ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​កក់ខែ ខ្យល់​កន្ត្រា​ក់​វាយប្រហារ​ក្រុង​សៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ភ្លៀង​កក់ខែ​១​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​នា​រដូវប្រាំង​ផង បណ្តាលឱ្យ​ដើមឈើ​តូច​ធំ និង​លំនៅ​ឋាន​ពលរដ្ឋ​ចំនួន​៣​សង្កាត់​ក្នុង​ក្រុង​សៀមរាប

ខេត្តសៀមរាប ៖ ភ្លៀង​កក់ខែ​១​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​នា​រដូវប្រាំង​ផង បណ្តាលឱ្យ​ដើមឈើ​តូច​ធំ និង​លំនៅ​ឋាន​ពលរដ្ឋ​ចំនួន​៣​សង្កាត់​ក្នុង​ក្រុង​សៀមរាប រង​ការ​ខូចខាត​ចំនួន​៣០​ខ្នង បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១​ដើម សាលាបឋម​សិក្សា​វត្ត​ពោធិ​លង្កា​មួយ​ខ្នង ព្រមទាំង​ដើមឈើ​ដួល​រលំ​សង្កត់​លើ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ដំបូល ដួល​ស្លាក​ប៉ាណូ​ចំនួន​៤ និង​របើក​ធ្លាក់ ។

ជាមួយ​គ្នា​នេះ ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់​បាន​រង​របួស ម៉ូតូ​១​គ្រឿង​ខូចខាត ។ សរុប​ដើមឈើ​ទាំង​តូច​ទាំង​ធំ​បាន​បាក់ និង​ដួល​រលំ​អស់​ចំនួន​១៥​ដើម ។​ មហន្តរាយ​បាក់​ដើមឈើ​ដោយសារ​ភ្លៀងនិង​ខ្យល់​កន្ត្រាក់​នៅ​តាម​ដងផ្លូវ​មាត់​ស្ទឹង​សៀមរាប​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់​រហូត​ដល់​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ ទើប​ស្ងប់ស្ងាត់ ។

តាម​ប្រភព​ពី​មន្ត្រី​សាលាខេត្ត​ដែល​ចុះ​ដល់ទី​តាំង​ខាងលើ​បាន​ប្រាប់​ថា មុន​ដំបូង​មាន​ភ្លៀង​មួយ​មេ​ធំ​ព្រមទាំង​មាន​ខ្យល់​បោកបក់​ខ្លាំង​ថែម​ទៀត​កាលពី​រសៀល​ថ្ងៃ​ទី​២៣ កុម្ភៈ បណ្តាល​ឱ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង និង​ដើមឈើ​មួយ​ចំនួន​ក៏​បាន​បាក់​រលំ ។ បាតុភូត​ធម្មជាតិ​នេះ​បាន​បង្ក​ឱ្យ​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ធំ​នៅ​តាម​ដងផ្លូវ​មាត់​ស្ទឹង​សៀមរាប ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ដែល​ប្រចាំ​នៅ​គោលដៅ​មុខ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​ជួយ​សម្រួល​បាន​ទាន់​ពេលវេលា ។

ប្រភព​បាន​បន្ត​ថា ចំពោះ​ដើមឈើ​ដែល​បាន​បាក់​រលំ​មួយ​ចំនួន​នោះ​ត្រូវ​ខាង​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​ព្រៃឈើ​យក​រថយន្ត​ស្ទួ​ចម​ក​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ។

ចំណែក​ខ្សែភ្លើង​ដែល​បាន​ដាច់​វិញ​ត្រូវ​បាន​មន្ត្រី​អគ្គិសនី​មក​ត​ភ្ជាប់​ឡើង​វិញ​ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​សណ្ឋាគារ​មួយ​ចំនួនដែល​ដាច់​ចរន្ត​ភ្លើង​បាន​ប្រើប្រាស់​ដូច​ដើម​វិញ ។

ប្រភព​ពី​មន្ត្រី​អគ្គិសនី​ដែល​កំពុង​ត​ចរន្ត​ភ្លើង​បាន​ប្រាប់​ថា ខ្សែភ្លើង​ដែល​បាន​ដាច់​នៅ​តាម​បង្គោល​ភ្លើង​មាត់​ស្ទឹង​សៀមរាប​ដោយសារ​ភ្លៀង និង​ខ្យល់​កន្ត្រាក់​បក់​រំលំ​ដើមឈើ​មក​សង្កត់​លើ​នោះ​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ​អស់ហើយ​ដើម្បី​ឱ្យ​បងប្អូន​អាជីវករ និង​ម្ចាស់​សណ្ឋាគារ​នៅ​តាម​ដងស្ទឹង​សៀមរាប​មាន​អគ្គិសនី​ប្រើប្រាស់​ឡើង​វិញ ។

សូម​បញ្ជាក់​ថា ដើមឈើ​ធំ​ៗ​ចំនួន​៣​ដើម​នៅ​កន្លែង​ផ្សេង​គ្នា​តាម​ដងស្ទឹង​សៀមរាប បាន​បាក់​សង្កត់​មក​លើ​ផ្ទាំង​លម្អ​ភ្លើង​កាត់​ទទឹង​ដងផ្លូវ​ដែល​ជា​របស់​សាលាខេត្ត​សៀមរាប​នោះ​បាន​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ធំ ។

វាយប្រហារ​៣​ភូមិ​នៅ​ក្រុង​សំរោង ឧត្តរមានជ័យ

នៅ​ខេត្តឧត្តរមានជ័យ​ឯណោះ​វិញ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន​៣១​ខ្នង​ផ្ទះ​ក៏​រង​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​វាយប្រហារ​មក​លើ​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ផង​ដែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​លើ​ភូមិ​ចំនួន​៣ គឺ​ភូមិ​ទំនប់​ចាស់ ភូមិ​សំរោង​តា​ហែ ភូមិ​គោក​កំប៉ុល ស្ថិត​នៅ​ក្នុង​ក្រុង​សំរោង និង​បណ្តាល​ឱ្យ​រង​របួសស្រាល​ម្នាក់​ផង​ដែរ ។

អ្នក​ភូមិ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មេឃ​ពណ៌​ខ្មៅ​លាយឡំ​ដោយ​ផ្លេកបន្ទោរ បន្តិច​ក្រោយមក​ស្រាប់តែ​មាន​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង​មក​លើ​លំនៅ​ឋាន​ពលរដ្ឋ បណ្ដាល​ឱ្យ​ខ្លះ​ប៉ើង​ដំបូល ជញ្ជាំង ខ្លះ​ទៀត​ដួលរលំ​បាក់​ដល់​ដី​ខូចខាត​ទាំងស្រុង ។

មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​កើត​មាន​គ្រោះ​ធម្មជាតិ​បំផ្លិចបំផ្លាញ​លំនៅ​ឋាន​ពលរដ្ឋ​នោះ ក្រុមការងារ​មូលដ្ឋាន​រួម​ទាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ជួយ​សង្គ្រោះ និង​បូក​សរុប​លំនៅ​ឋាន​ពលរដ្ឋ​ដែល​រង​ការ​ខូចខាត​ឃើញ​មាន​ចំនួន​៣១​ខ្នង​ក្នុង​នោះ​ស្រាល​២០​ខ្នង និង​បាក់​ដល់​ដី​១​ខ្នង ។

ទាក់ទិន​នឹង​គ្រោះ​ធម្មជាតិ​នេះ ក្រុម​អាជ្ញាធរមូលដ្ឋាន​បាន​រៀបចំ​ឯកសារ​របាយការណ៍​ជូន​ទៅថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​នាំ​យក​ជំនួយ​សង្គ្រោះ​បឋម​ដល់​ពលរដ្ឋ​សម្រាប់​ដោះស្រាយ​ជីវភាព​បាន​មួយ​រយៈពេល ៕