឈឺ ដើម្បី​ឱ្យ​អ្នក​ឈឺ​នោះ​បានជា​សះស្បើយ ។ អ្នក​ចូល​រូប​ក្នុង​ពិធី​មាន​ច្រើន​នាក់ មាន​ទាំង​ចាស់ ទាំង​ក្មេង ស្រី​ផង ប្រុស​ផង ។ ក្នុង​ការ​រៀប​គ្រឿង​រណ្តាប់​ម្ចាស់​រូប​ត្រូវធ្វើ​ដោយ​ខ្លួនឯង តាម​ការ​ពេញចិត្ត​របស់​គ្រូ​កំណើត ឈ្នួ​រ និង​គ្រូ​សណ្ឋិត​រូប​ដែល​បាន​ប្រាប់​ពេល​ដែល​ទៅ​បូល​ឃើញ ឬ​កាល​ចូល​រូប​លើក​មុន ។

គ្រឿង​រណ្តាប់​ទាំងនោះ​មាន​៖ ស្លាធម៌​បញ្ច្រាស និង​បណ្តោយ ដែល​ធ្វើ​ពី​ដើម និង​ស្លឹកចេក ជម​៤ ជម​ម្ចាស់​រូប និង​ជម​គ្រូ​កំណើត​ធ្វើ​ពី​ផ្លែ​ដូង ដើម​ខ្លែង​គង់ ដើម​ចាមរី រូប​ស្វា រូប​តា​ឥសី ។​ល​។ បាយសីប៉ាកឆាម រួម​ទាំង​សម្លៀក​បំពាក់ គ្រឿងអលង្ការ សម្ភារ​ផ្សេង​ៗ​ទៀត និង​គ្រឿង​សំណែន​ផង ។ គ្រឿង​រណ្តាប់​ទាំងអស់​សុទ្ធតែ​សំខាន់ ចំណែក​តន្ត្រី​ក៏​រឹតតែ​សំខាន់​ក្នុង​ពិធី​ដែរ ដែល​ត្រូវ​រៀបចំ​ឱ្យ​ត្រូវ​តាម​ចិត្ត​គ្រូ​កំណើត ឬ​គ្រូ​សណ្ឋិត មាន​បទ​ស្តេច​យាង សំពៅថយ ប្រផាត បទ​ប្រគំ​គ្រូ បទ​ប្រជាប្រិយ​ខ្មែរ និង​បទ​សម័យ​ទំនើប​ជាដើម ។

បើ​តាម​ការ​រៀបរាប់​របស់​អ្នកស្រុក​មួយ​ចំនួន​ថា ក្នុង​ការ​លៀង​មេមត់​នេះ វត្ថុ​បី​ដែល​សំខាន់​ជាងគេ គឺ​ភ្លេង សម្លៀក​បំពាក់ និង​ជម​។ បើ​ភ្លេង សម្លៀក​បំពាក់ ជម​មិន​ដូច​អ្វី​ដែល​គ្រូ​ចង់បាន គ្រូ​ក៏​មិន​ចូល​រូប​អ្នក​ស្នង​ដែរ ។ គ្រូ​នឹង​ធ្វើ​ឱ្យ​រូប​យំសោក ខឹង បោក​កម្ទេច​ជម និង​គ្រឿង​រណ្តាប់​ដទៃ​ទៀត​គ្រវាត់​ចោល ហើយ​ធ្វើ​ឱ្យ​ម្ចាស់​រូប​នៅ​តែ​ឈឺ​មិនជា​ស្រឡះ​ពី​ជំងឺ​ឡើយ ។ ផ្ទុយ​ទៅ​វិញ​បើ​គ្រូ​ពេញចិត្ត គ្រូ​នឹង​លើក​ថែថើប បាញ់​ទឹកអប់​ដល់​វត្ថុ​ទាំងនោះ យក​ទៅ​បង្អួត​គ្រូធំ​សើច​សប្បាយ​រីករាយ ហើយ​ធ្វើ​ឱ្យ​ម្ចាស់​រូប​ជា​ពី​ជំងឺ​សុខកាយ​សប្បាយចិត្ត ។

ស្ត្រី​ឈ្មោះ​គង់ ជា​គ្រូធំ មាន​ស្តេច​ស្វា​ចូល​សណ្ឋិត​ហៅ​«​ព្រះរាជ​គ្រូ​»​មាន​ធ្នូ​ជា​សម្ភារ​សំណព្វចិត្ត​មាន​ប្រសាសន៍​ថា គាត់​មាន​គ្រូ​កាន់​ជាង​៩​ឆ្នាំ​ហើយ ។ ដំបូង​គាត់​មិន​ជឿ​លើ​ព្រះ​អង្គ គ្រូ​ចូល​រូប​ទេ រហូត​ដល់​ពេល​គាត់​ឈឺ​ត្រដាបត្រដួស​ស្ទើរ​ស្លាប់ រក​ពេទ្យ​បី​បួន​មើល​មិនជា​ក៏​នៅ​តែ​មិន​ជឿ ហើយ​គេ​ប្រាប់​ថាឱ្យ​កាន់​រូប ក៏​គាត់​មិន​ខ្វល់ ។ ចុង​ក្រោយ​ទាំង​ប្តី ទាំង​កូន​គាត់​ក៏​ឈឺ​ទៀត ទើប​គាត់​សម្រេចចិត្ត​ជឿ ហើយ​រៀបចំ​គិតគូរ និង​ប្រតិបត្តិ​តាម​គ្រូ​ចង់បាន ទើប​ជា​រូប​ជា​អង្គ​ដល់​សព្វថ្ងៃ ។

ដើម​ឡើយ​ស្ត្រី​ឈ្មោះ​គង់ ក្រ​ណាស់ មានកូន​ដល់​ទៅ​៨​នាក់ ផ្ទះ​ខ្ទម​រខេករខាក មាន​ជំងឺ​មិន​ដាច់ តែ​តាំងពី​ជឿ​មក ធ្វើ​ឱ្យ​ជីវិត​ប្រែប្រួល​ខ្លាំង ប្តី​ក៏​ឈប់​ផឹកស្រា កូនចៅ​ក៏​សុខ​សប្បាយ ទោះ​មិន​មាន​ខ្លាំង តែ​មានផ្ទះ​សម្បែង​សមរម្យ​ពេញ​ដោយ​សុភមង្គល ។ គាត់​មិន​ត្រឹមតែ​អ្នក​ចូល​រូប​ទេ តែ​ជា​គ្រូ​ព្យាបាល​ជំងឺ​ឈឺក្បាល​វិលមុខ និង​ដោះ​អំពើ​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​ទៀត​ផង មាន​អ្នក​ជិត​អ្នក​ឆ្ងាយ ចូល​មក​រក​ពឹងពាក់​មិន​ដែល​ដាច់​ថ្ងៃ ។ ដូច្នេះ​ហើយ​ឱ្យ​តែ​ដល់​ខែមាឃ គាត់​ត្រូវ​លៀង​មេមត់​ម្តង ដោយ​មាន​កូនចៅ​មក​ចូលរួម​ចាប់ពី​២០​ទៅ​៣០​នាក់​ជាង ដើម្បី​ឱ្យ​រូប ឬ​គ្រូ​បាន​រាំ​លេង​សប្បាយ ។ ក្នុង​ពេល​លៀង​មេមត់​នេះ ក៏​មាន​អ្នកជំងឺ​មក​មើល​ច្រើន​ដែរ ព្រោះ​ជា​ថ្ងៃ​ដែល​គ្រូ​ពូកែ​ខ្លាំង ។ បន្ថែម​ពី​នោះ គាត់​ក៏​រៀបរាប់​ដោយ​អឹមអៀន និង​អស់សំណើច​ថា ពេល​ចូល​រូប​អត់​ខ្មាស​ទេ ឮ​តែ​ភ្លេងពិណពាទ្យ គឺ​ចង់​តែ​រាំ​ទ្រាំ​មិន​បាន ទាំង​តាម​ធម្មតា​គាត់​ជា​មនុស្ស​អៀន​ច្រើន សុភាព មិន​ចេះ​រាំរែក​សូ​ម្បី​បន្តិច ។

ស្ត្រី​ឈ្មោះ​គង់ តាំងចិត្ត​បន្ត​ជំនឿ​នេះ​រហូត ព្រោះ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ និង​ស្រុកភូមិ​មាន​ក្ដី​សុខ ។ គាត់​មិន​ជឿ​ទេ​ថា ជំនឿ​នេះ​នឹង​បាត់បង់​ពី​ទឹកដី​អង្គរ ដោយសារ​មាន​កូនចៅ​ច្រើន​ណាស់​ចាំ​គោរព​ប្រតិបត្តិ​និង​ជឿជាក់ ។ ចំណែក​គ្រួសារ​គាត់ ពេល​អត់​ពី​គាត់​ទៅ​ព្រះ​អង្គ​ដែល​កាន់​រូប​នឹង​ឱ្យ​កូនប្រុស​ពៅ​គាត់​ស្នង​បន្ត ព្រោះ​គេ​មាន​គ្រូ​កាន់​តាំងពី​កំណើត ហើយ​បច្ចុប្បន្ន​កូនប្រុស​គាត់​ជា​អ្នក​ព្យាបាល​ជំងឺ​ដ៏​ពូកែ​ម្នាក់​ដែរ ។

ចំណែក​អ្នកស្រី​ជា អាយុ​៤៥​ឆ្នាំ អ្នក​ភូមិ​នគរ​ក្រៅ​ឱ្យ​ដឹង​ថា មេមត់​ពិតជា​មាន​មែន ចំពោះ​គាត់ និង​អ្នកស្រុក​នេះ​ជឿ​លើ​មេមត់​ណាស់ បើ​អ្នក​មិន​ជឿ ក៏​មិន​ដែល​មាន​អ្នក​ណា​ហ៊ាន​ប្រមាថមើលងាយ​ដែរ តែ​អាច​លេងសើច​រាំរែក​ជាមួយ​មេមត់​បាន ។ គេ​លៀង​មេមត់​ដើម្បី​ឱ្យ​អ្នក​ស្នង​រូប​ជា​ពី​ជំងឺ​ផង ឱ្យ​ឈ្នួ​រ និង​គ្រូ​កំណើត​បាន​រាំ​លេង​សប្បាយ​ផង ។
រាល់​ឆ្នាំ​គេ​តែង​លៀង​នៅ​ទី​នេះ​ឱ្យ​តែ​ដល់​ខែមាឃ ហើយ​សប្បាយ​ណាស់ អ្នកស្រុក​ក៏​ជុំ​គ្នា គ្រូ​កំណើត ឈ្នួ​រ និង​ព្រលឹង​ដូនតា​ដែល​ក៏​មក​ជុំ​គ្នា​ដែរ ហើយ​កូនចៅ​ក៏​អាច​ទាក់ទង​សួរនាំ​នឹង​ព្រលឹង​ទាំងនោះ​បាន ។

អ្នកស្រី​ផា​បញ្ជាក់​ថា នៅ​ពេល​គ្រូ​ចូល​រូប​តែង​ដើរ​រក​សាច់ញាតិ រក​គ្រឿង​រណ្តាប់ បើ​រក​មិនឃើញ​ទេ គឺ​នៅ​តែ​ដើរ​រក ។ មេមត់​ស្រឡាញ់​ជម សម្លៀក​បំពាក់ និង​ភ្លេង​ណាស់ បើ​ចូល​បាន​រាំរែក គឺ​ខ្លួន​ម្ចាស់​នោះ​នឹង​ជា​សះស្បើយ តែបើ​មិន​ចូល​ទេ ម្ចាស់​រូប​នោះ​នឹង​នៅ​តែ​ឈឺ​ដដែល ហើយ​បើ​មេមត់​ខុស​ជម​វិញ គឺ​ង៉ក់​ខ្លាំង​ណាស់ ជួនកាល​យំ​មួយ​យប់​វាល់ព្រឹក​ក៏​មាន ហើយ​បោក​គ្រឿង​រណ្តាប់​ចោល​អស់ ។ លើស​ពី​នោះ​ទៀត រូប​មួយ​មាន​គ្រូ​៣​ទៅ​៤​នាក់​ឯណោះ គ្រូ​មួយ​ចេញ គ្រូ​មួយ​ចូល ឯ​រូប​ខ្លះ​ទៀត ក៏​មិន​មាន​គ្រូ​ចូល​ដែរ ព្រោះ​រៀបចំ​ឱ្យ​គ្រូ​មិន​ត្រូវ ។

អ្នកស្រី​រ៉ុ​ង រ៉ាត់ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​នគរ​ក្រៅ សង្កាត់​នគរធំ ក្រុង​សៀមរាប​និយាយ​ថា គាត់​មាន​គ្រូ​កំណើត​កាន់​៣​ឆ្នាំ​ហើយ​ៗ​នេះ​ជា​ឆ្នាំ​ទី​៣ ដែល​គាត់​មក​លៀង​មេមត់​នឹង​គេ ។ មុន​នឹង​គាត់​ជឿ​រឿង​នេះ គឺ​គាត់​ឈឺ​ជា​ខ្លាំង​នៅ​អាយុ​២៤​ឆ្នាំ ទៅ​ពេទ្យ​មិនជា ទៅ​បូល​មើលឃើញ​ថា​មាន​គ្រូ​កំណើត​កាន់ ព្រោះ​គាត់​មាន​សំណុំ​សង្វារ​តាំងពី​តូច ។ គាត់​រៀបចំ​គ្រឿង​រណ្តាប់​ដែល​គ្រូ​កំណើត​ត្រូវការ រួច​ចូល​រូប​នឹង​គេ ដោយ​រៀប​ជម​គ្រូ​កំណើត​១ ស្លាធម៌​១​គូ និង​តោក​១ ហើយ​ក៏​ជា​រូប​ជា​អង្គ​ទៅ​។ ពេល​ចូល​គាត់​ដឹងខ្លួន​ដែរ តែ​មិន​អាច​បញ្ជា​ខ្លួនឯង​បាន ហើយ​ហត់​ណាស់ ពេល​ចូល​រូប​រួច​ទើប​មាន​កម្លាំង​និង​ស្រឡះ​ខ្លួន ។

នៅ​ចុងបញ្ចប់​នៃ​ពិធី​លៀង​មេមត់ គ្រូធំ​រៀបចំ​ពិធី​បណ្តេញ​ព្រាយ រើ​ពិតាន​ដើម្បី​កុំឱ្យ​ពួក​សភាវៈ​អាក្រក់​ចូល​មក​យាយី ហើយ​បើ​តាម​ការ​ពិនិត្យ​សកម្មភាព​ជាក់ស្តែង នៅ​ថ្ងៃ​ចូល​មេមត់ ក្រៅពី​ការ​ជឿជាក់​លើ​ជំនឿ​នេះ​ហើយ ប្រជាជន​ដែល​នៅ​ក្នុង​តំបន់​នេះ​មានការ​អបអរសាទរ​នឹង​ជំនឿ​នេះ​ជា​ខ្លាំង​ទាំងចាស់ទាំងក្មេង​មក​មើល​កកកុញ បន្ទរ​ស្រែក​ហ៊ោ​តាម​ភ្លេង និង​រាំ​លេង​ឌឺដង​ជាមួយ​រូប​ដែល​រេ​រាំ​តាម​ចង្វាក់ភ្លេង​មិន​ឈប់​។ ការ​ចូលរួម ភាព​ជឿជាក់ និង​ការ​ឃើញ​រឿងហេតុ​អស្ចារ្យ​ទាំងនេះ​ហើយ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​យល់​ថា វត្ថុ​ស័ក្ដិសិទ្ធិ និង​បារមី​នៅ​តែ​មានជីវិត​រស់នៅ​លើ​ដែនដី​អង្គរ មិន​សាបសូន្យ​ទៅ​ណា ទើប​ពេល​ឈឺ​ជា​អ្នកស្រុក​អង្គរ​ភាគច្រើន​មិន​ដែល​ចោលការ​បន់ស្រន់ លៀង​មេមត់ បូល​រូប ទោះបីជា​ពួក​គាត់​ទៅ​ពេទ្យ​ក៏​ដោយ ៕