ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់ផ្ដើម​ប្រើ​ច្បាប់​បង្ក្រាប​បទល្មើស​រំលោ.ភ​កម្មសិទ្ធិបញ្ញា

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៧ សមត្ថកិច្ច​ថៃ​បាន​ចែក​លិខិត​ជូនដំណឹង​ដល់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ ពី​វិធានការ​បង្ក្រាប​បទល្មើស​ទំនិញ​ …

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៧ សមត្ថកិច្ច​ថៃ​បាន​ចែក​លិខិត​ជូនដំណឹង​ដល់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ ពី​វិធានការ​បង្ក្រាប​បទល្មើស​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​លើ​ទឹកដី​របស់​គេ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ ដោយ​ក្នុង​លិខិត​នោះ​ព្រមាន​ថា អ្នក​ល្មើស​នឹង​ទទួលទោស​៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤០​ម៉ឺន​បាត (​សែសិប​ម៉ឺន​បាត​) នេះ​បើ​យោង​តាម​ប្រភព​ពី​អាជីវករ​នៅ​ផ្សារ​រុង​ក្លឿ និង​លិខិត​របស់​ថៃ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ថៃ​បាន​ចែក​លិខិត​ជូន​ដំ​ណឹ​នេះ​ដើម្បី​ឲ្យ​អាជីវករ​ខ្មែរ​បាន​ជ្រាប​មុន​ពេល​គេ​ចុះ​បង្ក្រាប ក្នុង​នោះ​បើ​តាម​ប្រភព​ថា គេ​ហាម មិន​ត្រូវ​ទិញ​/​លក់ ឬ​ប្រើ​របស់​ក្លែងក្លាយ​ទៀត​ផង ។

ជុំវិញ​ករណី​ខាងលើ លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ ដែល​បាន​ដឹកនាំ​មន្ត្រី​/​សមត្ថកិច្ច​ខេត្ត និង​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​ដូច​ជា​មន្ត្រី​សមត្ថកិច្ច​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រួម​ជាមួយ​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​១០៣​នាក់​ជួប​ប្រជុំ​ថ្នាក់​ខេត្ត​ជាមួយ​ភាគី​ថៃ​ក្នុង​បន្ទាយ​យោធា​ថៃ នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​ប្រាប់​«​កោះសន្តិភាព​»​ថា ភាគី​ថៃ​គេ​ចាប់ផ្តើម​ប្រើ​ច្បាប់​បង្ក្រាប​រាល់​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​លើ​ទឹកដី​របស់​គេ ដោយ​សំអាង​ថា ធ្វើ​តាម​បទបញ្ជា​ប្រមុខ​ដឹកនាំ​ប្រទេស​របស់​គេ​នា​ពេល​ខាង​មុខ ។

លោក​អភិបាលរង​រូប​នេះ​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ​ភាគី​កម្ពុជា បាន​ទទូច​សុំ​ឲ្យ​ភាគី​ថៃ​មានការ​យោគយល់ ជួយ​ដល់​អាជីវករ​ក្នុង​កម្រិត​ណាមួយ​ផង ។ លោក​បន្ត​ថា ភាគី​ថៃ​មិន​ឯកភាព​តាម​សំណើ​អាជ្ញាធរ​ឡើយ ដោយ​សុំ​ឲ្យ​អាជីវករ​ផ្អាក​លក់ទំនិញ​ពាក់ព័ន្ធ​មួយ​រយៈ​សិន ហើយ​ក្រុម​អាជីវករ​បាន​ឯកភាព​គ្នា​ផ្អាក​តាម​សំណើ​របស់​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ផង​ដែរ ។

លោក អ៊ុំ រាត្រី បន្ត​ថា ក្រោយ​ជំនួប​រឿង​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា ភាគី​កម្ពុជា​ក៏​បាន​បន្ត​ជួប​ជាមួយ​ស្ថា​ប័​យ​គយ​ថៃ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ដើម្បី​ចរចា​គ្នា​សម្រួល​រឿង​ការ​នាំ​ចូល​ត្រី​របស់​អាជីវករ​ខ្មែរ​ទៅ​ដី​ថៃ​នោះ​ផង​ដែរ ។ រឿង​ការ​នាំ​ចូល​ត្រី​ទៅ​ដី​ថៃ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ការ​សម្របសម្រួល​ក្នុង​កម្រិត​ណាមួយ​សមរម្យ ដែល​អាច​ទទួលយក​បាន​ទាំ​អស់​គ្នា ៕