ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ជប៉ុន​បង្ហាញ​ឆន្ទៈ​ចង់​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង

1 ឆ្នាំ មុន

ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក Fumio Kishida កាលពី​ថ្ងៃ​អង្គារ ទី ២០ កញ្ញា បាន​បន្ត​លើក​ឡើង​

ជប៉ុន ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក Fumio Kishida កាលពី​ថ្ងៃ​អង្គារ ទី ២០ កញ្ញា បាន​បន្ត​លើក​ឡើង​ពី​សំណើរ​របស់​លោក​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong-un ខណៈ​ភាព​តានតឹង​កើនឡើង​ជុំវិញ​កម្មវិធី​អា​វុ​.​ធ​ប្រល័យ​លោក​របស់​របប​ព្យុ​ង​យ៉ាង​។

ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក Kishida បាន​និយាយ​ថា ប្រទេស​ជប៉ុន​នៅ​តែ​ឈរ​លើ​ការទូត​ដែល​បាន​កំណត់​កាលពី​ពីរ​ទសវត្សរ៍​មុន​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី Junichiro Koizumi ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ទៅ​កាន់​ទីក្រុង​ព្យុ​ង​យ៉ាង​។

លោក​ថ្លែង​ដូច្នេះ​ថា «​ជប៉ុន​បាន​ត្រៀមខ្លួន​ដើម្បី​ចូលរួម​ក្នុង​កិច្ច​សន្ទនា​លើ​បញ្ហា​ព្រួយបារម្ភ​ទៅ​វិញ​ទៅ​មក​។ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ជួប​ជាមួយ​ប្រធាន Kim Jong-un ដោយ​គ្មាន​លក្ខខណ្ឌ​ណាមួយ​ឡើយ និង​មិន​ខកខាន​ឱកាស​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​ការ​លះបង់​ទាំងអស់​របស់ខ្ញុំ​ឡើយ»​។

ការ​បង្ហាញ​ពី​បំណង​របស់​លោក Fumio Kishida ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​កើតឡើង​ក្រោយ​ពេល​កូរ៉េ​ខាងជើង​បាន​អនុម័ត​ច្បាប់​កាលពី​ពេល​ថ្មី​ៗ​នេះ ពី​ការ​ប្រើប្រាស់​អា​វុ​.​ធ​នុយក្លេអ៊ែរ​របស់​ខ្លួន និង​ប្រកាស​គ្មាន​ការ​ចរចា​រំសាយ​អា​វុ​.​ធ​។

សូម​រម្លឹក​ថា Kim Jong-un ធ្លាប់​ជួប​គ្នា​ចំនួន ៣​ដង​ជាមួយនឹង​ប្រធានាធិបតី​អា​មេ​រិ​ក ​លោក Donald Trump ដោយ​ជំនួប​នោះ​បាន​កាត់​បន្ថយ​ភាព​តានតឹង ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​អចិន្ត្រៃយ៍​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុ​ង​យ៉ាងនោះ​ទេ​។

រដ្ឋបាល​របស់​លោក Joe Biden បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​សម្រាប់​ការ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង ប៉ុន្តែ​កូរ៉េ​ខាងជើង​ហាក់​មាន​ចំណាប់អារម្មណ៍​តិចតួច​ប៉ុណ្ណោះ​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ