ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​កង្កែប​កាន់តែ​រួញ​តូច អ្នកស្រុក​ទាមទារ​ឱ្យ​ដក​បង្គោល​ចេញ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នកស្រុក​រស់នៅ​ជុំវិញ​បឹង​កង្កែប ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​បត់​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ កំពុង​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង

ខេត្ត​ព្រះ​សីហ​នុ ៖ អ្នកស្រុក​រស់នៅ​ជុំវិញ​បឹង​កង្កែប ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​បត់​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ កំពុង​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ជុំវិញ​ការ​បោះបង្គោល​វាតទី​យក​ដី​នៅ​ក្នុង​តំបន់​បឹង​កង្កែប ជា​បឹង​ធម្មជាតិ ដែល​បច្ចុប្បន្ន​នៅ​រួម​តូច ក្រោយ​ពី​មានការ​រំលោភឈ្លានពាន​កាន់កាប់ ពី​សំណាក់​អ្នកមាន​អំណាច​ខ្លះ​កន្លង​មក ។

ប្រជា​នេសាទ​ឈ្មោះ អិ​ុ​ង ឌុ​ក បាន​បង្ហាញ​ក្តី​បារម្ភ​ថា អ្វី​ដែល​រូប​គាត់ និង​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា ស្នើ​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ទប់ស្កាត់​នា ពេល​នេះ គឺ​ដោយសារ​តែ​ខ្លាច​ការ​បោះបង្គោល​នេះ​យក​ធ្វើ​ជា​កម្មសិទ្ធិ ព្រោះ​ធ្លាប់​មាន​មក​ហើយ​ដូច​ជា​ការ​បោះបង្គោល​មុន​ៗ​ដែល​ការ​បោះបង្គោល​ហ៊ុម​ព័ទ្ធ​នេះ វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​នេសាទ​លក្ខណៈ​គ្រួសារ និង​ជីវៈចម្រុះ​នៅ​ក្នុង​បឹង​ធម្មជាតិ​មួយ​នេះ ។

ប្រភព​ដដែល​បាន​បន្ត​ថា បើ​ពួក​គាត់​ពុំ​ធ្វើការ​តវ៉ា​ទេ​នោះ វា​ខ្លាច​តែ​ទីតាំង​នេះ​ក្លាយជា​ទីតាំង​កម្មសិទ្ធិ ដូច​ការ​បោះបង្គោល ចាក់​ដី​លុប​បឹង​កាលពី​ពេល​កន្លង​មក អ្នកស្រុក​និយាយ​ថា ផ្ទៃ​បឹង​នេះ​កាលពីដើម មាន​វិសាលភាព​ធំធេង​ណាស់ ដោយ​ផ្ទៃ​បឹង​មាន​រហូត​ដល់​រាប់រយ​ហិ​កតា ប៉ុន្តែ​ពេល​នេះ នៅ​មិន​ដល់​៥០​ហិ​កតា​ទេ ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក ឯម ភា នាយ​សង្កាត់​រដ្ឋបាល​ជលផល​ព្រៃ​នប់ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ​នេះ លោក​បាន​នាំ​កំលាំង​ចុះ​ធ្វើការ​ទប់ស្កាត់ ការ​បោះបង្គោល​ហ៊ុម​ព័ទ្ធ​នៅ​ចំណុច​ក្នុង​បឹង​កង្កែប ក្រោយ​ពី​មាន​បណ្តឹង​ពី​ប្រជា​នេសាទ​ជា​ច្រើន​គ្រួសារ ។

លោក​បន្ត​ថា ការ​បោះបង្គោល​នេះ គឺ​ពុំ​មានច្បាប់​ទម្លាប់​អ្វី​នោះ​ទេ វា​ពិតជា​ខុសច្បាប់ ហើយ​អ្វី​ដែល​សំខាន់​ជាង​នោះ គឺ​វា​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​នេសាទ​ប្រចាំ​ថ្ងៃ របស់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ជីវចម្រុះ​ទៅ​ថ្ងៃ​ខាង​មុខ ។ ដូចនេះ​បញ្ហា​ចំពោះ​មុខ ក្នុង​នាម​លោក​ជា​មន្ត្រី​ជំនាញ មិន​អនុញ្ញាត​ជា​ដាច់ខាត​នូវ​ការ​បោះបង្គោល​នេះ ។

អ្នក​ទទួល​ម៉ៅ​ការ​បោះបង្គោល​ចូល​ទៅ​ក្នុង​ទឹក​បឹង​កង្កែប លោក ជា ឡុ​ង បាន​ឲ្យ​ដឹង​ថា ការ​បោះបង្គោល​នេះ គឺ​ដើម្បី​ធ្វើ​រនាំង​បាំង​ស្បៃ សម្រាប់​របរ​ចិញ្ចឹម​គ្រែង​ឈាម និង​បង្គា តាម​បែប​ធម្មជាតិ ហើយ​មិន​ប៉ះពាល់​ដល់​ព្រៃកោងកាង​ទេ ។ ផ្ទុយ​ទៅ​វិញ​លោក​ថា ថៅកែ​របស់​ខ្លួន ក៏​មាន​ផែនការ​ដាំ​ដើម​កោង​កាង នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប​ជាប់​ទីតាំង​ត្រៀម​ចិញ្ចឹម​កូន​គ្រែង និង​បង្គា​ធម្មជាតិ​នេះ ដើម្បី​ធ្វើ​ជា​ជម្រក​ឲ្យ​ត្រី​សមុទ្រ​បន្ត​ពូជ​ឲ្យ​បាន​ច្រើន​ឡើង វិញ ។ លោក​មិន​ទំ​ទាស់​ចំពោះ​ការ​ចុះ​ផ្អាក​របស់​អាជ្ញាធរ​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​ព្រៃ​នប់​នោះ​ទេ ។  ចាំ​មើល​ទៀត តើ​រដ្ឋបាល​ជលផល​ធ្វើការ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​អត់ ?

សូម​បញ្ជាក់​ផង​ដែរ​ថា បឹង​កង្កែប គឺជា​បឹង​ធម្មជាតិ​ទឹកប្រៃ មាន​ដុះ​ដើម​កោង​កាង​នៅ​ជុំវិញ​ផ្ទៃ​បឹង​រាប់រយ​ហិ​កតា មា​នទី​តាំងនៅ​ភូមិ​អុង ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ បឹង​នេះ​ប​ច្ចប្ប​ន្ន​មាន​ផ្ទៃ​រួម​តូច​ព្រោះតែ​ត្រូវ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​ខ្លះ​នោះ​បាន​ឃុបឃិត​ជាមួយ​ស្ថាប័ន​ជំនាញ បាន​ចាក់​ដី​ទន្ទ្រាន​កាន់កាប់​ធ្វើ​កម្មសិទ្ធិឯកជន​អនាធិបតេយ្យ ចង់​អស់​៥០​ភាគរយ​ទៅ​ហើយ ។ ជាមួយនឹង​បញ្ហា​នេះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ណែនាំ​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មាន​រដ្ឋបាល​ជលផល និង​មន្ទីរ​រៀបចំ​ដែនដី​នគរូបណីយកម្ម សំណង់ និង​សុរិយោដី​ជាដើម ឲ្យ​ពិនិត្យ​សើរើ​ការ​កាន់កាប់​ដី នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប​ជា​ថ្មី​ឡើង​វិញ ដើម្បី​ឈាន​ដល់​ថែរក្សា និង​ចុះបញ្ជី​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ៕