ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បក្ស​ប្រឆាំង​3​រូប​ប្រកាស​លាលែង​ពី​តួនាទី​ក្នុង​គណបក្ស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការចុះ​សួរសុខទុក្ខ​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ មក សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការចុះ​សួរសុខទុក្ខ​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ មក សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​រូប និង​គណបក្ស​សម រ​ង្ស៊ី​១​រូប ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​សុំ​លាលែង​ពី​តំណែង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស ។

យោង​តាម​លិខិត​ដាច់​ដោយឡែក​ពី​គ្នា របស់សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំ​អាន បាន​ផ្តិត​មេដៃ​ចុះ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ដាក់​ជូន​លោក ប៉ុ​ល ហំ​ម ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​លាលែង​ពី​តំណែង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​មូលហេតុ​ផ្ទាល់​ខ្លូ​ន ។

លោក​បញ្ជាក់​ថា «​អាស្រ័យ​ដូច​ជម្រាប​ជូន សូម​លោក​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។ សេចក្តី​សម្រេចចិត្ត​លាលែង​ចេញពី​តំណែង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​របស់ខ្ញុំ ចាត់​ទុក​ថា​សេចក្តីសម្រេច​នេះ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃនេះ​តទៅ​»​។

ចំណែក​លិខិត​មួយ​ច្បាប់​របស់​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ក៏​បាន​លាលែង​ពី​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ។ លោក​បញ្ជាក់​ថា ដោយសារ​មូលហេតុ​ផ្ទាល់ខ្លួន​»​។

លោក មា​ជ សុ​វ​ណ្ណា​រ៉ា បាន​លើក​ឡើង​ក្នុង​លិខិត​ថា សូម​លោក​ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ មេត្តា​ជ្រាប​ជា​ព័ត៌មាន​អំពី​សេចក្តី​សម្រេចចិត្ត​លាលែង​ពី​តំណែង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​របស់ខ្ញុំ ហើយ​ចាត់​ទុក​ថា​សេចក្តីសម្រេច​នេះ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃនេះ​តទៅ ។

ដោយឡែក លិខិត​របស់​លោក ហុង សុខហូរ អគ្គលេខាធិការ​និង​ជា​សមាជិក​គណៈ​ក​ម្មា​ធិការ​នាយក​គណបក្ស​សម រ​ង្ស៊ី ក៏​បាន​ប្រកាស​លាលែង​ពី​តំណែង​ជា​អគ្គលេខាធិការ និង​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​សម រ​ង្ស៊ី ដោយសារ​មូលហេតុ​ផ្ទាល់ខ្លួន​ដែរ ។

ជា​ការ​កត់សម្គាល់ ការ​ប្រកាស​លាលែង​ពី​សមាជិក​គណៈកម្មាធិការ​នាយក​របស់​អស់លោក​ទាំង​៣​រូប​ខាងលើ​នេះ គឺ​បន្ទាប់​ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ លោក អ៊ូ ច័ន្ទ​ឫទ្ធិ និង​មន្ត្រី​មួយ​ចំនួន​ទៀត កាលពី​ថ្ងៃ​២១​ខែកុម្ភៈ បាន​ទៅ​សួរសុខទុក្ខ​សកម្មជន​របស់​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ។ ការ​ចុះ​សួរ​សុខ​ទុក​នេះ តាម​គម្រោង​គឺ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​លោក​បែរជា​អវត្តមាន​ទៅ​វិញ ។

ក្រុម​អ្នកវិភាគ​បាន​មើលឃើញ​ថា ការ​សុំ​លាលែង​ពី​តួនាទី​នៅ​ក្នុង​គណបក្ស​របស់​អស់លោក​ទាំង​៣​រូប​នេះ បាន​កើតឡើង​មុន​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ថ្មី​នឹង​ត្រូវ​ចូល​ជា​ធរមាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ក្រោយ​ពី​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ​ត្រូវ​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​អនុម័ត​ធ្វើ​វិសោធនកម្ម​ដោយ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ កន្លង​ទៅ ។

ច្បាប់​ថ្មី​នេះ ត្រូវ​បាន​គណបក្សប្រឆាំង និង​អ្នកវិភាគ​ទាំងឡាយ​មើលឃើញ​ថា នឹង​ក្លាយជា​ឧបករណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គាបសង្កត់​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ បើ​ទោះបី​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ហើយ​ថា វា​នឹង​អនុវត្ត​លើ​គ្រប់​គណបក្ស​ទាំងអស់ រួម​ទាំង​គណបក្សកាន់អំណាច​ផង​ដែរ​ក្តី​។

សូម​បញ្ជាក់​ថា លោក ហុង សុខ​ហួរ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​រយៈពេល​៧​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ​ក្រោម​បទចោទប្រកាន់​ចំនួន​៣ គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ ការ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ។

ចំណែក​លោក អ៊ុំ សំ​អាន ត្រូវ​តុលាការ​កាត់ទោស​២​ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤លាន​រៀល​ពី​បទ​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើ​ង​និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា​-​វៀតណាម ។

រីឯ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា វិញ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ចំនួន​២០​ឆ្នាំ ពី​បទ​ដឹកនាំ​កុបកម្ម និង​ចលនា​ចូលរួម​កុបកម្ម​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា នៅ​ក្បែរ​ទៅ​លានប្រជាធិបតេយ្យ​​កាលពី​ខែកក្កដា ឆ្នាំ​២០១៤ ៕