ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ស៊ីណូ​នៅ​ច្រកព្រំដែន​ឡា​ប៉ា​ខេ គេ​បើកដៃ​ឱ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ពពាក់ពពូន

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ល្បែង​បញ្ជល់មាន់​ឬ​គេ​ហៅ​ថា​បក្សី​កីឡា និង​ល្បែង​អាប៉ោង ត្រូវ​បាន​មហាជន​រាយការណ៍​ថា

ខេត្តមណ្ឌលគិរី ៖ ល្បែង​បញ្ជល់មាន់​ឬ​គេ​ហៅ​ថា​បក្សី​កីឡា និង​ល្បែង​អាប៉ោង ត្រូវ​បាន​មហាជន​រាយការណ៍​ថា កំពុង​បើក​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ HOANG  DIEU ដោយ​គ្មាន​ការ​រំខាន​ពី​អាជ្ញាធរ​ឡើយ ។ សង្វៀន​បញ្ជល់មាន់​នេះ​ត្រូវ​គេ​ដឹង​ថា លោក ប៊ូ សំ​អុល នាយ​ប៉ុស្តិ៍​ការពារព្រំដែន​គោក​ឡា​ប៉ា​ខេ ចំណុះ​ឲ្យ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២១ ជា​អ្នក​ប៉ាវ​ផ្តាច់​ពី​ម្ចាស់​កាស៊ីណូ ដើម្បី​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ដោយ​សេរី ។

កាស៊ីណូ​ដែល​ទើប​ចាប់ផ្តើម​ដំណើរការ​នេះ​ឈ្មោះ HOANG DIEU មាន​ទីតាំង​ក្បែរ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ឡា​ប៉ា​ខេ ស្ថិត​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បាន​បើក​ដំណើរការ​តាំងពី​ដើមឆ្នាំ​២០១២ ។ ប្រភព​បាន​ឲ្យ​ដឹង​ថា ក្នុង​១​អាទិត្យ​សង្វៀន​បញ្ជល់មាន់​ខាងលើ​បើក​លេង​៣​ថ្ងៃ​គឺ​ថ្ងៃ​អង្គារ ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍ ។

ប្រភព​ព័ត៌មាន​បន្ត​ថា នៅ​រាល់ថ្ងៃ​ដែល​គេ​បើក​លេង​គឺ​មាន​ជនជាតិ​ខ្មែរ​មិន​តិច​ជាង​១០០​នាក់​ទេ ដែល​បាន​យក​មាន់​ទៅ​បញ្ជល់​ជាមួយ​ជនជាតិ​វៀតណាម ឬ​បញ្ជល់​ជាមួយ​ជនជាតិ​ខ្មែរ​គ្នា​ឯង ដោយ​មាន​ភ្នាល់​ដាក់​លុយ​ក្នុង​មួយគូ​ៗចាប់ពី​៥០០​ដុល្លារ ទៅ​៥.០០០​ដុល្លារ ។ មិនត្រឹមតែ​ល្បែង​បញ្ជល់មាន់​ទេ​ដែល​បាន​បូម​លុយ​ពី​ហោ​ប៉ាវ​ជនជាតិ​ខ្មែរ នៅ​មាន​ល្បែង​អាប៉ោង​មួយ​មុខ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ខេត្តមណ្ឌលគិរី​ខ្លះ​ចាញ់​អស់រលីង​ពី​ខ្លួន ។

ការ​បើក​ឲ្យ​មាន​ជនជាតិ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​បែប​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ដែល​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​មាន​តែ​ជនបរទេស​ប៉ុណ្ណោះ​មាន​សិទ្ធិ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​នៅ​តាម​ព្រំដែន ។ ប៉ុន្តែ​ជា​ការ​កត់សម្គាល់ សូ​ម្បី​អ្នក​ប៉ាវ​ផ្តាច់​សង្វៀន​បញ្ជល់មាន់ និង​ល្បែង​អាប៉ោង​នៅ​ស្រុក​កែវ​សីមា បែរជា​មន្ត្រី​អ្នក​អនុវត្ត​ច្បាប់​ទៅ​វិញ គឺ​មន្ត្រី​នគរបាល​ឋានៈ​ជា​នាយ​ប៉ុស្តិ៍ ។ នេះ​គឺជា​ការ​ប្រឆាំង​ទៅ​នឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ សម្រាប់​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ចុះ​បង្ក្រាប និង​បង្ការ មិន​ឲ្យ​មាន​ល្បែងស៊ីសង​ក្នុងភូមិ​ឃុំ​ដែល​ខ្លួន​គ្រប់គ្រង ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦​កន្លង​មក កាស៊ីណូ HOANG  DIEU ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង អមសាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំង​កង​រាជ អាវុធហត្ថ​ខេត្ត អាវុធហត្ថ​ស្រុក និង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ ចុះ​ទៅ​ត្រួតពិនិត្យ​និង​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ។ នា​ពេល​នោះ លោក ចេ​ង សូ​រិ​យា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា កាស៊ីណូ​នេះ​បាន​ហួស​ច្បាប់​អនុញ្ញាត​តាំងពី​ខែធ្នូ ឆ្នាំ​២០១៥ មក​ម្ល៉េះ ប៉ុន្តែ​ថៅកែ​កាស៊ីណូ​នៅ​តែ​បន្ត​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ចូល​លេង ។

លោក​បាន​បន្ត​ថា នៅ​ពេល​សមត្ថកិច្ច​សុំ​ត្រួតពិនិត្យ​ច្បាប់​អនុញ្ញាត តំណាង​របស់​កាស៊ីណូ​បាន​យក​ច្បាប់​ដែល​ហួស​សុពលភាព​មក​បង្ហាញ រួម​ជាមួយនឹង​លិខិតស្នើ​សុំ​ច្បាប់​ថ្មី ដែល​ចុះ​ថ្ងៃខែ​កាលពី​ខែមករា ២០១៦ មក​ឲ្យ​សមត្ថកិច្ច​មើល ខណៈ​ច្បាប់​អនុញ្ញាត​ថ្មី​មិន​ទាន់​ធ្លាក់ ។ កាស៊ីណូ​នេះ​មិន​ខុស​ពី​កាស៊ីណូ​ខុសច្បាប់​ឡើយ ព្រោះ​មិន​ទាន់​មានច្បាប់​អនុញ្ញាត​ថ្មី​ធ្លាក់​មក​ផង តែ​ម្ចាស់​កាស៊ីណូ​នោះ​ហ៊ាន​ឲ្យ​ភ្ញៀវ​ចូល​លេង​ពេញ​ៗ ។

លោក សាន សុភៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​យើង​គ្រាន់តែ​ចុះ​មក​ពិនិត្យ​និង​ធ្វើ​ស្ថិតិ​ចំពោះ​ជនបរទេស​ដែល​ចូល​មក​លេង​ក្នុង​កាស៊ីណូ​ខាងលើ​ថា តើ​មានច្បាប់​ត្រឹមត្រូវ​ដែរ​ឬ​អត់ ? ចំពោះ​ចំណាត់ការ​យ៉ាងណា​នោះ មិន​ត្រូវ​បាន​លោក សាន សុភៈ បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ ព្រោះ​សមត្ថកិច្ច​កំពុងធ្វើការ​តាម​នីតិវិធី ។

ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​ច្បាប់​របស់​កាស៊ីណូ HOANG DIEU នេះ គេ​សង្កេត​ឃើញ​មាន​ជនជាតិ​វៀតណាម​ស្រី​ប្រុស​ក្មេង​ចាស់​ប្រមាណ​ជិត​៣០០​នាក់ កំពុង​សម្ងំ​លេងល្បែង​រាប់​សិប​មុខ​ក្នុង​កាស៊ីណូ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​ឃើញ​មាន​វត្តមាន​ជនជាតិ​ខ្មែរ​ចូល​ទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​ខាងលើ​ដែរ តែ​មួយ​ចំនួន​ធំ​ខ្លះ​រត់​ចេញ​ក្រៅ​អស់​ពេល​ដឹង​ថា​សមត្ថកិច្ច​ទៅ​ត្រួតពិនិត្យ ។

ប្រភព​ដែល​កោះសន្តិភាព​ទទួល​បាន​និង​ទុកចិត្ត​បំផុត​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជនជាតិ​វៀតណាម​ប្រមាណ​៣០០​នាក់​នោះ ភាគច្រើន​ពួក​គេ​ចូល​មក​លេងល្បែង​ដោយ​ខុសច្បាប់ គឺ​មាន​ចំនួន​តិចតួច​ណាស់​ដែល​ចូល​មក​លេង​ស្របច្បាប់ ព្រោះ​ជនជាតិ​វៀតណាម​ទាំងនោះ​មិន​មាន​លិខិតឆ្លងដែន ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កាស៊ីណូ​និងច្រកព្រំដែន​ខាងលើ​និយាយ​ថា ជា​រៀងរាល់ថ្ងៃ​គេ​តែង​ឃើញ​មាន​រថយន្ត​កូរ៉េ​២​គ្រឿង​ដឹក​ជនជាតិ​វៀតណាម​តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ទៅ​កាស៊ីណូ HOANG DIEU ដែល​មាន​ចម្ងាយ​ប្រមាណ​តែ​២០០​ម៉ែត្រ​ពី​ចំណុច​ប៉ា​រាស់​ព្រំដែន ។ មិនមែន​មាន​តែ​ជនជាតិ​វៀតណាម​ទេ​ដែល​ចូល​មក​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​នេះ​សូ​ម្បី​ជនជាតិ​ខ្មែរ​ទាំងប្រុស​ទាំងស្រី​ក៏​និយម​ចូល​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ហ្នឹង​ដែរ ហើយ​ភាគច្រើន​ជនជាតិ​ខ្មែរ​ប្រុស​ៗ​ចូល​ទៅ​លេងល្បែង​បញ្ជល់មាន់​ស្ទើរ​រាល់ថ្ងៃ ៕